ជាតិ
បទយកការណ៍ / បទសម្ភាសន៍
លោក សាន ដា​រ៉ា​វីត ចង់​កែប្រែ​ភ្នំពេញ​ឲ្យ​ក្លាយជា​ក្រុង​គ្មាន​សំរាម​
17, Nov 2019 , 7:59 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ខុសពី​និស្សិត​ជាច្រើន នៅពេល​រៀន​ចប់​ពួកគេ​ចូលទៅ​ធ្វើការ​ក្នុង​ម៉ាស៊ីនត្រជាក់ តែ​លោក សាន ដា​រ៉ា​វីត ដែល​ទើប​បញ្ចប់​អនុបណ្ឌិត​នៅ​ប្រទេស​ថៃ បែរជា​បាន​ប្រមែប្រមូល​យុវជន​ដែលមាន​គំនិត​ដូចគ្នា ធ្វើ​សកម្មភាព​ប្រមូល​សំរាម​នៅ​ប្រឡាយ​បឹងត្របែក​រហូត​ទទួលបាន​ការគាំទ្រ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ពី​មហាជន​។ បើតាម លោក សាន ដា​រ៉ា​វីត បេស​សកម្ម​ដ៏​លំបាក​នេះ គឺ​ដើម្បី​ឲ្យ​រាជធានី​ភ្នំពេញ​ជា​ក្រុង​គ្មាន​សំរាម​។

 
​សូម​ស្តាប់​សេចក្តីរាយការណ៍​លម្អិត​ពី​លោក រ៉ឹ​ម ភា​រី នៃ​សារព័ត៌មាន​ថ្មីៗ​ដូចតទៅ​៖


 
 
​ក្លិនស្អុយ​ដែល​ចេញពី​ប្រឡាយ​លូ​បឹងត្របែក បានធ្វើ លោក សាន ដា​រ៉ា​វីន រ​ង្គៀ​ស​ចិត្តជា​ខ្លាំង ។ ទើសភ្នែក​ផង និង​ពិបាក​ទ្រាំ​នឹង​ក្លិនស្អុយ​ចេញពី​លូ​នេះ​ផង ទើប​យុវជន ដា​រ៉ា​វីន ដែល​គ្រានោះ​ទើប​ត្រឡប់​ពី​សិក្សា​នៅ​ប្រទេស​ថៃ បាន​ប្រមូល​គ្នីគ្នា​មក​ប្រមូល​សំរាម​គ្រប់​ប្រភេទ​លើ​ប្រឡាយ​បឹងត្របែក កាលពី​អំឡុង​ខែមីនា ឆ្នាំ​២០១៩​។ សកម្មភាព​នេះ ចាប់ផ្តើម​ដោយមាន​យុវជន​តែ​បី​បួន​នាក់​ប៉ុណ្ណោះ ដែលជា​មិត្តភក្តិ​របស់​ដាវី​ត ប៉ុន្តែ​ក្រោយមក សកម្មភាព​នេះ បាន​លេចលឺ​ដល់​យុវជន​ដទៃទៀត សាធារណជន រួមទាំង​បណ្តាញសារព័ត៌មាន​នានា​ផង​។​


 ​រូបភាព​ពី​ទំព័រ​ហ្វេ​ស​ប៊ុ​ក​យុវជន​សំរាម​
 
​ពី​ទីស្នាក់ការ​យុវជន​សំរាម ដែលមាន​ដំបូល​ប្រក​ស័​ង្គ​សី និង​មាន​របស់​ប្រើប្រាស់​សុទ្ធតែ​កែច្នៃ​ពី​សំរាម លោក សាន ដា​រ៉ា​វីត រំឭក​ដូច្នេះ​៖«​ដំបូង​ឡើយ ខ្ញុំ​ជិះ​កាត់ ហើយ​ធុំ​ក្លិនស្អុយ​មែនទែន​។ ខ្ញុំ​ក្រឡេក​មក​ឃើញ​សុទ្ធ​ប្លា​ស្ទិ​ក អត់​ឃើញ​ទឹក​ពណ៌​ខ្មៅ​ទេ​។ ខ្ញុំ​ក៏​គិតថា ប្រមូលគ្នា​បួន​ប្រាំ​នាក់ មក​រើស​សំរាម​។ បើ​រើស​មិន​អស់​ទេ មិនបាច់​ឈប់​ទេ​។ ពេលនោះ ក៏មាន​អ្នកមាន​ទំនួល​ខុសត្រូវ​លើ​បញ្ហា​ហ្នឹង មក​ចូលរួម​ជាមួយ​យើង ដោយ​សង្ឃឹមថា​វា​នឹង​អស់ ដើម្បី​កុំ​ឲ្យ​បង្កក្តី​ព្រួយបារម្ភ​ដល់​ពលរដ្ឋ​។ ពលរដ្ឋ​រស់នៅ​ក្បែរ​ហ្នឹង គាត់​ស៊ាំ​នឹង​ច្រមុះ ចឹ​ង​គាត់​មិនដឹងថា វា​ប៉ះពាល់​ស្អី​ខ្លះ​។ នៅ​ម្តុំ​នេះ អ្នកក្រ​ច្រើន គាត់​មាន​លុយ​តិចតួច គាត់​ទៅធ្វើ​ព្យាបាល​ជំងឺ​ជា​ញឹកញាប់​។ ខ្ញុំ​ព្រួយបារម្ភ​ពី​ប្រភព​ជំងឺ​រាតត្បាត​ផ្សេងៗ​។ ពេល​ធ្វើបាន​ប្រហែល​មួយ​សប្តាហ៍ ស្រាប់​តែមាន​សមត្ថកិច្ច អាជ្ញាធរ ក្រសួង​ពាក់ព័ន្ធ អ្នកសារព័ត៌មាន​ចុះមក ចឹ​ង​ខ្ញុំ​ក៏​សប្បាយចិត្ត ព្រោះ​មានការ​ចូលរួម​»​។​


រូបភាព​ពី​ទំព័រ​ហ្វេ​ស​ប៊ុ​ក​យុវជន​សំរាម​ 
​តាមពិតទៅ ការងារ​ប្រមូល​សំរាម មិនមែនជា​បំណង​របស់​យុវជន​រូបនេះ​ឡើយ ដ្បិត​រូបគេ ក៏​ចង់​ធ្វើ​ការងារ​ស្របតាម​ជំនាញ​គ្រប់គ្រង​ពាណិជ្ជកម្ម ដែល​បាន​ពី​សាកលវិទ្យាល័យ​ជូឡាឡុងកន ប្រទេស​ថៃ​របស់ខ្លួន​ដែរ​។ ប៉ុន្តែ បញ្ហា​សំរាម​ពាសវាល​ពាសកាល​នៅ​ភ្នំពេញ និង​មិនទាន់មាន​ដំណោះស្រាយ បានធ្វើ​ឲ្យ លោក ដា​រ៉ា​វីត ទុកចោល​ការងារ​រប​ស់​ខ្លួន​មួយ​ឡែក ហើយ​ងាក​មក​ផ្តោតលើ​គំ​និ​ផ្តួចផ្តើម ប្រមូល​សំរាម​ជា​គំរូ និង​ជា​សារ​ដាស់តឿន​ពលរដ្ឋ​ទូទៅ​។​
 
​សូម​ទស្សនា​វីដេអូ​ខាងក្រោម​នេះ​៖ 
 
 
​ក្រៅពី​ចង់​ប្តូរ​ឥរិយាបថ​ពលរដ្ឋ​ខ្មែរ លោក សាន ដា​រ៉ា​វីត កែប្រែ​ឲ្យ​ភ្នំពេញ​គ្មាន​សំរាម​
 
​សម្រាប់ លោក សាន ដា​រ៉ា​វីត សំរាម​នៅ​រាយប៉ាយ​តាមផ្លូវ​សាធារណៈ សួនច្បារ ក្នុង​លូ និង​ស្ទើរ​គ្រប់​ទីកន្លែង​នៅក្នុង​ក្រុងភ្នំពេញ មិន​ត្រឹមតែ​ប៉ះពាល់​សុខភាព​ពលរដ្ឋ​នោះទេ ប៉ុន្តែ​វា​បានធ្វើ​ឲ្យ​អ្នកទេសចរ​បរទេស វាយតម្លៃ​មិនល្អ​ចំពោះ​មុខមាត់​ប្រទេស​កម្ពុជា​ទៀតផង​។ លោក​អះអាងថា ទម្លាប់​ចោល​សំរាម​ផ្តេសផ្តាស​របស់​ពលរដ្ឋ​ជាច្រើន បាន​ក្លាយជា​បញ្ហា​ចម្បង ដែល​លោក​ចង់​កែប្រែ ដើម្បី​ឲ្យ​ភ្នំពេញ​មាន​បរិស្ថាន​ស្អាត​។   

  ​រូបភាព​ពី​ទំព័រ​ហ្វេ​ស​ប៊ុ​ក​យុវជន​សំរាម​
​លោក​ពន្យល់​យ៉ាង​ដូច្នេះ​ថា​៖ «​យុវជន យើង​ផ្សព្វផ្សាយ​ទៅកាន់​យុវជន​គ្នា​យើង​។ យើង​រើស​សំរាម​ឲ្យ​គាត់​ឃើញថា សំរាម​មិនគួរ​នៅ​កន្លែង​ហ្នឹង​ទេ​។ យើង​បាន​បង្កើន​អ្នក​រើស​សំរាម ឲ្យ​ច្រើនជាង​អ្នក​បោះចោល​។ មកដល់​សព្វថ្ងៃ គឺ​មានការ​ផុសផុល​ច្រើន​មែនទែន នៅក្នុង​ការ​រើស​សំរាម​នៅតាម​ទីសាធារណៈ​នានា​។ រូបភាព​ទាំងអស់នេះ បាន​ជ្រាប​ដល់​ពលរដ្ឋ​ច្រើន​មែនទែន តាមរយៈ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក តាម​កាសែត និង​ទូរទស្សន៍​។ ដូច្នេះ​ប្រហែលជា​កន្លះ​ឆ្នាំ​ហ្នឹង ឃើញថា ពលរដ្ឋ​មានការ​ផ្លាស់ប្តូរ​ឥរិយាបថ​ច្រើន អំពី​ការព្រួយបារម្ភ​ពី​បរិស្ថាន​»​។​


​រូបភាព​ពី​ទំព័រ​ហ្វេ​ស​ប៊ុ​ក​យុវជន​សំរាម​ 
 
​ស្លៀកខោ​ខូវ​ប៊ូ​វ ពាក់​អាវយឺត យុវជន​វ័យ​២៩​ឆ្នាំ ដែល​បាន​បំពេញការងារ​យ៉ាង​សស្រាក់សស្រាំ ក្នុងការ​ប្រមូល​សំរាម រយៈពេល​៨​ខែ​មកនេះ ហាក់​រីករាយ ព្រោះ​បានឃើញ​ពី​ការប្រែប្រួល​ជា​វិជ្ជមាន​ក្នុងការ​ចោល​សំរាម​របស់​ប្រជាពលរដ្ឋ​ក្នុង​រាជធានី​។ បើតាម​លោក ដា​រ៉ា​វីត ការធ្វើសកម្មភាព​ប្រមូល​សំរាម គឺជា​សារ​ដ៏​មាន​សារសំខាន់​បំផុត ដើម្បី​ឲ្យ​ពលរដ្ឋ​មើលឃើញ និង​ភ្ញាក់រលឹក លែង​បោះចោល​សំរាម​ក្រៅ​ធុង និង​ចេះ​រៀបចំ​ទុកដាក់​សំរាម​ឲ្យ​បាន​ត្រឹមត្រូវ​។ 
 
​ជា​កូនច្បង​ក្នុងចំណោម​បងប្អូន​៣​នាក់ ក្នុង​គ្រួសារ​ជីវភាព​មធ្យម​នៅ​ក្រុងភ្នំពេញ ដា​រ៉ា​វីត និង​សមាជិក​ក្រុម នៅតែ​បន្តសកម្មភាព​ប្រមូល​សំរាម និង​រៀបចំ​ក្រុម​ធ្វើ​បំពង់​បឺត​បរិស្ថាន ដែល​ទទួលបាន​ការឧបត្ថម្ភ​ពី​សប្បុរសជន​នានា​។​


 ​រូបភាព​ពី​ទំព័រ​ហ្វេ​ស​ប៊ុ​ក​យុវជន​សំរាម​
 
​តែ​យ៉ាងណាក៏ដោយ ការប្រឹងប្រែង​ធ្វើជា​គំរូ​សម្រាប់​យុវជន និង​ពលរដ្ឋ​ផ្សេងទៀត មិនទាន់​គ្រប់គ្រាន់​នោះទេ​។ លោក សាន ដា​រ៉ា​វីត ចង់​ឲ្យ​អាជា្ញធរ​អនុវត្តន៍​វិធានការ ពិន័យ​អ្នក​ចោល​សំរាម​មិន​ត្រឹមត្រូវ​។ បើតាម​យុវជន​រូបនេះ ការចូលរួម​ពី​ភាគី​ពាក់ព័ន្ធ​លើ​បញ្ហា​នេះ ទើប​អាច​កែប្រែ​ឥរិយាបថ​របស់​ប្រជាជន ឲ្យ​ឈប់​ចោល​សំរាម​ពាសវាល​ពាសកាល​បាន​។ លោក​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖ «​ខ្ញុំ​គិតថា បញ្ហា​នេះ បណ្តាលមកពី​ទាំងអស់គ្នា​។ បើសិន​យើង​ចែក​កំហុស​ម្នាក់​បន្តិចៗ បើសិនជា​អាជ្ញាធរ គាត់​យកចិត្តទុកដាក់ បើ​ប្រមូល​សំរាម​ទាន់ពេលវេលា ហើយ​ចុះ​ពន្យល់​ណែនាំ​គ្នា​គាត់​ថា បង​ដាក់​សំរាម​អ៊ីចេះ ដើម្បី​ឲ្យ​ស៊ីន​ទ្រី​ស្រួល​ប្រមូល មិនមែន​ចូក​ចាក់ៗ ធ្វើ​ឲ្យ​ធ្លាយរ​ប៉ាត់​របាយ​ពេញ​ហ្នឹង​។ ដូច្នេះ យើង​គួរតែ​ទទួលកំហុស​នេះ​ម្នាក់​បន្តិចៗ ដើម្បី​កែប្រែ​ទម្លាប់​របស់គាត់ គាត់​នឹង​កែ​ហើយ ខ្ញុំ​ជឿថា​គាត់​នឹង​កែ តែបើ​មិន​កែ​យើង​ចាត់វិធានការ​ផ្សេងៗ ដាក់​សម្ពាធ និង​ដាក់​កំហិត គាត់​នឹង​កែ​ហើយ​»​។ 
 
​លោក​សង្កត់ធ្ងន់ថា ការងារ​របស់ខ្លួន​គ្រាន់តែ​ជា​ចំណែក​តួច​មួយ នៃ​ដំណោះស្រាយ​បញ្ហា​នេះ ប៉ុន្តែ​ការអប់រំ​ពលរដ្ឋ​អំពី​បរិស្ថាន និង​ទុកដាក់​សំរាម​ឲ្យ​បាន​ត្រឹមត្រូវ គួរតែ​ត្រូវបាន​ធ្វើឡើង​តាំងពី​ថ្នាក់​ម​តេ្ត​យ្យមក​ម្ល៉េះ​។ 
 
​បន្ទាប់ពី​ធ្វើការ​ងារ​នេះ​បាន​មួយរយៈ លោក សាន ដា​រ៉ា​វីត បាន​ចាត់ទុកថា ការងារ​របស់ខ្លួន​បានទទួល​លទ្ធផល​បណ្តើ​រៗ​នោះ​។ ហើយ​អ្វីដែល លោក សាន ដា​រ៉ា​វីត ដែលមាន​រូបរាង​ស្តើង​សម្បុរ​ស្រអែម​រូបនេះ ចង់បាន គឺ​ប្រែក្លាយជា​រាជធានី​ភ្នំពេញ ឲ្យ​ក្លាយជា​ទីក្រុង​គ្មាន​សំរាម​៕  
 
 
 
 
 
 

Tag:
 ​សំរាម​
 ​សាន ដា​រ៉ា​វីត
© រក្សាសិទ្ធិដោយ thmeythmey.com