មហា​ធៀ ទាមទារ​ការបកស្រាយ​របស់​អាមេរិក​ជុំវិញ​ការទម្លាក់​កម្រិត​សុវត្ថិភាព​អាកាសចរណ៍​ម៉ាឡេស៊ី​
អន្តរជាតិ
មហា​ធៀ ទាមទារ​ការបកស្រាយ​របស់​អាមេរិក​ជុំវិញ​ការទម្លាក់​កម្រិត​សុវត្ថិភាព​អាកាសចរណ៍​ម៉ាឡេស៊ី​
15, Nov 2019 , 5:11 pm        
រូបភាព
មហាធៀ មហាម៉ាត់ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី
មហាធៀ មហាម៉ាត់ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី
​ម៉ាឡេស៊ី ទាមទារ​ឲ្យ​មានការ​បកស្រាយ​ពី​សំណាក់​រដ្ឋបាល​អាកាសចរណ៍​សហព័ន្ធរ​បស់​សហរដ្ឋអាមេរិក (FAA) ពាក់ព័ន្ធ​ការទម្លាក់​កម្រិត​សុវត្ថិភាព​ផ្លូវអាកាស​របស់​ម៉ាឡេស៊ី ។ លោកនាយក​រដ្ឋមន្ត្រី មហា​ធៀ មហាម៉ាត់ បញ្ជាក់​បែបនេះ នៅ​ថ្ងៃ​១៤ វិច្ឆិកា ។

 
​លោក មហា​ធៀ បញ្ជាក់ថា ការបកស្រាយ​សម្រាប់​ការទម្លាក់​ពី​ប្រភេទ​ទី ១ (Category 1) ទៅកាន់​ប្រភេទ​ទី​២ (Category 2) គឺមាន​សារសំខាន់ ខណៈ​វា​នឹង​អនុញ្ញាត​ឲ្យ​ប្រទេស​ម៉ាឡេស៊ី​កែលម្អ​បញ្ហា និង​ពង្រឹង​ភាពទន់ខ្សោយ​។ 
 
«​យើង​ចង់ដឹង​មូលហេតុ​នៅ​ពីក្រោយ​ការទម្លាក់​នេះ ដូច្នេះ​ម៉ាឡេស៊ី​អាច​ស្វះ​ស្វែងរក​មធ្យោបាយ​ពង្រឹង​ស្ថានការណ៍​។ ប្រសិនបើ​ពួកគេ​និយាយថា យើង​គ្មាន​ប្រសិទ្ធភាព នោះ ហេតុម្ដេច​យើង​បានប្រែក្លាយ​អាកាសយានដ្ឋាន​អន្តរជាតិ​គូ​ឡា​ឡាំ​ពួ (KLIA) ទៅជា​អាកាសយានដ្ឋាន​មួយ​ក្នុងចំណោម​អាកាសចរណ៍​ធំ​បំផុត​ទាំង​២០​លើ​ពិភពលោក​»​។ លោក មហា​ធៀ និយាយ​បែបនេះ ដោយ​ដកស្រង់​ផ្សាយ​លើ​ទីភ្នាក់ងារ​ព័ត៌មាន Bernama ។​
 
​លោកនាយក​រដ្ឋមន្ត្រី​វ័យ​៩៤​ឆ្នាំ​រូបនេះ បញ្ជាក់ទៀតថា ម៉ាឡេស៊ី ក៏បាន​ទទួល​ការអញ្ជើញ​ពី​បណ្តា​ប្រទេស​ដទៃ​ទៅគ្រប់​គ្រង​អាកាសយានដ្ឋាន​ពួកគេ​ដែរ​។ លោក​បន្ថែមថា អ្នកបើក​យន្តហោះ​ម៉ាឡេស៊ី ត្រូវបាន​ទទួល​ឲ្យ​ចូល​បម្រើការ​ក្នុងប្រទេស​ដូចជា ឥណ្ឌូណេស៊ី និង​ចិន​។ លោក អួត​ទៀតថា ប្រជាពលរដ្ឋ​ម៉ាឡេស៊ី ត្រូវបានគេទទួលស្គាល់​ថា ជា​មនុស្ស​មាន​សមត្ថភាព​។ 
 
«​ប្រសិនបើ​ពលរដ្ឋ​យើង​ទៅធ្វើ​ការ​នៅក្រៅ​ប្រទេស ពួកគេ​ពុំ​ធ្វើការ​ជា​ពលករ​គ្មាន​ជំនាញ​ឡើយ ក៏ប៉ុន្តែ​មាន​ជំនាញ​ច្បាស់លាស់ ដូចជា អ្នកបើកបរ​យន្តហោះ​, វិស្វករ និង​អ្នក​គូស​ប្លង់​ជាដើម ហើយ​ទទួលបាន​ប្រាក់បៀវត្ស​ដូច​អ្នកធ្វើ​ការជំនាញ​មកពី​តំបន់​អឺរ៉ុប​»​។ លោក មហា​ធៀ លើកឡើង​បែបនេះ​។ 
 
​សូមបញ្ជាក់ថា រដ្ឋបាល​អាកាសចរណ៍​សហព័ន្ធរ​បស់​អាមេរិក បាន​ទម្លាក់​អាជ្ញាធរ​អាកាសចរណ៍​ស៊ីវិល​ម៉ាឡេស៊ី (CAAM) ទៅកាន់​ប្រភេទ​ទី​២ នៃ​និយតករ​អាកាសចរណ៍ បន្ទាប់ពី​មានការ​ត្រួតពិនិត្យ​ពី​អាជ្ញាធរ​អាមេរិក​ក្នុង​ខែ មេសា កន្លងទៅ​។ ជា​លទ្ធផល​នៃ​ការទម្លាក់​នេះ ក្រុមហ៊ុន​អាកាសចរណ៍ ដែល​ទទួលបាន​អាជ្ញា​បណ្ណ​ពី CAAM ត្រូវបាន​រាយការណ៍​ថា រង​ការ​រឹតត្បិត​ពី​ការបន្ថែម​ផ្លូវ​ថ្មី​ទៅ​និង​មកពី​សហរដ្ឋអាមេរិក​៕

Tag:
 ​សហរដ្ឋអាមេរិក​
  មហា​ធៀ​មហាម៉ាត់
© រក្សាសិទ្ធិដោយ thmeythmey.com