ជាតិ
​​​ន​យោ​បាយ​ជាតិ​
២​ឆ្នាំក្រោយ​តុលាការ​រំលាយ CNRP!
16, Nov 2019 , 4:18 pm        
រូបភាព
ទីស្នាក់ការ​របស់​គណបក្ស​សង្គ្រោះជាតិ នៅចាក់អង្រែ រាជធានី ត្រូវបានលុប Logo ចេញកាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ​២០១៧។ រូបថត AFP
ទីស្នាក់ការ​របស់​គណបក្ស​សង្គ្រោះជាតិ នៅចាក់អង្រែ រាជធានី ត្រូវបានលុប Logo ចេញកាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ​២០១៧។ រូបថត AFP
​ភ្នំពេញ​៖ ថ្ងៃនេះ ពីរ​ឆ្នាំមុន គណបក្ស​សង្គ្រោះ​ជាតិ ត្រូវបាន​តុលាការ​កំពូល​សម្រេច​រំ​លាយ តាម​បណ្ដឹង​របស់​ក្រសួងមហាផ្ទៃ​។ តុលាការ​បានសម្រេច​រំ​លាយ​បក្សប្រឆាំង​នេះ ក្រោម​ហេតុផល​ថា គណបក្ស​សង្គ្រោះ​ជាតិ ពិតជា​បាន​ឃុបឃិត​ជាមួយ​បរទេស ក្នុង​គោលបំណង​ចង់​ផ្ដួលរំលំ​រដ្ឋាភិបាល ដែលជា​បដិវត្ត​ពណ៌ ខុសច្បាប់​រដ្ឋធម្មនុញ្ញ​នៃ​ប្រទេស​កម្ពុជា​។​



២​ឆ្នាំមុន ក្រសួងមហាផ្ទៃ បាន​យក​ករណី​របស់លោក កឹម សុខា ដែល​ត្រូវបាន​សង្ស័យថា​ប្រព្រឹត្ត​អំពើ​ក្បត់ជាតិ ទៅ​ផ្សារភ្ជាប់​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ​ទាំងមូល ដើម្បី​ធ្វើជា​ភស្តុតាង​ដាក់​ទៅ​តុលាការ​។ ក្រសួងមហាផ្ទៃ យល់ថា គណបក្ស​សង្គ្រោះ​ជាតិ ក៏​អាច​ជាប់ទាក់ទង​នឹង​អំពើ​ក្បត់ជាតិ ដូច​លោក កឹម សុខា ដែរ ទើបបានជា​សុំ​ឲ្យ​តុលាការ​កំពូល រំលាយចោល ហើយ​ថែមទាំង​សុំ​ឲ្យ​ដកសិទ្ធិ​ពី​ថ្នាក់ដឹកនាំ​គណបក្សប្រឆាំង​ដ៏​ធំ​មួយ​នេះ ក្នុង​ការធ្វើ​នយោបាយ​ថែមទៀត​។ ថ្នាក់ដឹកនាំ​នយោបាយ​របស់​គណបក្ស​ប្រឆាំង ចំនួន​១១៨​នាក់ ត្រូវបាន​តុលាការ សម្រេច​ផ្អាក​សកម្មភាព​នយោបាយរ​យៈ​ពេល​៥​ឆ្នាំ តាម​សំណើ​របស់​ក្រសួងមហាផ្ទៃ​។​
 

 
​តុលាការ​កំពូល​ដែល​សម្រេច​សាលក្រម កាលណោះ​មាន​សមាសភាព​ចៅក្រម​កាត់ក្តី​ចំនួន​៩​រូប ដឹកនាំ​ដោយ​លោក ឌិ​ត មុន្ទី រួមទាំង​សមាជិក ៨ រូប ផ្សេងទៀត មាន​លោក ជីវ កេង លោក​ឃឹម ប៉ុណ្ណ លោក យូរ ឧត្តរា លោក គង់ ស្រ៊ី​ម លោក គង់ តារា​ឆាត លោក សេង នាង លោកស្រី សែម ស​ក្កិ​កូ​ឡា និង​លោកស្រី ចាំង ស៊ី​ណាត​។ ចំណែក​អគ្គព្រះរាជអាជ្ញា​គឺ​លោកស្រី ជា លាង​។​
 
​ទាំង​ការរំលាយ​បក្ស និង​ហាម​សកម្មភាព​នយោបាយ​រប​ស់​ថ្នាក់ដឹកនាំ​បក្ស​នេះ បានធ្វើឱ្យ​គណបក្ស​សង្គ្រោះ​ជាតិ បាត់បង់​សិទ្ធិ​ចូលរួម​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦ កាលពី​ថ្ងៃទី​២៩ កក្កដា ឆ្នាំ​២០១៨​ដែរ​។​

២​ឆ្នាំក្រោយ​នៃ​ការរំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​

​ជា​ការពិត​មិនអាច​ប្រកែក​បានទេ​ថា ការរំលាយ​គណបក្ស​ស​ង្គ្រោះ​ជាតិ បានធ្វើឱ្យ​សហគម​អន្តរជាតិ ដែល​យកចិត្ត​ទុក​លើ​បញ្ហានយោបាយ​នៅ​កម្ពុជា សម្លឹងមើល​ក្នុង​កែវភ្នែក​អវិជ្ជមាន និង​រឹតតែ​មិន​ពេញចិត្ត​ទៀត​នោះ ចំពោះ​ការបោះឆ្នោត ដែល​គ្មាន​វត្តមាន​គណបក្ស​សង្គ្រោះ​ជាតិ ដែលជា​គណបក្សប្រឆាំង​ដ៏​ធំជាងគេ​នៅ​កម្ពុជា​។​
 
​សេចក្តីថ្លែងការណ៍​រប​ស់​អន្តរជាតិ ដែល​មិន​គាំទ្រ​ដល់​សេចក្តីសម្រេច​របស់​តុលាការ និង​ការបោះឆ្នោត​នៅ​កម្ពុជា បានចេញ​ជា​បន្តបន្ទាប់ ប៉ុន្តែ​សុទ្ធតែ​ត្រូវបាន​រដ្ឋាភិបាល​ច្រានចោល ដោយ​ចាត់ទុកថា ជាការ​លូកដៃ​ចូល​កិច្ចការ​ផ្ទៃក្នុង និង​ឯករាជ្យ​របស់​កម្ពុជា​។ ដើម្បី​សម្រួល​ស្ថានការណ៍​បន្តិច​នោះ រដ្ឋាភិបាល​សម្ដេច ហ៊ុន សែន ដែល​ទទួលបាន​កៅអី​រដ្ឋសភា​ទាំង​១២៥​នោះ បានស្នើ​ទៅ​ព្រះមហាក្សត្រ ដើម្បី​ផ្ដល់​នីតិសម្បទា​នយោបាយ​ឡើងវិញ ដល់​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ណា ដែល​ចង់​ធ្វើ​នយោបាយ​ឡើងវិញ​។​
 
​គោលជំហរ​របស់​មន្ត្រី​គណបក្សប្រឆាំង​ដ៏​ធំ​មួយ​នេះ ចាប់ផ្ដើម​ប្រែប្រួល​រូបភាព​ថ្មី​។ មាន​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ជាច្រើន ដែល​បានស្នើ​ទៅ​សម្ដេច ហ៊ុន សែន ដើម្បី​សុំ​អន្តរាគមន៍​ជួយ​ឱ្យ​ពួកគេ​អាចធ្វើ​នយោបាយ​ឡើងវិញ​។ ក្នុងនោះ​រួមមាន លោក គង់ គាំ ,​លោក គង់ បូរ៉ា ,​លោក ស៊ីម សុវណ្ណនី ហៅ ស៊ីម វ៉ាន់​នី ,​លោក រៀល ខេ​ម​រិ​ន្ទ្រ ,​លោក អ៊ូ ច័ន្ទ​រ័ត្ន ,​លោក កង គឹម​ហាក់ ,​លោក ជីវ កត្តា ,​លោក ច័ន្ទ សិលា និង​លោកស្រី ទេព សុ​ទ្ធី ជាដើម​។ ការសុំ​សិទ្ធិ​ធ្វើ​នយោបាយ​នេះ ត្រូវបាន​គេ​មើលឃើញថា ពួកគេ​បាន​អនុវត្ត​ផ្ទុយ​ពី​ការអំពាវនាវ​របស់លោក សម រង្ស៊ី មេដឹកនាំ​បក្សប្រឆាំង ដែល​ប្រាប់​ឱ្យ​ពួកគេ​មិន​ត្រូវសុំ​សិទ្ធិ​ធ្វើ​នយោបាយ​វិញ​ឡើយ​។ 
 
 
​ក្រោយ​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​វិញ លោក គង់ គាំ សម្រេច​ទៅ​ចូលរួម​សកម្មភាព​នយោបាយ​ជា​កូនប្រុស​ខ្លួន​ម្នាក់ទៀត គឺ​លោក គង់ មូ​នី​កា ដែល​ប្រធាន​គណបក្ស​ឆន្ទៈ​ខ្មែរ ខណៈ​លោក គង់ បូរ៉ា ដែលជា​កូនប្រុស​លោក គង់ គាំ នោះ បាន​សុំ​ចូលរួម​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​។ ពេល​សម្រេចចិត្ត​សុំ​ធ្វើ​នយោបាយ​វិញ​ហើយ​នោះ លោក គង់ គាំ ក៏​តែងតែ​ចេញមុខ​រិះគន់​ពី​ផល​អវិជ្ជមាន​នៃ​ការដឹកនាំ​របស់លោក សម រង្ស៊ី មិន​តិ​ច​ដែរ​។​
 
​ចំណែក​លោក រៀល ខេមរិន្ទ ក៏​សម្រេចចិត្ត​ទៅ​បង្កើត​គណបក្ស​ថ្មី ដែលមាន​ឈ្មោះថា «​គណបក្ស​ខ្មែរ​អភិរក្សនិយម​» ដោយ​អះអាងថា ការសុំ​សិទ្ធិ​ធ្វើ​នយោបាយ​នេះ ដោយសារតែ​ខ្លួន​ចង់​ជួយ​ដោះស្រាយ​បញ្ហា​សង្គម ខណៈដែល​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវបាន​រំលាយ​។ ទាំងនេះ មិនទាន់​រាប់បញ្ចូល​មន្ត្រី​ថ្នាក់មូលដ្ឋាន​របស់​បក្ស​ប្រឆាំង​មួយ​នេះ ដែល​ទៅ​ចូលរួម​សកម្មភាព​នយោបាយ​ជាមួយ​គណបក្ស​ផ្សេងៗ​ទៀតផង​។​
 
 
​ដ្បិត​មាន​អ្នកអនុវត្ត​ផ្ទុយ​ពី​មេដឹកនាំ​ខ្លួន​ក្តី ប៉ុន្តែ​ក៏​នៅតែមាន​អ្នកតស៊ូ​ស្មោះស្ម័គ្រ​ជាមួយ​លោក សម រង្ស៊ី និង​លោក កឹម សុខា ដែរ​។ មន្ត្រី​ដែល​នៅ​តស៊ូ​ជាមួយ​លោក សម រង្ស៊ី នៅក្រៅ​ប្រទេស​នោះ មាន​លោក អេង ឆៃអ៊ាង លោក គង់ សភា លោក តុ​ប វ៉ាន់​ចាន់ លោកស្រី មួរ សុខ​ហួរ រួមទាំង​មន្ត្រី​ដែល​ធ្លាប់​រួមរស់​ជាមួយ​«​គណបក្ស សម រង្ស៊ី​» (​បច្ចុប្បន្ន​បាន​ប្ដូរ​ឈ្មោះ​មក​គណបក្ស​ភ្លៀង​ទាន​) ជាច្រើនរូប​ទៀត​។ អ្នក​ទាំងនោះ ខំប្រឹងប្រែង​ស្រែក​រិះគន់​រាល់​សកម្មភាព និង​ការដឹកនាំ​របស់​រដ្ឋាភិបាល​ពី​ក្រៅប្រទេស​។ ជាពិសេស​ដើរ​ជួប​មន្ត្រី​ទូត និង​អន្តរជាតិ​នៅ​ខាងក្រៅ ដើម្បីឱ្យ​ពួកគេ​ជួយ​ដោះស្រាយ​បញ្ហានយោបាយ​នៅ​កម្ពុជា​។​
 
«​របប​ហ៊ុន សែន ផ្ដាច់ការ​»​។ នេះ​ជា​ពាក្យ​ដែល​ក្រុម​មេដឹកនាំ​អតីតគណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​រស់នៅ​ក្រៅប្រទេស​ស្រែក​រិះគន់​រដ្ឋាភិបាល​ក​ម្ពុ​ជា​។​
 
​ងាក​ចេញពី​ក្រុម​លោក សម រង្ស៊ី គេ​ក៏​សង្កេតឃើញ​ដែរ​នូវ​សកម្មភាព​របស់​ក្រុមមន្ត្រី​របស់លោក កឹម សុខា ដែល​មកពី​«​គណបក្ស​សិទ្ធិមនុស្ស​» ។ ពួកគេ​ទាំងនេះ ហាក់​មាន​ភាពស្ងប់ស្ងាត់​បន្ដិច ដោយ​មិនសូវ​និយាយ​អ្វី ដែល​ប៉ះពាល់​ដល់​រដ្ឋាភិបាល​នោះទេ ក្រោយពី​គណបក្ស​សង្គ្រោះ​ជាតិ​រំលាយ ហើយ​លោក កឹម សុខា កំពុងស្ថិត​នៅក្នុង​ក្រោម​បទ​ចោទ «​ស​ន្ឋិ​ដ្ឋិ​និយម​ជាមួយ​បរទេស​»​។ មន្ត្រី​នយោបាយ​របស់លោក កឹម សុខា អនុវត្តតាម​គោលនយោបាយ​អហិង្សា ផ្សះផ្សា​ជាតិ និង​ដោះស្រាយ​បញ្ហា​ដោយ​សន្តិវិធី តាម​គោលការណ៍​របស់លោក កឹម សុខា​។​
 
«​អ្នក​អហិង្សា​និយម តែងតែ​បញ្ជាក់​ពី​គោលការណ៍​ខ្មែរ​តែមួយ នៅតែមាន​ឆន្ទៈ​ឥត​ប្រែប្រួល ប្រាថ្នា​ចង់ឱ្យមាន​ការផ្សះផ្សា​ជាតិ និង​ការបង្រួបបង្រួម​ជាតិ​»​។ លោក យ៉ែម បុញ្ញឫទ្ធិ និង​លោក មុត ចន្ថា មន្ត្រី​ស្និទ្ធ​លោក កឹម សុខា តែងតែ​សម្រង់​សម្តី​មេដឹកនាំ​ខ្លួន​បែបនេះ​។​
 
​ដោយសារ​សកម្មភាព​ស្ងៀមស្ងាត់​របស់លោក កឹម សុខា បែបនេះ ទើប​តុលាការ​សម្រួល​លក្ខខណ្ឌ​ឃុំខ្លួន​ឱ្យ​លោក អាច​ដើរចេញ​ផ្ទះ ទៅកាន់​គ្រប់​ទីកន្លែង​នៅ​ប្រទេស​កម្ពុជា លើកលែងតែ​ធ្វើ​សកម្មភាព​នយោបាយ និង​ចេញទៅ​ក្រៅប្រទេស​។ មិនតែប៉ុណ្ណោះ ចៅក្រម​ស៊ើបសួរ​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ ប្រកាស​បិទ​ការ​ស៊ើបសួរ​លើ​ករណី​លោក កឹម សុខា ពីបទ «​ស​ន្ឋិ​ដ្ឋិ​និយម​ជាមួយ​បរទេស​»​នេះដែរ​។​
 
 
​លោក កឹម សុខា បាន​ជួប​ទូត​បរទេស​៨​នាក់​ហើយ រូ​ម​មាន ទូត​បារាំង ទូត​អាមេរិក ទូត​អាល្លឺម៉ង់ ទូត​អូស្ត្រាលី ទូត​ជប៉ុន ទូត​អង់គ្លេស ទូត​ស្វី​ស និង​ទូត​សហភាព​អឺរ៉ុប ហើយនឹង​បន្ត​ជួប​ទូត​ដទៃទៀត​ដែរ ក្រោយ​ទទួលបាន​ការសម្រួល​លក្ខខណ្ឌ​ពី​តុលាការ​នេះ​។ «​ខ្ញុំ​សង្ឃឹមថា តទៅ​ថ្ងៃមុខ កម្ពុជា នឹង​ដើរ​ទៅរក​ផ្លូវ​ផ្សះផ្សា​ជាតិ ដែល​នាំមក​នូវ​ការអភិវឌ្ឍ យុត្តិធម៌ សេរីភាព​ពេញលេញ​ដល់​ខ្មែរ​គ្រប់​និន្នាការ និង​លើកកម្ពស់​មុខមាត់​កម្ពុ​ជា​នៅលើ​ឆាក​អន្តរជាតិ​»​។ នេះ​ជាការ​លើកឡើង​របស់លោក កឹម សុខា ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដែល​បាន​សរ​សរលើ​ហ្វេ​ស​ប៊ុ​ក​ខ្លួន កាលពី​ថ្ងៃទី ១៥ វិច្ឆិកា មួយថ្ងៃ​មុន​ខួប​ពីរ​ឆ្នាំ​នៃ​ការរំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​៕
 
 

Tag:
 កឹម សុខា​
  CNRP
  នយោបាយ
© រក្សាសិទ្ធិដោយ thmeythmey.com