អន្តរជាតិ
​រៀបការ​ដោយ​ស្លៀកពាក់​សាមញ្ញ ព្រោះ​សុភមង្គល​មិនមែន​កើត​ចេញពីការ​​តុបតែងឡើយ​
16, Nov 2019 , 9:29 am        
រូបភាព
ដោយ: ធីតា
​ខោ​ធម្មតា អាវយឺត សម្រាប់​អាពាហ៍ពិពាហ៍​គឺ​សមរម្យ​បំផុត​ហើយ​សម្រាប់​កូន​ក​ម្លោះ Glen Maxwell និង​កូនក្រមុំ Rebecca​។ តាម​ការផ្សាយ​របស់ Metro UK គូស្នេហ៍​វ័យក្មេង​អង់គ្លេស​នេះ ចង់​បង្ហាញថា ការចំណាយ​លុយ​ដ៏​ច្រើនសន្ធឹក​សន្ធាប់​លើ​សម្លៀកបំពាក់ មិនមែនជា​ប្រភព​នៃ​សុភមង្គល​ពិតប្រាកដ​ឡើយ ផ្ទុយទៅវិញ គឺ​ទឹកចិត្ត​ដែល​ស្រឡាញ់គ្នា​ទើប​រក្សា​ចំណងអាពាហ៍ពិពាហ៍​យូរអង្វែង​។​

 
Glen អាយុ​៣០​ឆ្នាំ និង Rebecca អាយុ​២៦​ឆ្នាំ បាន​ភ្ជាប់ពាក្យ​តាំងពី​ពាក់កណ្តាល​ឆ្នាំ​២០១៦​មក ហើយ​ទើបតែ​សម្រេចចិត្ត​រៀបការ​កាលពីពេល​ថ្មី​កន្លងមកនេះ បន្ទាប់ពី​ពួកគេ​មានកូន​ស្រី [Eleanor] ដ៏​ស្រស់ស្អាត​ម្នាក់​។ ពិធី​អាពាហ៍ពិពាហ៍​របស់​ពួកគេ​មាន​ភ្ញៀវ​៤០​នាក់​ហើយ​សុទ្ធតែ​ស្លៀកពាក់​ខោជើងវែង និង​អាវយឺត ដូចៗ​គ្នា​។​


 
​ការចំណាយ​ថវិកា និង​ការគិតគូ​រើស​ឈុត​អាពាហ៍ពិពាហ៍​ពិតជា​ស្មុគស្មាញ និង​ឈឺក្បាល​ខ្លាំង​។ ថ្ងៃមួយ Glen បាន​និយាយប្រាប់​ទៅ Rebecca ថា​៖ «​យើង​គ្រាន់តែ​ស្លៀកពាក់​ខោ​វែង និង​អាវយឺត​ទៅបាន​ហើយ​នៅពេល​រៀបការ ហើយ​បង​នៅតែ​ស្រឡាញ់​អូន​»​។​


 
Rebecca ក៏​មិន​យល់​ទាស់​អ្វី​នោះដែរ ហើយ​អ្នក​ទាំងពីរ​ក៏បាន​ចូលរួម​កាត់បន្ថយ​ការឈឺ​ក្បាល​របស់​ភ្ញៀវ​ផងដែរ ដោយ​ស្នើ​ឲ្យ​ពួកគេ​មិនចាំបាច់​ស្លៀកពាក់​ឆើតឆាយ​នោះឡើយ ដោយ​គ្រាន់តែ​ខោ​វែង និង​អាវយឺត ជាការ​ស្រេច​។ 
 
​ដំបូង​ឡើយ​ពួកគេ​មាន​គម្រោង​រៀបការ​ចំ​អំឡុងពេល​ណូអែល ដែល​ត្រូវ​ចំណាយ​ប្រមាណ​១៤០០០​ផោន  ប៉ុន្តែ​ក្រោយ​ពួកគេ​សម្រេច​ទៅ​រៀបចំ​នៅ​តំបន់ Darlington វិញ ដោយមាន​ភ្ញៀវ​៤០​នាក់ ហើយ​ភាគច្រើន​ជា​គ្រួសារ​សាច់ញាតិ​សងខាង​។ 


 
​ពួកគេ​ចំណាយ​លើ​កម្មវិធី​ត្រឹមតែ​២៥០​ផោន​ប៉ុណ្ណោះ រីឯ​ម្ហូបអាហារ​ចំណាយ​អស់​៤០០​ផោន នំ​ខេ​ក ៣៥​ផោន ខោអាវ​១៥០​ផោន ផ្កា​២០០​ផោន និង​ថ្លៃ​ផាត់មុខ Rebecca ៧០​ផោន​។ និយាយ​រួម​ក្នុង​ពិធី​ទាំងមូល អ្នក​ទាំងពីរ​ចំណាយ​ក្នុង​រង្វង់​ត្រឹម​១ ១០៥​ផោន​ប៉ុណ្ណោះ​។​
 
Rebecca បានបង្ហាញ​អារម្មណ៍​ថា ថ្ងៃ​ដ៏​ពិសេស​មិនមែន​ផ្តោតលើ​សម្លៀកបំពាក់​ឡូយឆាយ​នោះឡើយ ប៉ុន្តែ​ជា​សេចក្តី​ស្រឡាញ់គ្នា​ទៅវិញទៅមក​៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com