ជាតិ
អចលនទ្រព្យ
បារាំង​ចង់​វិនិយោគ​លើ​គម្រោង​ទឹកស្អាត នៅ​ខេត្ត​ព្រះសីហនុ​
17, Nov 2019 , 8:59 am        
រូបភាព
ដោយ: ថ្មីៗ
​លោកស្រី Eva Nguyen Binh ឯកអគ្គរដ្ឋទូត​បារាំ​ង​បាន​ថ្លែងថា ក្រុមហ៊ុន​បារាំង​មានបំណង​វិនិយោគ​ផ្នែក​ទឹកស្អាត នៅក្នុង​ខេត្ត​ព្រះសីហនុ ដោយសារតែ​គម្រោង​វិនិយោគ​កើនឡើង​យ៉ាងគំហុក ដែល​ធ្វើ​ឲ្យ​ខេត្ត​ជាប់​សមុទ្រ​មួយ​នេះ ប្រឈម​នឹង​ការខ្វះខាត​ទឹកស្អាត​ប្រើប្រាស់​។​


​ថ្លែង​ក្នុងជំនួប​ជាមួយ​លោក គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ កាលពីពេល​ថ្មីៗ​នេះ លោកស្រី ឯកអគ្គរដ្ឋទូត​បារាំ​ង​បាន​ថ្លែងថា ខេត្ត​ព្រះសីហនុ មានការ​អភិវឌ្ឍ​លឿន​។ លោកស្រី​បន្តថា ទីភ្នាក់ងារ​អភិវឌ្ឍ​បារាំង បាន​សហការ​ជាមួយ​កម្ពុជា លើ​គម្រោង​ទឹកស្អាត នៅ​រាជធានី​ភ្នំពេញ និង​ខេត្តសៀមរាប ហើយក៏​ចង់​មក​វិនិយោគ​ទឹកស្អាត នៅ​ខេត្ត​ព្រះសីហនុ​ផងដែរ ដោយសារតែ​កំណើន​ប្រជាពលរដ្ឋ​មា ន​ការកើនឡើង និង​ការអភិវឌ្ឍ​យ៉ាង​លឿន បញ្ហា​ទឹកស្អាត ក៏​ជា​តម្រូវការ​មួយ​ផងដែរ​។​
 
​បន្ថែម​លើ​នេះ លោកស្រី​ថា គោលបំណង​នៃ​ដំណើរ​ទស្សនកិច្ច​មកកាន់​ខេត្ត​ព្រះសីហនុ គឺ​ដើម្បី​ពិនិត្យមើល​គម្រោង​មួយចំនួន ដែល​អភិវឌ្ឍន៍​ដោយ​សហគ្រាស​បារាំង និង​ពិនិត្យមើល​គម្រោង​អភិវឌ្ឍ​មួយចំនួនទៀត នៅក្នុង​ខេត្ត​ព្រះសីហនុ​។​
 
​វិនិយោគ​មកពី​បារាំង បានរួម​ចំណែក​អភិវឌ្ឍន៍​ជាច្រើន នៅ​ខេត្ត​ព្រះសីហនុ ក៏ដូចជា​ប្រទេស​កម្ពុជា រួមមាន​គម្រោង អភិវឌ្ឍន៍​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ កោះ​ឫស្សី អាកាសយានដ្ឋាន​អន្តរជាតិ ខេត្ត​ព្រះសីហនុ និង​គម្រោង​អភិវឌ្ឍន៍​មួយចំនួនទៀត នៅក្នុង​ខេត្ត​ព្រះសីហនុ​។​
 
​ឆ្លើយតប​ទៅនឹង​ការលើកឡើង​នេះ លោក គួច ចំរើន បាន​ថ្លែងថា សម្រាប់​ខេត្ត​ព្រះសីហនុ មាន សមិទ្ធផល​របស់​បារាំង ដូចជា​ទំនប់ ប៊ុល​ឌែ នៅ​ស្រុក​ព្រៃនប់ មាន​សារសំខាន់​ណាស់​សម្រាប់​ឱ្យ​ប្រជាកសិករ ធ្វើ​កសិកម្ម​លើ​ផ្ទៃដី ១៥,០០០ ហិកតា ដោយសារតែ​រដូវវស្សា​មាន​ជំនន់​ទឹកភ្លៀង ធ្វើឱ្យ​ទំនប់​នេះ មានការ​ខូចខាត​នៅ​កន្លែង​មួយចំនួន​។ ម្យ៉ាងទៀត ទំនប់​ប៊ុល​ឌែ​នេះ មាន​សភាព​ចាស់​ទ្រុឌទ្រោម ដែល​កន្លងមក​ក្រសួង​ធន​ធន​ទឹក បាន​ជួសជុល​ជូន​ប្រជាពលរដ្ឋ​ប្រើប្រាស់​។​
 
​លោក​បានលើកឡើង​ពី​កត្តា​ភូមិសាស្ត្រ និង​សក្ដានុពល​របស់​ខេត្ត ដែលមាន​ឆ្នេរសមុទ្រ ១៧៥ គីឡូម៉ែត្រ កោះ ៣២ ដែល​រាជរដ្ឋាភិបាល បានកំណត់​ខេត្ត​ព្រះសីហនុ ជា​តំបន់​សេដ្ឋកិច្ច​គម្រូ​ពហុ​បំណង ដែលមាន​បណ្ដាញ​គមនាគមន៍​ត​ភ្ជាប់​មាន​កំពង់ផែ​ទឹក​ជ្រៅ ផ្លូវដែក ផ្លូវគោក ផ្លូវអាកាស កំពុង​សាងសង់​ផ្លូវ​ល្បឿន​លឿន​ពី​ភ្នំពេញ មកកាន់​ខេត្ត​ព្រះសីហនុ និង​អាច​រួចរាល់​នៅ​ចុងឆ្នាំ​២០២២​។​
 
​ដោយឡែក​រាជរដ្ឋាភិបាល​កម្ពុជា បានធ្វើ​សម្បទាន​ព្រលានយន្តហោះ​អន្តរជាតិ ខេត្ត​ព្រះសីហនុ ទៅឱ្យ​ក្រុមហ៊ុន​បារាំង ក្នុង​កិច្ចសហប្រតិបត្តិការ​ជំរុញ​អភិបាលកិច្ច​។ បច្ចុប្បន្ន មាន​ប្រជ​ពលរដ្ឋ​បារាំង មក​វិនិយោគ​នៅ​ខេត្ត​ព្រះសីហនុ ដោយ​បង្កើតជា​ក្លិប និង​ភោជនីយដ្ឋាន ជាដើម​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com