ជាតិ
២៥ខេត្ត/រាជធានី
អង្គការ ADF បណ្ដុះ​កូនឈើ​ប្រណីត និង​កូនឈើ​ជា​ឱសថ ១៧​ប្រភេទ ដើម្បី​ស្ដារ​ព្រៃឈើ​លើ​ភ្នំ​គូលែន​
16, Nov 2019 , 10:29 am        
រូបភាព
​គូលែន​, សៀមរាប​៖ កូនឈើ​ប្រណីត និង​កូនឈើ ១៧​ប្រភេទ ត្រូវបាន​អង្គការ​មូលនិធិ​បុរាណវិទ្យា និង​ការអភិវឌ្ឍ បណ្ដុះ​សម្រាប់​ដាំ​បន្ថែម​នៅលើ​ខ្នងភ្នំ​គូលែន​។ លោក សេង សំ​រី ប្រធាន​គម្រោង​កម្មវិធី​គំរូ​អនាម័យ និង​សុខភាព និង​ជា​អ្នកថែរក្សា​កូនឈើ​ដែល​បាន​បណ្ដុះ បាន​បញ្ជាក់ថា​៖«​គោលបំណង​ដែល​បណ្ដុះ​កូនឈើ​ប្រណីត និង​កូនឈើ​ជា​ឱសថ​នេះ ដើម្បី​ស្ដារ​ព្រៃ​នៅក្នុង​តំបន់ភ្នំ​គូលែន​ផង និង​ដើម្បី​ការពារ​ឈើ​ប្រភេទ​ជា​ឱសថ​ផង​»​។



​ដើម្បី​ជ្រាប​ច្បាស់ សូម​អញ្ជើញ​ទស្សនា​បទ​សម្ភាស​រវាង​កញ្ញា ញឹក ស្រី​ល័​ក្ខ អ្នកសារព័ត៌មាន ThmeyThmey ជាមួយ​លោក សេង សំ​រី ប្រធាន​គម្រោង​កម្មវិធី​គំរូ​អនាម័យ និង​សុខភាព​លើ​ខ្នងភ្នំ​គូលែន​ដូចតទៅ​៖ 

 

​កូនឈើ​គ្រញូង​, បេង​, នាងនួន​, ធ្នង់​, ស្រឡៅ​, គគីរ​, តាត្រៅ​, ខ្លឹមចន្ទន៍​ក្រស្នា​, ព្រហូត​, គូលែន និង​កូនឈើ​មួយចំនួនទៀត ត្រូវបាន​អង្គការ​មូលនិធិ​បុរាណវិទ្យា និង​ការអភិវឌ្ឍ (ADF) បណ្ដុះ​ដើម្បី​ស្ដារ​ព្រៃឈើ​លើ​ភ្នំ​គូលែន​ឡើងវិញ​។ ក្រៅពី​បណ្ដុះ​កូនឈើ​រាប់ម៉ឺន​ដើម​សម្រាប់​ដាំ​បន្ថែម​លើ​ខ្នងភ្នំ​គូលែន អង្គការ ADF ក៏បាន​បណ្ដុះ​កូនឈើ ដើម្បី​ចែកចាយ​ដល់​ក្រុមហ៊ុន​ផ្សេងៗ ដែលមាន​បំណង​យកទៅ​ដាំ​ផងដែរ​។ 


 
​ក្នុង​បទ​សម្ភាស​ជាមួយ​សារព័ត៌មាន​ថ្មីៗ នៅលើ​ខ្នងភ្នំ​គូលែន លោក សេង សំ​រី ប្រធាន​គម្រោង​កម្មវិធី​គំរូ​អនាម័យ និង​សុខភាព និង​ជា​អ្នកថែរក្សា​កូនឈើ​នៅ​ថ្នាល​បណ្ដុះ​សង្កែ​ឡាក់ បាន​លើកឡើងថា ក្នុងចំណោម​ឈើ​ប្រណីត និង​ឈើ​ជា​ឱសថ​ទាំង ១៧​ប្រភេទ មានតែ​ឈើ​ព្រហូត​ទេ ដែលមាន​ផល​លំបាក​ក្នុង​ការបណ្ដុះ​។ បើតាម​លោក សេង សំ​រី កូនឈើ​ដែល​បណ្ដុះ​នៅក្នុង​ថ្នាល ត្រូវ​ស្រោច​ទឹក ៥​ដង ក្នុង​១​ថ្ងៃ​។ 


 
​គ្រាប់​ពូជឈើ​ប្រណីត និង​កូនឈើ​ជា​ឱសថ​ទាំងនេះ មាន​ប្រភព​នៅលើ​ភ្នំ​គូលែន និង​ខេត្តសៀមរាប​។ លោក សេង សំ​រី បន្ថែមថា នៅ​ថ្ងៃ​ខាងមុខ អង្គការ ADF មាន​គម្រោង​ដាំ និង​បណ្ដុះ​បន្ថែម​។ ក្នុង​ឆ្នាំ​២០១៩​នេះ អង្គការ​មូលនិធិ​បុរាណវិទ្យា និង​ការអភិវឌ្ឍ បាន​ដាំ​កូនឈើ​ចំនួន ១៣០០០​ដើម លើ​ផ្ទៃដី​ចំនួន ១៤​ហិកតា​នៅលើ​ខ្នងភ្នំ​គូលែន​។​


 
​បច្ចុប្បន្ន អង្គការ ADF មាន​ថ្នាល​បណ្ដុះ​កូនឈើ​ចំនួន ៣​កន្លែង ដែល​ទទួល​បានការ​ទំនុកបម្រុង​ពី​ក្រុមហ៊ុន Kulara Water រួមមាន​សាលាបឋមសិក្សា​សង្កែ​ឡាក់​, ភូមិ​តា​ពេញ និង​ភូមិ​អណ្ដូង​ធំ​។ សូមបញ្ជាក់ថា មូលនិធិ​បុរាណវិទ្យា និង​អភិវឌ្ឍ (Archaeology and Development Foundation) គឺជា​អង្គការក្រៅរដ្ឋាភិបាល​មិន​រកប្រាក់​ចំណូល​ដែល​បានធ្វើការ​លើ​កម្មវិធី​មួយ​ឈ្មោះថា កម្មវិធី​ភ្នំ​គូលែន ចាប់តាំងពី​ឆ្នាំ ២០០៨​។ កម្មវិធី​នេះ​មាន​គោលបំណង​សិក្សា​ស្វែងយល់​អំពី​ចក្រភព​ខ្មែរ និង​ធានាថា​ប្រជាជន​កម្ពុជា​ដែល​រស់នៅ​ជុំវិញ​តំបន់​បុរាណ​ដ្ឋា​ន​នៅលើ​ភ្នំ​គូលែន ចូលរួមចំណែក​ក្នុងការ​ការពារ និង​អភិរក្ស​បុរាណ​ដ្ឋា​ន​ទាំងអស់នោះ ព្រមទាំង​ចូលរួមចំណែក​ក្នុងការ​លើកកម្ពស់​ជីវ​ភាព​របស់​ពួកគាត់​៕
 

Tag:
 កសិកម្ម​
  ដើមឈើ​
  សៀមរាប​
  គូលែន​
 
© រក្សាសិទ្ធិដោយ thmeythmey.com