ជាតិ
អចលនទ្រព្យ
២៥ខេត្ត/រាជធានី
ប្រមុខ​រដ្ឋាភិបាល​៖ ខេត្ត​ព្រះសីហនុ អាច​ក្លាយជា​មូលដ្ឋាន​ហិរញ្ញវត្ថុ​នាពេល​អនាគត​
16, Nov 2019 , 9:14 am        
រូបភាព
ដោយ: ថ្មីៗ
សម្តេច ហ៊ុន សែន រំពឹងថា ខេត្ត​ព្រះសីហនុ នឹង​ក្លាយជា​មូលដ្ឋាន​ហិរញ្ញវត្ថុ​នាពេល​អនាគត​។ ប្រមុខ​រដ្ឋាភិបាល​មានប្រសាសន៍​យ៉ាង​ដូច្នេះ នា​ពិធីបើកការដ្ឋាន​សាងសង់​ផ្លូវ​៣៤​ខ្សែ ក្នុង​ក្រុងព្រះសីហនុ នា​ព្រឹក​ថ្ងៃ​សៅរ៍ ទី​១៦ ខែវិច្ឆិកា​។​



«​មើល​លើ​អគារ​ស្អាត នៅក្រោម​សុទ្ធតែ​ភក់​»​។ នេះ​ជាការ​កត់សម្គាល់​របស់​សម្តេច ហ៊ុន សែន ស្តីពី​ស្ថានភាព​បច្ចុប្បន្ន​របស់​ខេត្ត​ព្រះសីហនុ ដោយ​សម្តេច​ជឿជាក់ថា ក្រោយ​ដំណើរ​ការសាងសង់​ផ្លូវ​រួចរាល់ ខេត្ត​ពហុ​បំណង​មួយ​នេះ មិន​ត្រឹមតែ​ជា​តំបន់​នៃ​ការដឹកជញ្ជូន ផែ​ទឹក​ជ្រៅ ឧស្សាហកម្ម និង​សេវា ប៉ុណ្ណោះ​ទេ ថែមទាំង​ក្លាយជា​តំបន់​មូលដ្ឋាន​ហិរញ្ញវត្ថុ​នាពេលខាងមុខ ដូចជា​ហុងកុង សៀង​ហៃ ជាដើម​។​

​ការកសាង​ផ្លូវ​នៅ​ខេត្ត​ព្រះសីហនុ គឺ​អនុវត្តតាម​យុទ្ធសាស្ត្រ​ស្លឹកត្នោត ខ្ចប់​ស្ករត្នោត ដែល​មានន័យថា ជាតិ​បាន​ប្រើប្រាស់​ថវិកា​សន្សំ​រដ្ឋាភិបាល និង​ថវិកា​មួយចំនួន​នៅ​ខេត្ត​ព្រះសីហនុ​ផ្ទាល់​ដើម្បី​កសាង​ហេ​រដ្ឋា​រចនាសម្ព័ន្ធ​។

​សម្រាប់​គម្រោង​សាង​សាង់​ផ្លូវ​៣៤​ខ្សែ​ដែលមាន​៨៤​គីឡូម៉ែត្រ ត្រូវ​ចំណាយ​ថវិកា​ប្រមាណ​២៩៤​លាន​ដុល្លារ​អាមេរិក ក្នុង​ថវិកា​អាទិភាព​ពី​រដ្ឋាភិបាល​ចំនួន​១០០​លាន​ដុល្លារ​អាមេរិក ដោយ​ប្រើពេល​សាងសង់​រយៈពេល​៨​ខែ​។ ក្រុមហ៊ុន​សាងសង់​ចំនួន​៨ ទទួលបន្ទុក​លើ​គម្រោង​នេះ​។​

​លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ជា​គ្រប់គ្រង​ផ្នែក​ថវិកា រីឯ​រដ្ឋមន្ត្រី​ផ្សេងទៀត​ទទួលបន្ទុក​ផ្នែក​បច្ចេកទេស ក្នុងនោះ​រួមមាន លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់​លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​។​

សម្តេច ហ៊ុន សែន បាន​គូសបញ្ជាក់ថា ការកសាងផ្លូវ​៣៤ខ្សែនៅខេត្តព្រះសីហនុនេះ នឹងផ្តល់នូវលំហរសាធារណៈប្រកបដោយសុវត្ថិភាព សមធម៌ និងមេត្រីភាព ការ​ជំរុញកំណើន​សេដ្ឋកិច្ច និងការបង្ហាញពីគុណភាពនគរូបនីយដ្ឋាន ក៏ដូចជាបរិស្ថាន៕



© រក្សាសិទ្ធិដោយ thmeythmey.com