World Cup៖ Lippi លាលែង​ពី​តំណែង​លើក​ទី​២ ក្រោយ​ចិន​ឃ្លាត​ពី​កៅអី​ស្វ័យប្រវត្តិ​ទៅ​វគ្គ​បន្ត
FIFA
កីឡាអន្តរជាតិ
អន្តរជាតិ
World Cup៖ Lippi លាលែង​ពី​តំណែង​លើក​ទី​២ ក្រោយ​ចិន​ឃ្លាត​ពី​កៅអី​ស្វ័យប្រវត្តិ​ទៅ​វគ្គ​បន្ត
15, Nov 2019 , 9:39 pm        
រូបភាព
​លោក Marcello Lippi បាន​លាឈប់​ពី​តំណែង​គ្រូបង្វឹក​ក្រុម​ជម្រើស​ជាតិចិន បន្ទាប់ពី​ដឹកនាំ​ក្រុម​ចាញ់​ស៊ី​រី ២-១ ក្នុងការ​ប្រកួត​វគ្គ​ជម្រុះ World Cup 2020 ជុំ​ទី​២​។ ជ័យជម្នះ​របស់​ស៊ី​រី ដែល​ធ្វើឡើង​នៅ​ទឹកដី​កណ្តាល​ក្នុង​ក្រុង​ឌូ​បៃ ប្រទេស​អេ​មី​រ៉ា​ត​អារ៉ាប់​រួម​នៅ​ថ្ងៃទី​១៤ ខែវិច្ឆិកា បាន​បង្កើន​គម្លាត​ពិន្ទុ​លើស​ចិន​ដល់​ទៅ​៥​ពិន្ទុ​។​


​បរាជ័យ​លើកដំបូង​របស់​ចិន​ក្នុង​ពូ​ល A ជា​ជ័យជម្នះ​របស់​ស៊ី​រី​គ្រប់ការ​ប្រកួត​ក្នុង​វគ្គ​ជម្រុះ​តាម​ពូ​ល​នៅ​តំបន់​អាស៊ី​នេះ​។ បើ​ទោះ​ត្រូវ​លេង​នៅ​ទឹកដី​កណ្តាល ដ្បិត​ប្រទេស​ជួប​វិបត្តិ​នយោបាយ ស៊ី​រី​នៅតែ​អាច​រក្សា​ភាព​ឈ្នះ​របស់ខ្លួន​ជា​លើក​ទី​៤ ដោយ​ទទួលបាន​ពិន្ទុសរុប​១២​ពិន្ទុ​ពេញ​។ ចិន ដែល​ប្រកួត​ឈ្នះ​២ ស្មើ​១ និង​ចាញ់​១ ឈរ​លេខ​រៀង​ទី​២ មាន​៧​ពិន្ទុ តាម​ពីក្រោយ​ដោយ​ហ្វីលីពីន​ដែលមាន​៧​ពិន្ទុ​ដូចគ្នា​តែ​ចាញ់​គ្រាប់​ស៊ុត​។ ហ្វីលីពីន យកឈ្នះ​ម៉ា​ល់​ឌី​វ ២-១ ក្នុងជំនួប​ទី​៤ របស់ខ្លួន​។​
 
​គម្លាត​រហូតដល់​៥​ពិន្ទុ​នេះ បានធ្វើ​ឲ្យ​គ្រូ​សញ្ជាតិ​អ៊ីតាលី Lippi សម្រេច​ចុះចេញ​ពី​កៅអី​គ្រូបង្វឹក​ចិន​ជា​លើក​ទី​២ បន្ទាប់ពី​ឡើងទៅ​ដឹកនាំ​ជាថ្មី​បាន​ត្រឹម​រយៈពេល​៦​ខែ ពោលគឺ​កាលពី​ខែឧសភា​កន្លងទៅ​។​


 
​បុរស​វ័យ ៧១​ឆ្នាំ ដែល​ជួយ​ជម្រើសជាតិ​អ៊ីតាលី​ឈ្នះ​ពាន World Cup ឆ្នាំ​២០០៦ ក្លាយជា​គ្រូ​ចិន​លើកដំបូង​ក្នុង​ខែវិច្ឆិកា ឆ្នាំ ២០១៦ ហើយ​លែង​លែង​ពី​តំណែង​វិញ ក្រោយ​ដឹកនាំ​ចិន​ធ្លាក់​ត្រឹម​វគ្គ ១/៤ ផ្តាច់ព្រ័ត្រ​ពានរង្វាន់ Asian Cup និង​ខកខាន​ជួយ​ក្រុម​ពី​តំបន់​អាស៊ី​នេះ​ទៅ​បង្ហាញខ្លួន​ក្នុងការ​ប្រកួត World Cup នៅ​រុស្ស៊ី​ក្នុង​ឆ្នាំ​២០១៨​។​
 
«​ពួកគេ [​ស៊ី​រី​] លេង​បានល្អ​ជាង​យើង ហើយ​សម​នឹង​ទទួលបាន​ជ័យជម្នះ​នេះ​។ ខ្ញុំ​ទទួលខុសត្រូវ​ទាំងស្រុង​ចំពោះ​បរាជ័យ​នេះ ដោយ​ប្រកាស​លាលែង​ពី​តំណែង​គ្រូបង្វឹក​ជា​ផ្លូវការ​នៅពេលនេះ​តែម្តង​»​។ លោក Lippi លើកឡើង​បែបនេះ​នៅ​ក្រុង​ឌូ​បៃ នៅក្រោយ​បញ្ចប់​ការប្រកួត​ភ្លាមៗ​។​
 
​ចិន ពិតជា​ចង់​ឲ្យ​វិស័យ​កីឡាបាល់ទាត់​របស់​ពួកគេ​រីកចម្រើន​ដូច​ប្រទេស​ខ្លាំងៗ​ដទៃ ដោយ​ហ៊ាន​ចំណាយ​ប្រាក់​ដ៏​ច្រើនសន្ធឹក​ដើម្បី​អភិ​វ​ឍ្ឍ​តាមរយៈ​ការនាំយក​អ្នក​ដែលមាន​ឈ្មោះ​ល្បីៗ​ទៅ​បំផុសគំនិត​កីឡាករ​របស់​ពួកគេ​ដើម្បី​ឈានដល់​កម្រិត​ខ្ពស់​មួយ​។ តួយ៉ាង​ដូចជា​លោក Lippi នេះ​គឺ​ចិន​ត្រូវ​ចំណាយ​ប្រាក់​រាប់សិប​លាន​ដុល្លារ​ក្នុង​មួយឆ្នាំៗ​។ អ្វី​ទាំងអស់នេះ លោក Lippi ពិតជា​យល់ច្បាស់​រហូត​លះបង់​តំណែង​៕

Tag:
 Marcello Lippi
  ចិន​
  World Cup
© រក្សាសិទ្ធិដោយ thmeythmey.com