ភ្នំពេញ៖ ភាគីកម្ពុជា និងចិននឹងរៀបចំកិច្ចពិភាក្សាផ្លូវការលើកដំបូងស្ដីពីការសិក្សាលទ្ធភាពកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងភាគីចិន និងកម្ពុជា នៅទីក្រុងបេកាំង នៅថ្ងៃទី៣ខែធ្នូ។ នេះបើតាមប្រកាសព័ត៌មានរបស់ស្ថានទូតចិនប្រចាំកម្ពុជា នៅថ្ងៃទី១៤ខែវិច្ឆិកា។
ស្ថានទូតចិនបានលើកឡើងដូច្នេះថា៖«នេះជាការរៀបចំដ៏ពិសេសមួយនៃភាគីចិន ដោយផ្អែកលើទំនាក់ទំនងមិត្តភាពរវាងចិន និងកម្ពុជា។ កន្លងមកនេះ ស្ថាប័នពាណិជ្ជកម្មរវាងភាគីចិន និងកម្ពុជាបានបង្កើតយន្តការទំនាក់ទំនងរួចជាស្រេច ដើម្បីជំរុញកិច្ចការដែលពាក់ព័ន្ធឲ្យមានទំនាក់ទំនងយ៉ាងជិតស្និទ្ធល្អ»។
លោក ស៊ាង ថៃ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម ថ្លែងប្រាប់សារព័ត៌មានថ្មីៗនៅថ្ងៃទី១៥ខែវិច្ឆិកា ថា ការរៀបចំកិច្ចប្រជុំនៅខែធ្នូខាងមុខនេះ ត្រូវធ្វើឡើងបន្ទាប់ពី ថ្នាក់ដឹកនាំរដ្ឋាភិបាល ក៏ដូចជាថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ បានជួបជែកពីលទ្ធភាពកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA)នេះ នាពេលកន្លងមក។ លោកប្រាប់ទៀតថា គណៈប្រតិភូក្រសួងពាណិជ្ជកម្មរបស់កម្ពុជា នឹងទៅពិភាក្សាជាមួយភាគីចិន តាមការគ្រោងទុក។
អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មរូបនេះ ចាត់ទុក FTA នេះជាឱកាសជំរុញទំនាក់ទំនងសេដ្ឋកិច្ចទ្វេភាគីកម្ពុជា និងចិន។ លោក ស៊ាង ថៃ បញ្ជាក់ដូច្នេះថា៖«នេះជាជំហានថ្មីមួយ ដែលធ្វើទំនាក់ទំនងឲ្យកាន់តែជិតស្និទថែមទៀត ជាពិសេសជំរុញវិស័យពាណិជ្ជកម្ម វិនិយោគបន្ថែមទៀត ដើម្បីបង្កើនទំហំពាណិជ្ជកម្មសរបស់ប្រទេសទាំងពីរ»។
ទំហំពាណិជ្ជកម្មទ្វេភាគីរវាងចិន និងកម្ពុជា ក្នុងឆ្នាំ២០១៨ មានចំនួន ៧០០៨ លានដុល្លារអាមេរិក កើនឡើងជិត១ពាន់លាន ធៀបនឹងឆ្នាំ២០១៧ ដែលមានចំនួន ៦០៤០លានដុល្លារ។ ក្នុងនោះ កម្ពុជានាំចេញទៅចិនត្រឹមចំនួន ៨៦៤លានដុល្លារ ខណៈនាំចូលពីចិនមកវិញទំហំ ៦១៤៤លានដុល្លារ។ នេះបើតាមតួលេខដែលទទួលបានពីលោក ស៊ាង ថៃ ។
ជាការពិត ទំហំពាណិជ្ជកម្មទ្វេភាគីខាងលើនេះ មានឱនភាពខ្លាំង ពោលគឺកម្ពុជានាំចេញទៅចិនតិចតួច បើធៀបនឹងការនាំចូលមកវិញរបស់ចិន។
តើកម្ពុជានឹងខាតបង់មែនទេ បើចុះមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយចិន?
លោក ស៊ាង ថៃ លើកឡើងថា FTA នេះ នឹងមិនធ្វើឲ្យកម្ពុជាខាតបង់នោះឡើយ តែផ្ទុយទៅវិញនឹងធ្វើឲ្យចំណេញ តាមរយៈការពង្រីកការនាំចេញទៅចិន។ លោកគូសបញ្ជាក់ដូច្នេះថា៖«យើងទទួលស្គាល់ថាសព្វថ្ងៃ ការនាំចេញរបស់កម្ពុជាទៅចិន គឺតិចតួចជាងចិននាំមកកម្ពុជា។ នៅពេលដែលយើងមាន FTA ចិនក្លាយជាទីផ្សារធំរបស់យើងដែលអាចឲ្យយើងនាំចេញបានច្រើនជាងមុន អ៊ីចឹងបានយើងខំធ្វើ FTA នេះ»។
លោក ស៊ាង ថៃ បន្តដូចនេះទៀតថា៖«សព្វថ្ងៃយើងនាំទំនិញទៅចិន ពិសេសកសិផល វានៅជាប់លក្ខខណ្ឌអនាម័យ និងភូតគាមអនាម័យ(SPS) ហើយមកដល់ពេលនេះយើងបានចុះMOU ជាមួយចិន ទើបាន៤មុខប៉ុណ្ណោះ ហើយយើងព្យាយាមចរចាសម្រាប់មុខទំនិញច្រើនជាងនេះទៀត។ អ៊ីចឹងបើមាន FTA គឺយើងអាចនាំចេញបានច្រើនជាងមុន ព្រោះកាលណាមាន FTA គឺ MOU ទាំងអស់នោះ គឺត្រូវចុះហត្ថលេខាអស់ហើយ អាចចុះហត្ថលេខាជាកញ្ចប់»។
បើតាមលោក ស៊ាង ថៃ ភាគីទាំងពីរនឹងពិភាក្សាគ្នាលើ៤ផ្នែកសំខាន់។ លោកពន្យល់បែបនេះថា៖«បង្កើតកិច្ចព្រមព្រៀងសេរីនេះ គឺគ្របដណ្ដប់លើវិស័យសំខាន់ៗចំនួន៣ រួមទាំងវិស័យផ្សេងៗ១ទៀត។ ដូចនេះ ការចរចាបើសម្រេចលើវិស័យណាមួយ គឺអត់ទាន់ជាពាណិជ្ជកម្មសេរីនោះទេ ពាណិជ្ជកម្មសេរីទាល់តែមានវិស័យទាំងអស់នេះ។ ទី១ គឺពាណិជ្ជកម្មទំនិញ ដែលគេចរចារឿងកាត់ពន្ធ(បន្ថយ ឬលុបចោល) បញ្ហាបច្ចេកទេសរបាំងទាំងពន្ធគយ និងមិនមែនពន្ធគយទាំងអស់ហ្នឹង។ ទី២ គឺចរចាផ្នែកពាណិជ្ជកម្មសេវាកម្ម ដែលមានប្រហែល១០៥ អនុវិស័យសេវាកម្មក្នុងនោះ គឺគេចរចាអំពីការបើកទីផ្សារឲ្យគ្នាទៅវិញទៅមក ដោយរបៀបម៉េច។ ទី៣ ចរចាផ្នែកវិនិយោគ តើវិស័យអ្វីយើងបើកឲ្យគេមកធ្វើ វិស័យអ្វីដែលយើងហាមឃាត់ វិស័យអ្វីដែលត្រូវតែមានខាងគេខ្លះ ខាងយើងខ្លះ។ ក៏ប៉ុន្តែកម្ពុជាមិនមានបញ្ហាអ្វីនោះទេសម្រាប់ការចរចាផ្នែកវិនិយោគ ព្រោះកម្ពុជាមានរបប ឬច្បាប់វិនិយោគ គឺមានលក្ខណៈសេរីជាងគេក្នុងតំបន់។ ទី៤ គឺបញ្ហាផ្សេងៗ កិច្ចសម្របសម្រួលពាណិជ្ជកម្មផ្សេងៗ»៕