ជាតិ
សេដ្ឋកិច្ច
អង្គការ Gret នាំ​អ្នកកាសែត​៩​ស្ថាប័ន ស្វែងយល់​ពី​«​បច្ចេកទេស​កសិកម្ម​អភិរក្ស​»​នៅ​បាត់ដំបង​
15, Nov 2019 , 4:45 pm        
រូបភាព
ដោយ: ថ្មីៗ
​បាត់ដំបង​៖ អ្នកសារព័ត៌មាន​ជាតិ​ចំនួន​១៤​រូប មកពី​ស្ថាប័ន​ចំនួន​៩ មក​ទស្សនកិច្ច «​បច្ចេកទេស​កសិកម្ម​អភិរក្ស​» នៅ​ស្រុក​រតនមណ្ឌល ខេត្តបាត់ដំបង នា​ថ្ងៃទី​១៥ វិច្ឆិកា ឆ្នាំ​២០១៩ តាមរយៈ​អង្គការ Gret ។ បើតាម​លោក ប៉ាត សុវណ្ណ មន្ត្រី​បច្ចេកទេស​កសិកម្ម​នៃ​អង្គការ Gret ក្នុង​ដំណើរ​ទេស្សន​កិច្ច​នេះ អ្នកសារព័ត៌មាន​ទាំងនោះ នឹង​ស្វែងយល់​អំពី​វិធីសាស្ត្រ​កសិកម្ម​បន្ស៊ាំ​នឹង​ការប្រែប្រួល​អាកាសធាតុ​, ការរក្សា​សំណើម​ដី​, ការការពារ​សំណឹក​ដី និង​ការកែលំអរ​ដី​ឱ្យមាន​គុណភាព​។

 
​លោក ប៉ាត សុ​វណ្ណា ប្រាប់​សារព័ត៌មាន​ThmeyThmey25 ថា ក្នុង​ដំណើរ​ទស្សនកិច្ច​រយៈពេល​មួយថ្ងៃ​ពេញ​នៅ​បាត់ដំបង​នេះ អ្នកសារព័ត៌មាន​ក្រៅពី​យល់ដឹង​បច្ចេកទេស​កសិកម្ម​អភិរក្ស​ហើយ​នោះ នឹង​ទទួលបាន​ចំណេះដឹង និង​ព័ត៌មាន​បច្ចេកទេស​ថ្មីៗ រួមជាមួយ​នឹង​បញ្ហា​នានា​នៃ​វិស័យ​កសិកម្ម តាមរយៈ​អ្នកជំនាញ​កសិកម្ម និង​កសិករ​ផ្ទាល់​តែម្តង​។ មន្ត្រី​កសិកម្ម​នៃ​អង្គការ Gret រូបនេះ បានបញ្ជាក់​ដូច្នេះ​៖«​កសិកម្ម​អភិរក្ស ដែល​កសិករ​ខេត្តបាត់ដំបង​កំពុង​អនុវត្ត គឺជា​បច្ចេកទេស​កសិក​ម្ម​ថ្មី​មួយ​ជួយ​ដល់​កសិករ​ដែល​កំពុង​ជួបប្រទះ​នឹង​ការប្រែប្រួល​អាកាសធាតុ ដោយ​នៅពេល​មាន​ភាព​រាំង​ស្ងូ​ត បច្ចេកទេស​កសិកម្ម​ថ្មី​នេះ នឹងធ្វើ​ឱ្យ​ដំណាំ​យើង​ធន់​នឹង​ការប្រែប្រួល​អាកាសធាតុ តាមរយៈ​ការដាំ​ដំណាំ​គម្រប​ដី​»​។ 


 
​លោក​បាន​បន្ថែមទៀតថា កសិកម្ម​បន្ស៊ាំ​នឹង​ការប្រែប្រួល​អាកាសធាតុ​លើ​បច្ចេកទេស​កសិកម្ម​អភិរក្ស      គឺជា​ការអនុវត្ត​រប​ស់​នាយកដ្ឋាន​កសិកម្ម និង​នាយកដ្ឋាន​កែលំអរ​គុណភាព​នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​។ សូម​ជំរាប​ថា អ្នកសារព័ត៌មាន​១៤​រូប មកពី​ស្ថាប័ន​ចំនួន​៩ ដែល​អញ្ជើញ​មកពី​រាជធានី​ភ្នំពេញ និង​បណ្តា​ខេត្ត​នានា ដែល​ដឹកនាំ​ដោយ​អង្គការ Gret នោះ​មាន​៖ សារព័ត៌មាន​អេឡិចត្រូនិក​ថ្មីៗ (ThmeyThmey), សារព័ត៌មាន Click News, ទូរទស្សន៍​អប្សរា​, វិទ្យុជាតិ​នៅ​រាជធានី​ភ្នំពេញ និង​ខេត្តរតនគិរី​, វិទ្យុ​យុវជន​ជំនាន់​ថ្មី​, វិទ្យុ​កម្សាន្ត​ខេត្តកំពង់ធំ​, វិទ្យុ​មណ្ឌលគិរី និង​វិទ្យុ WVC ខេត្តក្រចេះ​៕















Tag:
 ដំណាំ​
  កសិកម្ម​អភិរក្ស​
  ការប្រែប្រួល​អាកាសធាតុ​
  អង្គការ Gret
© រក្សាសិទ្ធិដោយ thmeythmey.com