អត្ថបទ៖ ស៊ីធី
Sam-A Gaiyanghadao ត្រូវបានគេចាត់ទុកថាជាកីឡាករល្អបំផុតម្នាក់ក្នុងចំណោមកីឡាករប្រដាល់ក្នុងប្រវត្តិសាស្ត្រថៃ។ Sam-A មានកំណត់ត្រាប្រកួត ៤២៣ដង ក្នុងនោះឈ្នះ ៣៦៧ដង ចាញ់ ៤៧ដង និង ស្មើ៩ដង។ អ្នកប្រដាល់ខ្មែរសុរិន្ទរូបនេះ ធ្លាប់ឈ្នះពានកីឡាករល្អប្រចាំឆ្នាំនៅសង្វៀនល្បីឈ្មោះ Lumpinee ឬហៅថា Lumpinee Fighter of the Year និងឈ្នះខ្សែក្រវាត់ Lumpinee Stadium World Titles ច្រើនសម័យកាលក្នុងប្រភេទទម្ងន់ពីរផ្សេងគ្នា។
Sam-A ដែលបានអះអាងថាជាខ្មែរសុរិន្ទនោះបានកើតក្នុងត្រកូលក្រីក្រមួយនៅនៅតំបន់ដាច់ស្រយាលនៅប្រទេសថៃដែលមានឳពុកម្ដាយជាកសិករ។ Sam-A បានរស់នៅតាមបែបកសិករមានជីវភាពមិនល្អប្រសើរ ប៉ុន្តែមានឱកាសប្រឡូកក្នុងក្បាច់គុនមួយថៃកាលនៅក្មេង និង បានធ្វើឲ្យជីវិតរបស់គេកាន់តែល្អប្រសើរឡើង។
កីឡាករខ្មែរសុរិន្ទរូបនេះរំលឹកថា៖«កាលខ្ញុំអាយុ ៩ ឆ្នាំ ខ្ញុំចាំបានថាមានកម្មវិធីបុណ្យមួយនៅស្រុកកំណើត ហើយកាលនោះមានរេញប្រកួតក្បាច់គុនមួយថៃនៅក្បែរវិហារវត្ត។ ពេលនោះ ពូរបស់ខ្ញុំជាអ្នករៀបចំគូប្រកួត»។ កីឡាករដដែលបន្ថែមថា ពូរបស់ខ្លួនបានសួរនៅមនុស្សម្នានិងក្មេងៗជាច្រើនថា មានអ្នកណាចង់ប្រកួតក្បាច់គុនទេ? ស្រាប់តែពេលនោះ Sam-A ឆ្លើយស្ម័គ្រចិត្តថាប្រកួតទោះអត់មានបទពិសោធន៍បន្តិចក៏ដោយ។ Sam-A សង្កត់ធ្ងន់ថា៖«ពេលនោះស្រាប់តែ មនុស្សអ៊ូអរបែរជាស្ងាត់បន្តិចហើយ ខ្ញុំមើលមនុស្សជុំវិញ និយាយថា ហេតុអ្វីអត់យកខ្ញុំប្រកួត។ ខ្ញុំបានប្រាប់ពូរបស់ខ្ញុំ ហើយខ្ញុំចង់ប្រកួត។ គាត់មើលមកខ្ញុំ ក៏ប្រាប់ខ្ញុំថា កុំអី ព្រោះមិនដែលប្រកួតពីមុនទេ។ គាត់មិនយកខ្ញុំប្រកួតទេ ប៉ុន្តែខ្ញុំចង់ប្រកួតខ្លាំងណាស់ ហើយថែមទាំងដេញឲ្យខ្ញុំទៅផ្ទះដើម្បីសុំឪពុកម្ដាយរបស់ខ្ញុំទៀតផង»។
បែបណាក្ដី ឳពុកម្ដាយរបស់ Sam-A មិនជំទាស់ហាក់បីដូចចង់ឲ្យកូនប្រកួតទោះបីជាអត់ដែលមានពិសោធន៍ក៏ដោយ បន្ទាប់ពីរូបគេបានបញ្ចុះបញ្ចូលអង្វរកមួយសន្ទុះ។ Sam-A បញ្ជាក់ថា៖«ខ្ញុំសុំឪពុកម្ដាយរបស់ខ្ញុំ ពួកគាត់មើលមកខ្ញុំ និងមិនឆ្លើយភ្លាមៗទេ។ ពួកគាត់សម្លឹងមើលខ្ញុំ និង បានគោះក្បាលខ្ញុំ។ ក្រោយមកខ្ញុំក៏ននៀលដី និង យំ។ ត្រឹមពីរបីនាទីបន្ទាប់ពីយំខ្លាំងនិងស្រែកខ្លាំងផងនោះ ឳពុកម្ដាយខ្ញុំក៏មិនដឹងធ្វើយ៉ាងម៉េច ហើយក៏យល់ព្រមឲ្យខ្ញុំទៅប្រកួត»។
Sam-A មិនធ្វើឲ្យពូ និងឳពុកម្ដាយខកចិត្តទេដោយប្រកួតទាំងសប្បាយចិត្ត និង ឈ្នះការប្រកួតដំបូងទល់នឹងក្មេងនៅក្នុងមូលដ្ឋាន។ ការប្រកួតដំបូងនោះធ្វើឲ្យគេស្រលាញ់មួយថៃកាន់តែខ្លាំង និងបន្តទៅផ្លាស់ប្ដូរជីវិតប្រសើរឡើងទាំងស្រុង។ កីឡាករមកពីខេត្តបូរីរាំ បន្តថា៖« ក្រោយចប់ ៣ទឹក គ្មានអ្នកណារំភើបជាងខ្ញុំទេ ពេលអាជ្ញាកណ្ដាលលើកដៃខ្ញុំ។ ខ្ញុំឈ្នះការប្រកួតនោះ។ យ៉ាងណាក្ដី ឳពុកម្ដាយខ្ញុំក៏សប្បាយចិត្តចំពោះជ័យជម្នះរបស់ខ្ញុំដែរ តែពួកគាត់មិនបានគិតថាខ្ញុំនឹងក្លាយជាកីឡាករទេ។ ខ្ញុំក៏មានប្រកួតលើកទី២ តែខ្ញុំចាញ់ការប្រកួតនោះ»។
ស្ថិតក្នុងកាលៈទេសៈណាក្ដី ឪពុកម្ដាយបានគិតថា Sam-A នឹងមិនបោះបង់នោះឡើយព្រោះតែចិត្តគេចង់ និង ដក់ចិត្តស្រលាញ់ពេក ដើម្បីក្លាយជាកីឡាករលំដាប់ពិភពលោក។ ទីបំផុត ឳពុកម្ដាយរបស់ Sam-A ងាកមកផ្ដល់ការគាំទ្រគ្រប់បែបយ៉ាងពេញទីដោយពួកគាត់បានជួលគ្រូបង្ហាត់ដល់កូនប្រុសតែម្ដង។ កីឡាករវ័យ៣៦ឆ្នាំរៀបរាប់ថា៖«អ្វីៗមិនអាចកើតចេញពីគ្រួសារអ្នកមានទាំងអស់នោះទេ ប៉ុន្តែឳពុកម្ដាយរបស់ខ្ញុំមានគុណធំធេង គាត់បីបាច់ថែរក្សាខ្ញុំ និង យកចិត្តទុកដាក់ខ្ញុំណាស់ និង សម្រេចបំណងរបស់ខ្ញុំ។ យើងមិនមានលុយទិញសម្ភារទំនើប ប៉ុន្តែពួកគាត់រៀបចំឥវ៉ាន់សម្រាប់កីឡាប្រដាល់ឲ្យខ្ញុំ មានបាយសាក់ចាស់មួយញាត់ខ្សាច់ចូលដើម្បីដាល់និង ទាត់។ ខ្ញុំបានហាត់រាល់ថ្ងៃក្រោយចេញពីសាលា។ មួយថៃជាជីវិតរបស់ខ្ញុំ»។
លើសពីនេះទៅទៀត Sam-A បានក្លាយជាកីឡាករគំរូល្អម្នាក់ និង កំពុងបង្ហាត់ក្មេងៗជំនាន់ក្រោយនៅក្លិប Evolve MMA នាប្រទេសសិង្ហបុរី ជាប្រទេសដែលគេរស់នៅបច្ចុប្បន្ន។ ពេលនេះ Sam-A ក៏នៅតែមានការចាប់គូប្រកួតជារឿយៗដែរព្រោះរូបគេជាកីឡាករជាប់កិច្ចសន្យានៅសង្វៀន ONE Championship។
ដោយកើតចេញពីគ្រួសារក្រខ្សត់មុនក្លាយជាវីរបុរសម្នាក់ក្នុងក្បាច់គុនមួយថៃ Sam-A បន្តដើរតាមវិថីដែលខ្លួនស្រលាញ់ដដែលគិតត្រឹមអាយុ៣៦ឆ្នាំនេះ។ Sam-A គូសបញ្ជាក់ថា៖«មួយថៃបានផ្លាស់ប្ដូរជីវិតរបស់ខ្ញុំឲ្យល្អប្រសើរឡើង។ ខ្ញុំជឿជាក់ថាវានឹងបន្តលើកទឹកចិត្តដល់កីឡាករផ្សេងៗដែលបានទស្សនាការប្រកួតរបស់ខ្ញុំ»។
កម្មវិធីបន្ទាប់ សូមកុំភ្លេចទស្សនាកម្មវិធីប្រកួតបន្ទាប់នៅ ONE: AGE OF DRAGONSនៅ ថ្ងៃ ទី ១៦ វិច្ឆិកា ខាងមុខ ពីប៉េកាំង ចាប់ពីម៉ោង ៦ ល្ងាច តទៅ (ម៉ោងកម្ពុជា) តាមរយៈ Facebook, Twitter, YouTube, ONE Super App, និង ផ្សាយបន្តផ្ទាល់ដោយ CBS៕