ជាតិ
ប្រើ​ទូរ​សព្ទ​កាន់តែ​ទំនើប បង្ក​ឲ្យ​ប៉ះពាល់​ភ្នែក​កាន់តែខ្លាំង តាមរយៈ​ពន្លឺ​សិប្បនិម្មិត​របស់​វា​
17, Nov 2019 , 9:29 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ទូរ​សព្ទ​ឆ្លាត​វៃ ឬ​ហៅថា Smart Phone គឺជា​ឧបករណ៍​បច្ចេកវិទ្យា​ដ៏​ទំនើប និង​ពេញនិយម​សម្រាប់​បំពេញតម្រូវការ​របស់​មនុស្ស នាពេល​បច្ចុប្បន្ន​។ ព្រោះតែ​លក្ខណពិសេស និង​ផ្តល់​ភាពងាយស្រួល​របស់​អ្នកប្រើប្រាស់ ជាពិសេស យុវជន​ដែល​ពួកគេ​បាន​ចំណាយពេល​ប្រើប្រាស់​ទូរស័ព្ទ​ឆា្លត​វៃ​ជាច្រើន​ម៉ោង ក្នុង​មួយថ្ងៃៗ សម្រាប់​ស្រាវជ្រាវ​ឯកសារ​មេរៀន​, ប្រើប្រាស់​បណ្តាញ​សង្គម​, លេង​ហ្គេម​, មើល YouTube ជាដើម​។ ទាំងអស់នេះ​សុទ្ធសឹងតែ​ធ្វើ​ឲ្យ​ប៉ះពាល់​សុខភាព ជាពិសេស ខួ​ក្បាល និង​ភ្នែក ពី​បន្តិច​ម្តងៗ រហូត​អាច​បង្ក​ទៅជា​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​។ វេជ្ជបណ្ឌិត ស៊ុន សារិន ឯកទេស​ជំងឺ​ភ្នែក នៃ​មន្ទីរពេទ្យ​ព្រះ​អង្គឌួង បាន​ឲ្យ​ដឹងថា ការប្រើប្រាស់​ទូរស័ព្ទ​កាន់តែ​ទំនើប មាន​ផលប៉ះពាល់​កាន់តែច្រើន តាមរយៈ​ពន្លឺ​សិប្បនិម្មិត​របស់​វា​។​

 
«​ខ្ញុំ​មិនដឹងថា ប៉ះពាល់​អ្វី​ខ្លៈ​ទេ​! គ្រាន់តែ​ដឹងថា ពេល​មើល​(Smart Phone) យូរ​ឈឺភ្នែក និង​ឈឺ​ត្រចៀក​ពេល​ស្តាប់​កាស​»​។ នេះ​ជាការ​អះអាង​របស់​និស្សិត សន សុវណ្ណ​គិរី ដែល​កំពុង​បន្ត​ការសិក្សា​នៅ​ប្រទេស​វៀតណាម​។ យុវជន សុវណ្ណ​គិរី ប្រើប្រាស់​ទូរស័ព្ទ​ឆ្លាត​វៃ​ជា​មធ្យម​៤​ម៉ោង​ក្នុង​មួយ ដើម្បី​ស្រាវជ្រាវ​មេរៀន  បច្ចេកវិទ្យា​ព័ត៌មាន​ថ្មីៗ​ទាក់ទង​នឹង​មុខជំនាញ​របស់ខ្លួន និង​ប្រើប្រាស់​បណ្តាញ​សង្គម​ជាដើម​។​


 
​សម្រាប់​កញ្ញា សោម សុភាព បាន​រៀបរាប់​ពី​អាការ​នៃ​ការប្រើប្រាស់​ទូរស័ព្ទ​ឆ្លាត​វៃ​ច្រើន​ម៉ោង ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា​៖«​ការប្រើ​ទូរស័ព្ទ​វា​ប៉ះពាល់​ដែរ ពេល​មើល​ដំបូង​សប្បាយ តែ​ដល់​យូៗ​ក៏​ធុញ​វិញ ហើយ​ព្រិល​ភ្នែក ឈឺក្បាល និង​អត់​ស្រួលខ្លួន តែ​ធ្វើ​ម៉េច​បើ​ត្រូវ​ប្រើ​វា​»​។ ជាទូទៅ និស្សិត​ដែល​ពាក់​វែ​នតា​ម្ញូ​ប​កំពុង​សិក្សា​ជំនាញ​គីមីវិទ្យា នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ រូបនេះ ចំ​បាច់​ត្រូវ​ប្រើប្រាស់​ទូរស័ព្ទ​ឆ្លាត​វៃ​ច្រើន​ម៉ោង​បែបនេះ នៅក្នុង​ទំនាក់ទំនង​ទៅកាន់​គ្រួសារ​, ធ្វើ​ការងារ និង​ប្រើប្រាស់​បណ្តាញ​សង្គម​។​


 
​កញ្ញា ភួន សំ​ភ័​ស្ត្រ ដែល​បាន​ចំណាយ​ពេលវេលា​ជាមួយ​ទូរស័ព្ទ​ឆ្លាត​វៃ​ក្នុង​មួយថ្ងៃ ចន្លោះ​ពី​៤​ទៅ​៥​ម៉ៅ​ង នៅ​ថ្ងៃ​ឈប់សម្រាក​ពី​ការងារ និង​ពី​១​ទៅ​២​ម៉ោង នៅពេល​ទំនេរ​ពី​ដៃ​ពី​ការធ្វើការងារ យល់​យ៉ាង​ដូច្នេះ​៖«​ផលប៉ះពាល់​អាស្រ័យទៅលើ​អ្នកលេង​(​អ្នកប្រើប្រាស់​ទូរស័ព្ទ​ឆ្លាត​វៃ​) ហើយ​ខ្ញុំ​គិតថា វា​មាន​ផលប្រយោជន៍​ច្រើន​។ យ៉ាងណាក៏ដោយ​កញ្ញា សំ​ភ័​ស្ត្រ បញ្ជាក់ថា ពេល​កាន់​ទូរស័ព្ទ​ឆ្លាត​វៃ​នេះ​មើល​យូរ ដៃ​របស់​កញ្ញា​ចាប់ផ្តើម​ស្ពឹក និង​ព្រិល​ភ្នែក​។​


 
​ការប្រើប្រាស់​ទូ​ស័​រ​ព្ទ​ឆា​ត់​វ័យ ឬ Smart Phone ច្រើន​ម៉ោង​ក្នុង​មួយថ្ងៃ ប្រាកដជា​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​រាងកាយ ជាពិសេស​គឺ​ភ្នែក​។ លោក​វេជ្ជបណ្ឌិត ស៊ុន សារិន ឯកទេស​ជំងឺ​ភ្នែក​នៃ​មន្ទីរពេទ្យ​ព្រះអង្គ​ឌួង នា​រាជធានី​ភ្នំពេញ បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា​៖«​ការប្រើ​ទូរស័ព្ទ​កាន់តែ​ទំនើប មាន​ផល​ប៉ៈ​ពាល់​កាន់តែច្រើន តាមរយៈ​ពន្លឺ​សិប្បនិម្មិត ប្រសិនបើ ប្រើ​យើង​វា​ពុំបាន​ត្រឹមត្រូវ​»​។​
 
​លោក​វេជ្ជបណ្ឌិត​បានបញ្ជាក់​ថា នៅពេល​ភ្នែក​ប្រឹង​សម្លឹងមើល​ទូរស័ព្ទ​ដោយនៅ​ជិត និង​ប្រើ​រយៈពេល​ច្រើន​ម៉ោង​ជាប់​គ្នា នោះ​នឹងធ្វើ​ឲ្យ​ភ្នែក​ហត់នឿយ ព្រមទាំង​ប្រឈម​នឹង​បញ្ហា​ជាច្រើន​ទៀត​។ ចំពោះ​កុមារ ការប្រើ​ឧបករណ៍​អេ​ឡិ​ក​ត្រូ​និក​នេះ ពុំបាន​ត្រឹមត្រូវ នឹង​បង្ក​ទៅជា​ម្ញូ​ប​ភ្នែក​។ រីឯ បញ្ហា​ប្រឈម​ទូទៅ ចំពោះ​មនុស្ស​គ្រប់​វ័យ មានដូចជា ធ្វើ​ឲ្យ​ភ្នែក​ស្ងួត​, រោយ​ភ្នែក និង​បង្ករ​ទៅជា​ភ្នែក​ឡើងបាយ​។​


 
​រោគសញ្ញា​ដែល​អាច​សម្គាល់​បាន​ថា ភ្នែក​របស់​យើង​កំពុងមាន​បញ្ហា ត្រូវបាន​លោក ស៊ុន សារិន ឯកទេស​ជំងឺ​ភ្នែក បញ្ជាក់ថា មានដូចជា ចាប់ផ្តើម​ចាញ់​ពន្លឺ​, ក្តៅ​និង​ក្រហាយ​ភ្នែក​, មាន​ហៀរ​ទឹកភ្នែក និង​ឆាប់​រោយ​ភ្នែក​ជាដើម​។ ប្រសិនបើ ដឹងថា​ខ្លួនឯង មាន​រោគសញ្ញា​បែបនេះ​លោក​វេជ្ជបណ្ឌិត សារិន ឲ្យ​ទៅពិនិត្យ និង​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជំនាញ ដើម្បី​ព្យាបាល​ឲ្យ​បាន​ត្រឹមត្រូវ​។​
 
​ដើម្បី​កាត់បន្ថយ​ផលប៉ះពាល់​ដល់​ភ្នែក តាមរយៈ​ការមើល​ទូរស័ព្ទ​ឆ្លាត​វៃ លោក​វេជ្ជបណ្ឌិត ស៊ុន សារិន បានផ្តល់​យោបល់​ថា ត្រូវ​កាត់បន្ថយ​ការប្រើប្រាស់​នូវ​អ្វីដែល​មិនចាំបាច់​, ជៀសវាង​ការមើល​ជិត​ពេក និង​អាច​មើល​ទូរស័ព្ទ​ឆ្លាត​វៃ​នេះ​ត្រឹម​មួយ​ម៉ោង ត្រូវ​សម្រាក​ភ្នែក​ឲ្យ​បាន​១០​ទៅ​១៥​នាទី​ម្តង ដោយ​សម្លឹង​មើលទៅ​ឆ្ងាយ​។ សម្រាប់​អ្នក​ដែល​ប្រើប្រាស់​កុំព្យូទ័រ ក៏ត្រូវ​ធ្វើ​របៀបនេះ​ដូចគ្នា​។ បន្ថែម​ពីនេះ អ្នកឯកទេស​ជំងឺ​ភ្នែក នៃ​មន្ទីរពេទ្យ​ព្រះ​អង្គឌួង រូបនេះ ក៏បាន​ណែនាំ​ឲ្យ​ទទួលទាន​បន្លែ​ឲ្យ​បាន​ច្រើន ជាពិសេស ប្រភេទ​បន្លែ​ដែល​សម្បូរ​វីតាមីន​អា​(A) ដូចជា មើម​ការ៉ុត និង​ផ្លែ​ល្ហុង​ជាដើម​៕

Tag:
 ជាតិ​
  សង្គម​
  យុវជន​
  ជំងឺ​ភ្នែក​
  Smart Phone
 
© រក្សាសិទ្ធិដោយ thmeythmey.com