ជាតិ
វីរជនសិល្បៈពីគ្រប់បណ្តាខេត្ត ប្រជុំគ្នាក្នុងមហោស្រពសិល្បៈដើម្បីសន្ដិភាព រូបថតវីរជនសិល្បៈលាក់មុខ ក្នុងថ្ងៃតាំងពិព័រណ៍រូបថតរបស់មហោស្រពសិល្បៈដើម្បីសន្តិភាពនៅទីធ្លាIFL
× ភ្នំពេញ៖ «វីរជនសិល្បៈលាក់មុខ» គឺជាឈ្មោះពិព័រណ៍រូបថត ដែលមហោស្រពសិល្បៈដើម្បីសន្តិភាពបង្កើតឡើង ក្នុងបំណងបង្ហាញមុខសិល្បករមកពី២៥រាជធានី-ខេត្ត ឱ្យមហាជនបានស្គាល់។ មិនមែនមានត្រឹមតែរូបថតឡើយ ប៉ុន្តែសិល្បករផ្ទាល់ក៏មកជាមួយឧបករណ៍ឯកទេសរបស់ពួកគាត់ដែរ។
វីរជនសិល្បៈមានទាំងខ្មែរកណ្ដាល និងខ្មែរលើ ឬហៅថាជនជាតិដើមភាគតិច ព្នង ជង ទំពួន ជាដើម បានអង្គុយនៅចំពោះមុខរូបថតរបស់ពួកគាត់ រួមជាមួយឧបករណ៍ភ្លេងឯកទេស ក្រោមដើមជ្រៃក្នុងបរិវេណវិទ្យាស្ថានភាសាបរទេស(IFL) ក្នុងថ្ងៃបើកមហោស្រពសិល្បៈដើម្បីសន្ដិភាព កាលពីថ្ងៃទី១៤ខែវិច្ឆិកា។ វីរជនសិល្បៈទាំងនោះសុទ្ធតែមានជំនាញផ្នែកសិល្បៈបុរាណ ដូចជាតន្ត្រីករ សិល្បករផ្នែកចម្រៀង របាំ ជាដើម។ ពិព័រណ៍ “វីរជនសិល្បៈលាក់មុខ”នេះ បានបង្ហាញមុខសិល្បករនិងតន្ត្រីករ ដែលប្រឹងប្រែងថែរក្សាសិល្បៈអត្តសញ្ញាណប្រចាំភូមិ ស្រុក ឬតំបន់ដែលពួកគាត់រស់នៅ ដែលបន្សល់ទុកតាំងពីបុរាណ។
តន្ត្រីករជនជាតិដើមភាគតិចទំពួនកំពុងសម្ដែងចាប៉ីឃ្លោក ក្នុងមហោស្រពដើម្បីសន្តិភាព
អ្នកស្រី សូ ភីណា ប្រធានគម្រោង ”វីរជនសិល្បៈលាក់មុខ” បានបញ្ជាក់ថាគោលបំណងសំខាន់ ក្នុងការបង្កើតឱ្យមានកម្មវិធីពិព័រណ៍នេះ គឹដើម្បីរំឭកដល់វីរៈសិល្បករទាំងអស់ដែលបានលះបង់កម្លាំងកាយចិត្ត ក្នុងការថែរក្សាសិល្បៈវប្បធម៌ជាតិ ប្រចាំភូមិស្រុករបស់ពួកគាត់។ ក្នុងមួយខេត្ត-ក្រុង សិល្បករត្រូវបានអញ្ជើញឱ្យចូលរួមតែមួយរូបតែប៉ុណ្ណោះ ដើម្បីជាតំណាងរាជធានី-ខេត្តដែលពួកគាត់រស់នៅ។
ប្រធានគម្រោងរូបនេះ ថាពិព័រណ៍នេះមានសារសំខាន់ សម្រាប់សិល្បករផ្ទាល់ រួមទាំងមហាជន ហើយអ្នកស្រីពន្យល់ដូច្នេះ៖«ពួកគាត់ជាសិល្បករ ជាអ្នកដឹកនាំវប្បធម៌ និងជាអ្នកធ្វើការទៅលើវប្បធម៌។ សិល្បករមួយចំនួនគាត់មានជីវភាពសមរម្យ ប៉ុន្តែសិល្បករមួយចំនួនទៀត គាត់មានជីវភាពខ្វះខាតខ្លាំងដែរ។ យើងរៀបចំកម្មវិធីនេះឡើង ព្រោះចង់បង្ហាញថា ពួកយើងមិនបានបំភ្លេងនូវអ្វីដែលគាត់ប្រឹងប្រែង ដើម្បីវប្បធម៌នោះទេ។ យើងចង់ឱ្យមហាជនបានស្គាល់គាត់ បានដឹងថានៅទីជនបទ ឬនៅទីក្រុងក៏មានអ្នកថែរក្សាសិល្បៈអត្តសញ្ញាណដែរ។ សិល្បករទាំងអស់គាត់ប្រាប់ថា សិល្បៈបានជួយជីវភាពគាត់ខ្លះដែរ ហើយវាក៏ធ្វើឱ្យមនុស្សជាច្រើនស្គាល់គាត់ »។
សិល្បករនិងតន្ត្រីករកំពុងសម្ដែងសិល្បៈដែលជាជំនាញរបស់ខ្លួន ក្នុងពិព័រណ៍វីរជនសិល្បៈលាក់មុខ ក្នុងមហោស្រពដើម្បីសន្តិភាព
មហាជនក៏អាចសួរសុខទុក្ខ ឬសួរពីអ្វីដែលពួកគេចង់ដឹង ដូចជាជីវភាពរបស់សិល្បករ ឬពីស្ថានភាពសិល្បៈក្នុងតំបន់របស់ពួកគាត់រស់នៅជាដើម។ ក្រៅពីពិព័រណ៍ “វីរជនសិល្បៈលាក់មុខ” នៅទីតាំងតែមួយនេះ ក៏មានតាំងពិព័រណ៍រូបថតដទៃទៀត បង្ហាញពីសារអប់រំផ្សេងៗគ្នា ដែលម្ចាស់ស្នាដៃចង់បង្ហាញផងដែរ៕
Tag:
សិល្បៈ
វប្បធម៌
សិល្បករ
មហោស្រព
© រក្សាសិទ្ធិដោយ thmeythmey.com