​លោក Steven Reiner៖ ឌីជីថល​ជឿនលឿន តែ​ការទទួល​ព័ត៌មាន​មិន​ពិត​កាន់តែច្រើន
ជាតិ
​លោក Steven Reiner៖ ឌីជីថល​ជឿនលឿន តែ​ការទទួល​ព័ត៌មាន​មិន​ពិត​កាន់តែច្រើន
16, Nov 2019 , 3:00 pm        
រូបភាព
​ខេត្ត​ព្រះសីហនុ​៖ ត្បិត​យុគសម័យ​នេះ ប្រព័ន្ធ​ឌីជីថល​អន​ឡាញ​មានការ​ជឿនលឿន និង​ងាយស្រួល​ក្នុងការ​ទទួលបាន​ព័ត៌មាន​ក៏ដោយ ប៉ុន្តែ​ការចែករំលែក និង​ការ​ស្រូបយក​ព័ត៌មាន​មិន​ពិត ក៏​កាន់តែច្រើន​ផងដែរ​។ នេះ​ជាការ​បញ្ជាក់​របស់​សាស្ត្រាចារ្យ​សារព័ត៌មាន​អាមេរិក លោក Steven Reiner​។​



​នាពេល​ធ្វើ​បទ​បង្ហាញ​ក្នុង​សិក្ខាសាលា​ស្តីពី «​សេរីភាព​ភាព​សារព័ត៌មាន​៖ សារព័ត៌មាន​ក្នុងការ​អភិវឌ្ឍ​» ដែល​រៀបចំ​ដោយសារ​ព័ត៌មាន​ថ្មីៗ នៅ​ខេត្ត​ព្រះសីហនុ កាលពី​ថ្ងៃទី​៧ ខែវិច្ឆិកា លោក Steven Reiner សាស្ត្រាចារ្យ​សារព័ត៌មាន និង​សិល្បៈ​ព័ត៌មាន​នៅ​មហាវិទ្យាល័យ Chapman សហរដ្ឋអាមេរិក បានបង្ហាញ​ពី​កង្វល់​ទាក់ទង​នឹង​ការរីក​រាលដាល​ព័ត៌មាន​មិន​ពិត ឬ​ព័ត៌មាន​ក្លែងបន្លំ​។​
 
 
​លោក Steven អតីត​ផលិតករ​កម្មវិធី “60 Minutes” របស់​ទូរទស្សន៍ CBS និង​អតីត​ការី​និពន្ធ​របស់​សារព័ត៌មាន The Atlantic ផងដែរ​នោះ បាន​លើកឡើងថា​ពាក្យ Fake News ត្រូវបាន​គេ ប្រើប្រាស់​ជា​គោលដៅ​នៃ​ការវាយប្រហារ​សារព័ត៌មាន​សេរី ដូច្នេះ​លោក​មិន​ប្រើប្រាស់​ពាក្យ​នេះ សំដៅលើ​ព័ត៌មាន​ក្លែងបន្លំ ឬ​ព័ត៌មាន​មិន​ពិត​នោះឡើយ​។​


 
​តាម​ការស្រាវជ្រាវ​រប​ស់​សាកលវិទ្យាល័យ Harvard University សហរដ្ឋអាមេរិក ៦០​ភាគរយ​នៃ​អ្នក​ចែករំលែក​ព័ត៌មាន​បន្ត​ពី​ម្នាក់​ទៅ​ម្នាក់ មិនបាន​អាន​ខ្លឹមសារ​ព័ត៌មាន​នោះឡើយ ដោយ​លោក Steven លើកឡើងថា អ្នក​ចែករំលែក​ព័ត៌មាន​ទាំងនោះ យក​បេះដូង​ទៅ​វាយតម្លៃ​មុន​ខួរក្បាល​។ 
 
 
​លោក Steven បាន​ថ្លែង​ទៅកាន់​សិក្ខាកាម​ដែលជា​អ្នកសារព័ត៌មាន​មូលដ្ឋាន​ប្រមាណ​៤០​នាក់ យ៉ាង​ដូច្នេះ​ថា​៖«​គ្រប់គ្នា​ទទួល​ព័​ត៌​ច្រើន​លើសលស់ មាន​ទាំង​វ៉ិ​ប​សាយ មាន​ប្លុក មាន​ស្អី​គ្រប់បែបយ៉ាង ដូច្នេះ​នៅពេលដែល​ព័ត៌មាន​ច្រើនពេក យើង​អត់​ដឹង​មួយណា​គួរ​ឲ្យ​ទុកចិត្តបាន​នោះឡើយ​»​។​
 

​បញ្ហា​ទាំងនេះ តម្រូវ​ឲ្យ​អ្នកសារព័ត៌មាន​ពង្រឹង​សមត្ថភាព​វិជ្ជាជីវៈ​របស់ខ្លួន​ដើម្បី​សាង​ជំនឿ​ទុកចិត្ត​ពី​សំណាក់​អ្នកអាន ដើម្បី​រួមចំណែក​ទប់ស្កាត់​ការចែករំលែក​ព័ត៌មាន​គ្មាន​ការគិត​ពិចារណា​ក្នុងសម័យ​ឌីជីថល​៕








 

Tag:
 ឌីជីថល​
 ​ព័ត៌មាន​
 ​ព្រះសីហនុ​
© រក្សាសិទ្ធិដោយ thmeythmey.com