មី​យ៉ាន់​ម៉ា​ទាត់ចោល​កិច្ច​ស៊ើបអង្កេត​របស់​តុលាការអន្តរជាតិ ជុំវិញ​វិបត្តិ​រ៉ូ​ហ៊ីង​យ៉ា​
អន្តរជាតិ
មី​យ៉ាន់​ម៉ា​ទាត់ចោល​កិច្ច​ស៊ើបអង្កេត​របស់​តុលាការអន្តរជាតិ ជុំវិញ​វិបត្តិ​រ៉ូ​ហ៊ីង​យ៉ា​
16, Nov 2019 , 7:29 pm        
រូបភាព
រូបភាព៖ AFP
រូបភាព៖ AFP
​មី​យ៉ាន់​ម៉ា នៅ​ថ្ងៃទី​១៥ ខែវិច្ឆិកា បាន​ទាត់ចោល ការស៊ើបអង្កេត​ពេញលេញ​មួយ របស់​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ ឬ​ICC លើ​បញ្ហា​វិបត្តិ​រ៉ូ​ហ៊ីង​យ៉ា ដោយ​សំអាងថា យុត្តាធិការ​របស់​តុលាការអន្តរជាតិ​មួយ​នេះ មិន​គោរព​ទៅតាម​ច្បាប់​អន្តរជាតិ​។ ក្នុង​រយៈពេល​មិន​ដល់​មួយ​សប្តាហ៍​ទេ មី​យ៉ាន់​ម៉ា​បាន​រង​សម្ពាធ​ច្បាប់​ពី​សហគមន៍​អន្តរជាតិ​រហូត​ទៅដល់ ៣​ករណី ទាក់ទិន​ទៅនឹង​បញ្ហា​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា​។



«​កិច្ច​ស៊ើបអង្កេត​លើ​មី​យ៉ាន់​ម៉ា ដោយ​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ គឺ​មិន​គោរព​ទៅតាម​ច្បាប់​អន្តរជាតិ​»​។ នេះ​បើតាម​ការលើកឡើង​រប​ស់​អ្នកនាំពាក្យ​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា Zaw Htay នៅក្នុង​សន្និសីទកាសែត​នា​ថ្ងៃទី​១៥ ខែវិច្ឆិកា​។ ការច្រានចោល​របស់រ​ដ្ឋា​ភិ​បាល​បែបនេះ គឺធ្វើឡើង​តែមួយ​ថ្ងៃ​ប៉ុណ្ណោះ ក្រោយពី​តុលាការ​ឧក្រិដ្ឋកម្ម​មួយ​នេះ បាន​យល់ព្រម​បើក​ការស៊ើបអង្កេត​ពេញលេញ​មួយ​ជុំវិញ ការប្រព្រឹត្ត​បទឧក្រិដ្ឋ​ប្រឆាំង​ជនជាតិភាគតិច​រ៉ូ​ហ៊ីង​យ៉ា​ពី​សំណាក់​មី​យ៉ាន់​ម៉ា​។ 
 
​ជាការ​ឆ្លើយតប​ទៅនឹង​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ លោក​Zaw Htay បាន​និយាយ​បន្ថែមទៀតថា បើសិនជា​ត្រូវការ មី​យ៉ាន់​ម៉ា ក៏មាន​គណៈកម្មាធិការ​ផ្ទាល់ខ្លួន ដែល​អាច​បើក​ការស៊ើបអង្កេត​រាល់​ការរំលោភបំពាន​ទាំងឡាយ និង​ហ៊ាន​ធានាថា​មានការ​ទទួលខុសត្រូវ​។ ក្នុងន័យនេះ អ្នកនាំពាក្យ​ចង់​បញ្ជាក់ថា មី​យ៉ាន់​ម៉ា និង​រដ្ឋាភិបាល មិនមែន​បដិសេធ​យុត្តាធិការ​របស់​តុលាការ​ទេ ប៉ុន្តែ​ទីក្រុង​ណៃ​ពិដោ ក៏​មិន​បិទ​ភ្នែក​ដែរ លើ​បញ្ហា​រ៉ូ​ហ៊ីង​យ៉ា​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP​។​
 
​ជាការ​ពិត នៅ​ថ្ងៃទី​១៤ ខែវិច្ឆិកា តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ ដែលមាន​មូលដ្ឋាន​នៅ​ទី​ក្រុងឡាអេ បាន​បញ្ជា​ឲ្យ ព្រះរាជអាជ្ញា ដំណើរការ​នីតិវិធី​ស៊ើបអង្កេត​មួយ​លើ​មី​យ៉ាន់​ម៉ា ពី​ការចោទប្រកាន់​ការប្រព្រឹត្ត​បទឧក្រិដ្ឋ​លើ​ជនជាតិភាគតិច​រ៉ូ​ហ៊ីង​យ៉ា​។ ការបញ្ជា​នេះ គឺធ្វើឡើង​ក្រោម​យុត្តាធិការ​របស់​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ​។ 
 
​ទាក់ទិន​ទៅនឹង​បញ្ហា​នេះ មី​យ៉ាន់​ម៉ា មិនមែនជា​ប្រទេស​ហត្ថលេខី​នៃ​តុលាការ​ICC​ឡើយ ប៉ុន្តែ​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ​មួយ​នេះ បានប្រកាសថា ខ្លួន​មាន​យុត្តាធិការ​ពេញលេញ​លើ​សំណុំរឿង​រ៉ូ​ហ៊ីង​យ៉ា​។ តាមរយៈ​ការ​សំអាង​ហេតុ តុលាការ​បានលើកឡើង​ថា ដោយសារ​បង់​ក្លា​ដែ​ស​ជា​ប្រទេស​ហត្ថលេខី ហើយ​ជនជាតិភាគតិច​រ៉ូ​ហ៊ីង​យ៉ា​ជាច្រើន បាន​ភៀសខ្លួន​ទៅ​បង់​ក្លា​ដែ​ស​។ ដូច្នេះ​តុលាការ​ឧក្រិដ្ឋកម្ម មាន​សមត្ថកិច្ច​លើ​បញ្ហា​នេះ​។ 
 
​សូមបញ្ជាក់ថា មិន​ដល់​មួយ​សប្តាហ៍​ទេ ទីក្រុង​ណៃ​ពិដោ បាន​ទទួលរង​សម្ពាធ​ពី​សហគមន៍​អន្តរជាតិ​ចំនួន​៣ ពាក់ព័ន្ធ​ទៅនឹង​វិបត្តិ​រ៉ូ​ហ៊ីង​យ៉ា​។ ក្នុងនោះ​មានដូចជា ការដាក់​ពាក្យបណ្តឹងរ​បស់​ប្រទេស​ហ្គំ​ប៊ី ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ ក្រុម​សិទ្ធិមនុស្ស​ដាក់ពាក្យ​ប្តឹង​លោកស្រី​អ៊ុង​សាន ស៊ូ​ជី និង​ក្រុម​យោធា និង​ចុងក្រោយ​គឺ តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ​ចេញ​សេចក្តីសម្រេច ឲ្យ​បើក​ការស៊ើបអង្កេត​ពេញលេញ​ទៅក្នុង​សំណុំរឿង​រ៉ូ​ហ៊ីង​យ៉ា​។ 
 
 

Tag:
 ​មី​យ៉ាន់​ម៉ា​
  តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ​
  រ៉ូ​ហ៊ីង​យ៉ា
© រក្សាសិទ្ធិដោយ thmeythmey.com