លោក ជាម យៀប ទទួល​គោរមងារ​ជា​«​កិត្តិ​សេដ្ឋា​បណ្ឌិត​» ខណៈ​លោក អុឹម ឈុនលឹម ជា​«​កិត្តិ​នីតិកោសល​បណ្ឌិត​»
ជាតិ
លោក ជាម យៀប ទទួល​គោរមងារ​ជា​«​កិត្តិ​សេដ្ឋា​បណ្ឌិត​» ខណៈ​លោក អុឹម ឈុនលឹម ជា​«​កិត្តិ​នីតិកោសល​បណ្ឌិត​»
15, Nov 2019 , 9:19 pm        
រូបភាព
រាប់ពីឆ្វេងទៅ! លោក អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ និងលោក ជាម យៀប តំណាងរាស្រ្តគណបក្សប្រជាជនកម្ពុជា មណ្ឌលព្រៃវែង
រាប់ពីឆ្វេងទៅ! លោក អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ និងលោក ជាម យៀប តំណាងរាស្រ្តគណបក្សប្រជាជនកម្ពុជា មណ្ឌលព្រៃវែង
​ភ្នំពេញ​៖ លោក ជាម យៀប តំណាងរាស្ត្រ​មណ្ឌល​ព្រៃវែង​នៃ​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​គណៈកម្មការ​ទី​២​នៃ​រដ្ឋសភា ទទួលបាន​គោរមងារ​កិត្តិយស នៃ​រាជបណ្ឌិត្យសភាកម្ពុជា ជា​«​កិត្តិ​សេដ្ឋា​បណ្ឌិត​»​។ ចំណែក​លោក អ៊ឹម ឈុនលឹម ប្រធាន​ក្រុមប្រឹក្សាធម្មនុញ្ញ ទទួលបាន​គោរមងារ​កិត្តិយស នៃ​រាជបណ្ឌិត្យសភាកម្ពុជា ជា​«​កិត្តិ​នីតិកោសល​បណ្ឌិត​» ក្រោម​ការ​ត្រាស់បង្គាប់​របស់​ព្រះមហា​ក្រ​ត្ស នរោត្តម សីហមុនី​។ នេះ​បើតាម​ព្រះរាជក្រឹត្យ​ចុះហត្ថលេខា​ដោយ​ព្រះ​មហាក្រ​ត្ស​នៅ​ថ្ងៃទី​៩ វិច្ឆិកា ឆ្នាំ​២០១៩​។


 
​មុននឹង​និយាយ​ពី​គោរមងារ​កិត្តិយស​នេះ យើង​គួរស្វែងយល់​ពី​ពាក្យ​ថា «​កិត្តិ​សេដ្ឋា​បណ្ឌិត​» មកពី​ពាក្យ​ថា កិត្តិ + សេដ្ឋា + បណ្ឌិត​។​
 
​កិត្តិ «​បា​.; សំ​»   ( ន​. ) (​កិរ្តិ ) សេចក្ដី​សរសើរ​, សេចក្ដី​ថ្កុំថ្កើង​, រុងរឿង​, ល្បីល្បាញ ។​
​សេដ្ឋ ឬ សេដ្ឋា «​បា​.; សំ​»  ( គុ​. ) ប្រសើរ​ផុត​, ប្រសើរ​លើសលុប​, ឧដុង្គឧត្តម​, ខ្ពង់ខ្ពស់​។​
​បណ្ឌិត   «​បា​»  ( ន​. )  ជន​អ្នកមាន​ប្រាជ្ញា​, ជន​ប្រព្រឹត្ត​ល្អ គឺ​អ្នក​កាន់​សុចរិត ១០ ប្រការ​, ឬ​ដោយ​ពិស្ដារ​, ជន​ប្រកាន់​សុចរិត ៤០ ប្រការ​ដោយ​ខ្ជាប់ខ្ជួន​ហ្មត់ចត់​ជានិច្ច​; អ្នកប្រាជ្ញ​ខាង​ផ្លូវ​សុចរិតយុត្តិធម៌​
 
​ដូច្នេះ​គោរមងា​«​កិត្តិ​សេដ្ឋា​បណ្ឌិត​» ដែល​លោក ជាម យៀប តំណាង​មណ្ឌល​ព្រៃវែង​រូបនេះ ទទួលបាន​ពី​ព្រះមហាក្សត្រ មានន័យថា បណ្ឌិត​ដ៏​ប្រសើរ​ឬ​ដ៏​ឧដុង្គឧត្តម និង​ប្រកបដោយ​កិត្តិយស​។​
 
​ងាក​មក​លោក អ៊ឹម ឈុនលឹម ប្រធាន​ក្រុមប្រឹក្សាធម្មនុញ្ញ ដែល​ទទួលបាន​គោរមងារ​កិត្តិយស នៃ​រាជបណ្ឌិត្យសភាកម្ពុជា ជា​«​កិត្តិ​នីតិកោសល​បណ្ឌិត​» ក្រោម​ការ​ត្រាស់បង្គាប់​ពី​ព្រះ​មហាក្រ​ត្យ នរោត្តម សីហមុនី វិញ​។ 
 
​ពាក្យ​ថា «​កិត្តិ​នីតិកោសល​បណ្ឌិត​» មកពី​ពាក្យ កិត្តិ + នីតិ + កោសល + បណ្ឌិត​។ 
​នីតិ ប្រែ​ថា ច្បាប់​, ឧបាយ​ជា​គ្រឿង​ណែនាំ​; បែបផែន​; ទំនឹមទំនៀម​, ប្រពៃណី ។​
​កោសល ឬ​កុសល ប្រែ​ថា ល្អ​, ប្រពៃ​, បុណ្យ តែ​ក្នុង​ទីនេះ អាច​សំដៅថា ប៉ិនប្រសប់​, ឈ្លាស​វាងវៃ​។ 
 
​ដូច្នេះ​ពាក្យ​ថា «​កិត្តិ​នីតិកោសល​បណ្ឌិត​» ដែល​លោក អ៊ឹម ឈុនលឹម ទទួលបាន​នេះ មានន័យថា បណ្ឌិត ដែល​ប្រកបទៅដោយ​កិត្តិយស និង​មាន​ភាពឈ្លាសវៃ ឬ​មាន​ជំនាញ​ខ្ពស់​ផ្នែក​ច្បាប់​។​
 
​គោរមងារ​«​កិត្តិ​សេដ្ឋា​បណ្ឌិត​» និង​«​កិត្តិ​នីតិកោសល​បណ្ឌិត​» ដែល​បាន​ច្របាច់​បញ្ចូល​គ្នា​នេះ គឺជា​ពាក្យ​បំបែក និង​ញែក​ពីគ្នា ដែលមាន​ការពន្យល់​ទៅតាម​ពាក្យ​នីមួយៗ នៅក្នុង​វចនានុក្រម​របស់​សម្ដេច​ព្រះសង្ឃរាជ ជួន ណាត​។ ប៉ុន្តែ​សម្រាប់​ពាក្យ​ទាំងមូល​តែម្ដង គឺ​គ្មាន​នៅក្នុង​វចនានុក្រម​សម្ដេច​សង្ឃ​ឡើយ​៕

Tag:
 គោរមងារ​បណ្ឌិត
© រក្សាសិទ្ធិដោយ thmeythmey.com