កីឡាជាតិ
ជាតិ
កីឡាករ​គុន​ល្បុក្កតោ​ទទួលបាន​កម្លាំងចិត្ត​ពី Pacquiao មុន​ការប្រកួត​កីឡា​ស៊ី​ហ្គេម​
17, Nov 2019 , 8:29 am        
រូបភាព
ដោយ:
​ស្តេច​ប្រដាល់សកល​ហ្វីលីពីន Manny Pacquiao ជូនពរ​ឲ្យ​កីឡាករ​គុន​ល្បុក្កតោ​ទទួលបាន​ជោគជ័យ​ក្នុងការ​ប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣០ ដែល​ហ្វីលីពីន​ធ្វើ​ម្ចាស់ផ្ទះ​នៅ​ឆ្នាំនេះ​។ សមាជិក​ព្រឹទ្ធសភា​រូបនេះ ក៏បាន​អរគុណ​ដល់​សហព័ន្ធ​កីឡា​គុន​ល្បុក្កតោ​កម្ពុជា​ផងដែរ ចំពោះ​ការសហការ និង​បញ្ជូន​កីឡាករ​ឲ្យ​ចូលរួម​ប្រកួត​កីឡា​ដំបង​ខ្លី ដែលជា​កីឡា​ប្រពៃណី​របស់​ហ្វីលីពីន​។​

 
​កីឡាករ​កីឡាការិនី​គុន​ល្បុក្កតោ​កម្ពុជា​ត្រូវ​ប្រកួត​លើ​វិញ្ញាសា​ដំបង​ខ្លី Arnis ដែលជា​កីឡា​ប្រពៃណី​របស់​ហ្វីលីពីន​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម ដែល​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​៣០ ខែវិច្ឆិកា ដល់​ថ្ងៃទី​១១ ខែធ្នូ ឆ្នាំ​២០១៩ នៅ​ប្រទេស​ហ្វីលីពីន​។ មុន​ការប្រកួត​មកដល់​កីឡាករ​គុន​ល្បុក្កតោ​កម្ពុជា ដែល​កំពុង​បោះជំរំ​ហ្វឹកហាត់​នៅ​ហ្វីលីពីន ទទួលបាន​កម្លាំងចិត្ត​យ៉ាង​ធំ ពី​ស្តេច​ប្រដាល់​របស់​ហ្វីលីពីន Manny Pacquiao​។​
 
​ក្រៅពី​ការលើកទឹកចិត្ត Pacquiao បាន​ជូនពរ​ឲ្យ​កីឡាករ​គុន​ល្បុក្កតោ​ទទួលបាន​ជោគជ័យ​ក្នុងការ​ប្រកួត​កីឡា​ស៊ី​ហ្គេម ទោះ​ពួកគេ​ត្រូវ​ប្រជែង​ជាមួយ​កីឡាករ​របស់​ហ្វីលីពីន​ក៏ដោយ​។ ការលើកទឹកចិត្ត និង​ជូនពរ​របស់​ស្តេច​ប្រដាល់​រូបនេះ ធ្វើឡើង​ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​ប្រតិភូ​កីឡា​គុន​ល្បុក្កតោ​កម្ពុជា នៅ​ថ្ងៃទី​១២ ខែវិច្ឆិកា នា​វិមាន​វិមាន​ព្រឹទ្ធសភា​ហ្វីលីពីន​។ 
 
​ក្នុងឱកាស​នោះដែរ សមាជិក​ព្រឹទ្ធសភា​រូបនេះ ក៏បាន​ថ្លែងអំណរគុណ​ផងដែរ ដល់​សហព័ន្ធ​កីឡា​គុន​ល្បុក្កតោ​កម្ពុជា​ចំពោះ​កិច្ចសហការ និង​បញ្ជូន​កីឡាករ​ឲ្យ​ចូលរួម​ប្រកួត​លើ​វិញ្ញាសា Arnis ដែលជា​កីឡា​ប្រពៃណី​របស់​ហ្វីលីពីន​។ បើតាម​លោក អ៊ួ តារា អគ្គលេខាធិការ​សហព័ន្ធ​កីឡា​គុន​ល្បុក្កតោ​កម្ពុជា កម្ពុជា​កំពុងធ្វើការ​យ៉ាង​សស្រាក់សស្រាំ​ជាមួយ​ហ្វីលីពីន ដើម្បី​បង្កើត​សហព័ន្ធ​កីឡា​គុន​ល្បុក្កតោ​នៅ​ប្រទេស​ហ្វីលីពីន​។ 
 
«​ជំនួប​នេះ គឺមាន​សារៈសំខាន់​សម្រាប់​កម្ពុជា និង​ហ្វីលីពីន ដោយ​យើង​នឹង​មានការ​ជ្រោមជ្រែង​ជា​ផ្លូវការ​មួយ​ក្នុង​ការពង្រីក​សក្តានុពល​គុន​ល្បុក្កតោ​លើទឹក​ដី​ហ្វីលីពីន​សម្រាប់ SEA Games 2023 និង​ថ្ងៃ​អនាគត និង​ពង្រឹង​បន្ថែម​លើ​កីឡា​ប្រយុទ្ធ​ដំបង​ខ្លី ARNIS​។ សម្រាប់ SEA Games បន្ទាប់​នៅ​វៀតណាម ក៏​គ្រោង​ដាក់​ប​ញ្ជូ​ល​វិញ្ញាសា​នេះ​ផងដែរ​»​។ នេះ​ជាការ​លើកឡើង​របស់លោក អ៊ួ តារា​។ 
 
​គួររំលឹកថា នៅ​ថ្ងៃទី​១២ វិច្ឆិកា ប្រតិភូ​កីឡា​គុន​ល្បុក្កតោ​កម្ពុជា​ក្រោម​ការដឹកនាំ​របស់លោក អ៊ួ តារា ត្រូវបាន​ភាគី​ហ្វីលីពីន​អញ្ជើញ​ឲ្យ​ធ្វើ​ទស្សនកិច្ច​វិមាន​ព្រឹទ្ធសភា​ហ្វីលីពីន និង​ជួប​សំណេះសំណាល​ជា​សមាជិក​មួយចំនួន ដែលមាន​ទាំង​ស្តេច​ប្រដាល់ Manny Pacquiao​។ បើតាម​លោក អ៊ួ តារា ការទទួលបាន​ឱកាស​ទស្សនកិច្ច​នេះ គឺ​ដោយសារ​សហព័ន្ធ​កីឡា​គុន​ល្បុក្កតោ​កម្ពុ​ជាមាន​ទំនាក់ទំនង​ល្អ​ជាមួយ​សមាជិក​ព្រឹទ្ធសភា ដែល​ធ្វើការ​ពាក់ព័ន្ធ​វិស័យ​កីឡា​៕ 

Tag:
 ​ល្បុក្កតោ​
  អ៊ួ តារា​
  Manny Pacquiao
  SEA Games
© រក្សាសិទ្ធិដោយ thmeythmey.com