កីឡាជាតិ
ជាតិ
ណាហ្គា​វើ​លដ៍ នឹងមាន​កីឡដ្ឋាន​ធ្វើជា​មូលដ្ឋាន​ហ្វឹកហាត់​និង​រៀបចំ​ការប្រកួត​ក្នុងពេល​ដ៏​ខ្លី​ខាងមុខ​
16, Nov 2019 , 8:29 pm        
រូបភាព
ដោយ:
​ក្លិប​បាល់ទាត់​ណាហ្គា​វើ​លដ៍ ដែល​តែងតែ​ប្រើ​កីឡដ្ឋាន​ក្លិប​ដទៃ​ធ្វើជា​ទឹកដី​ពេល​ខ្លួន​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​ការប្រកួត​នឹងមាន​កីឡដ្ឋាន​ផ្ទាល់ខ្លួន​ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ​។ បើតាម​លោក ហ៊ុន ម៉ា​នី តំណាងរាស្ត្រ​មណ្ឌល​ខេត្តកំពង់ស្ពឺ កីឡដ្ឋាន​ក្រោម​ជំនួយ​ឧបត្ថម្ភ​របស់​ណាហ្គា​វើ​លដ៍​នេះ នឹង​បើក​ការដ្ឋាន​សាងសង់​នៅ​ពាក់កណ្តាល​ខែធ្នូ ឆ្នាំ​២០១៩​នេះ​។ ក្លិប​ណាហ្គា​វើ​ល​ចាត់ទុក​ដំណឹង​នេះ​ថា ក្តី​ស្រមៃ​ក្លាយជា​ការពិត​។

 
 
​ក្រោម​គម្រោង​«​អភិវឌ្ឍ​យុវជន និង​កីឡា​ខេត្តកំពង់ស្ពឺ​»​ទីលាន​បាល់ទាត់​ស្តង់ដា​អន្តរជាតិ​មួយ​ស្ថិត​ក្នុងភូមិ​តា​ម៉ុ​ល សង្កាត់​ច្បារមន ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ នឹង​លេចចេញ​ជា​រូបរាង​ក្នុងពេល​ដ៏​ខ្លី​ខាងមុខ​។ ក្នុង​ពិធី​ប្រគល់ និង​ទទួល​មូល​ប្ប​ទា​នប​ត្រ​២​លានដុល្លារ​ពី​ណាហ្គា​វើ​ល​នៅ​ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០១៩ លោក ហ៊ុន ម៉ា​នី តំណាងរាស្ត្រ​មណ្ឌល​ខេត្តកំពង់ស្ពឺ​អះអាងថា កីឡដ្ឋាន​កំពង់ស្ពឺ​នឹង​បើក​ការដ្ឋាន​សាងសង់​នៅ​ពាក់កណ្តាល​ខែធ្នូ ឆ្នាំ​២០១៩​នេះ​។  


 
​ក្លិប​បាល់ទាត់​ណាហ្គា​វើ​ល​ចាត់ទុក​ការប្រកាស​កាលបរិច្ឆេទ​សាងសង់​នេះ​ថា ជា​ដំណឹង​មួយ​ដ៏​ល្អ​សម្រាប់​ក្លិប និង​អ្នកគាំទ្រ​ពួកគេ ជាពិសេស​ប្រជាពលរដ្ឋ​ក្នុង​ខេត្តកំពង់ស្ពឺ​។ ដ្បិត​ក្លិប​ណាហ្គា​វើ​ល នឹង​ប្រើប្រាស់​កីឡដ្ឋាន​នេះ ធ្វើជា​មូលដ្ឋាន​ហ្វឹកហាត់ និង​រៀបចំ​ការប្រកួត​នានា ពិសេស​ពេល​ខ្លួន​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​ការប្រកួត​ពានរ​ង្វាន់​លី​គ​កំពូល និង​ពាន​សម្តេច ហ៊ុន សែន ជាដើម​។​


 
​ជាមួយគ្នានេះ លោក វ៉ី សំណាង អភិបាលខេត្ត​កំពង់ស្ពឺ​បាន​ថ្លែងអំណរគុណ​ដល់​លោក ហ៊ុន ម៉ា​នី ដែល​ខិតខំ​ប្រឹងប្រែង​អភិវឌ្ឍ​ខេត្តកំពង់ស្ពឺ​។ អភិបាលខេត្ត​រូបនេះ​សង្ឃឹមថា ក្រោយ​កីឡដ្ឋាន​នេះ នឹង​ជួយ​អភិវឌ្ឍ​វិស័យ​កីឡាបាល់ទាត់​ខេត្តកំពង់ស្ពឺ​ឲ្យ​កាន់តែ​រីកចម្រើន ជួយ​កសាង​ធនធាន​យុវជន និង​កាត់បន្ថយ​សកម្មភាព​នានា ដែល​សង្គម​ស្អប់ខ្ពើម​ជាដើម​។ 
 
«​ខ្ញុំ​សង្ឃឹមថា ក្រោយ​ពេលដែល​កីឡដ្ឋាន​នេះ​ត្រូវបាន​សាងសង់​រួច យុវជន​ខេត្តកំពង់ស្ពឺ អាច​កសាង​ខ្លួន​ទៅជា​ពលរដ្ឋ​ដែល​ល្អ​ជាង​មុន​ក្នុងសង្គម ដោយ​មិន​ជាប់​ជាមួយនឹង​គ្រឿងញៀន​ឬក៏​បងតូច បងធំ នៅក្នុង​ភូមិឋាន តាមរយៈ​ការ​ងាក​មកលេង​កីឡា​ដើម្បី​សុខភាព​វិញ​»​។ នេះ​ជាការ​លើកឡើង​របស់លោក វ៉ី សំណាង​។ 
 
​តែ​យ៉ាងណា យើង​មិនទាន់​ដឹង​កីឡដ្ឋាន​នេះ​សាងសង់​លើ​ទំហំ​ផ្ទៃដី​ប៉ុន្មាន ចំណាយ​ថវិកា​ប៉ុន្មាន និង​គ្រោង​បញ្ចប់​ការសាងសង់​នៅពេលណា​នៅឡើយ​ទេ​៕   
 

Tag:
 ​បាល់ទាត់​
  ណាហ្គា​វើ​លដ៍​
  កំពង់ស្ពឺ​
© រក្សាសិទ្ធិដោយ thmeythmey.com