អន្តរជាតិ
លោក ត្រាំ ទាមទារ​តូ​ក្យូ​ឲ្យ​ចំណាយលុយ​លើ​យោធា​៤​ដង​បន្ថែមទៀត​?
16, Nov 2019 , 8:59 pm        
រូបភាព
ប្រធានាធិបតីដូណាល់ ត្រាំ (ឆ្វេង) ចាប់ដៃជាមួយនាយករដ្ឋមន្រ្តីជប៉ុន ស៊ិនហ្សូ អាបេ នៅAkasaka Palace ទីក្រុងតូក្យូ ,រូបភាព៖ Reuter
ប្រធានាធិបតីដូណាល់ ត្រាំ (ឆ្វេង) ចាប់ដៃជាមួយនាយករដ្ឋមន្រ្តីជប៉ុន ស៊ិនហ្សូ អាបេ នៅAkasaka Palace ទីក្រុងតូក្យូ ,រូបភាព៖ Reuter
​ប្រធានាធិបតី​អាមេរិក​ដូ​ណា​ល់ ត្រាំ បានស្នើ​ឲ្យ​ជប៉ុន​បង់​វិភាគទាន​យោធា​ច្រើនជាង​មុន ៤​ដង ដើម្បី​ផ្គត់ផ្គង់​មូលដ្ឋាន​យោធា​អាមេរិក​នៅក្នុង​ប្រទេស​ជ​ប៉ុន​។ នេះ​បើតាម​ការអះអាង​របស់​មន្ត្រី​អាមេរិក និង​អតីតមន្ត្រី​អាមេរិក ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ ប្រាប់​ព័ត៌មាន Foreign Policy​។



​ទីក្រុង​វ៉ាស៊ីនតោន បានស្នើ​ឲ្យ​រដ្ឋាភិបាល​ទីក្រុង​តូ​ក្យូ​បន្ថែម​វិភាគទាន​យោធា​បន្ថែមទៀត សម្រាប់​មូលដ្ឋានទ័ព​អាមេរិក នៅក្នុង​ប្រទេស​ជប៉ុន​។ ពោលគឺ ត្រូវ​បន្ថែម ៤​ដង​ច្រើនជាង​មុន​។ ជាក់ស្តែង​កិច្ចព្រមព្រៀង​រវាង​អាមេរិក និង​ជប៉ុន ដែលមាន​សុពលភាព​រហូតដល់​ខែមីនា ឆ្នាំ​២០២១ តម្រូវ​ឲ្យ​ជប៉ុន​ចំណាយ​ត្រឹមតែ ២​ពាន់​លាន​ដុល្លារ​តែប៉ុណ្ណោះ​។ ប៉ុន្តែ​លោក ដូ​ណា​ល់ ត្រាំ បានទាមទារ​ឲ្យ​ជប៉ុន បង្កើន​ថវិកា​យោធា​រហូតដល់ ៨​ពាន់​លាន​ដុល្លារ​ឯណោះ សម្រាប់​យោធា​អាមេរិក​ជាង ៥​ម៉ឺន​នាក់​។ 
 
​ការទាមទារ​របស់​ទីក្រុង​វ៉ាស៊ីនតោន គឺធ្វើឡើង​តាំងពី​ខែកក្កដា​មក​ម្លេះ​។ ក្នុង​ដំណើរ​ទស្សនកិច្ច​ទៅ​ប្រទេស​ជប៉ុន និង​កូរ៉េខាងត្បូង​ក្នុង​ខែកក្កដា លោក Jonh Bolton អតីត​ទីប្រឹក្សា​សន្តិសុខ​ជាតិ​អាមេរិក និង លោក Matt Pottinger នាយក​ក្រុមប្រឹក្សាសន្តិសុខ​ជាតិ​ប្រចាំ​តំបន់​អាស៊ី គឺជា​អ្នក​នាំ​សំណើ​មួយ​នេះ​ទៅប្រាប់​មន្ត្រី​ជប៉ុន​។ នេះ​បើតាម​ការអះអាង​របស់​មន្ត្រី​អាមេរិក និង​អតីតមន្ត្រី​អាមេរិក ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ ប្រាប់​ព័ត៌មាន Foreign Policy​។ 
 
​ពាក់ព័ន្ធ​ទៅនឹង​បញ្ហា​នេះ អ្នកនាំពាក្យ​ក្រសួងការបរទេស​ជប៉ុន បាន​ច្រានចោល​របាយការណ៍ ដែល​បាន​ចុះផ្សាយ​ដោយ​ព័ត៌មាន Foreign Policy​។ ក្នុងនោះ អ្នកនាំពាក្យ​បាន​អះអាងថា ការចុះផ្សាយ​ខាងលើ គឺជា​រឿង​មិន​ត្រឹមត្រូវ ហើយ​វា​ក៏​គ្មាន​ការចរចា​ណាមួយ​រវាង​អាមេរិក និង​ជប៉ុន លើ​កិច្ចព្រមព្រៀង​ថ្មី​នេះដែរ​។ ចំណែក​អ្នកតំណាង​រដ្ឋាភិបាល​អាមេរិក មិនទាន់​ឆ្លើយតប​ភ្លាមៗ​ទេ ។ 
 
​សូមបញ្ជាក់ ការបង់​វិភាគទាន​យោធា​នេះ អាមេរិក​បានដាក់​សម្ពាធ​ទៅលើ​សម្ពន្ធមិត្ត​របស់ខ្លួន​ជាច្រើន​។ ជាក់ស្តែង លោក​ត្រាំ បាន​ទទូច​ឲ្យ​កូរ៉េខាងត្បូង ចំណាយ​ថវិកា​យោធា​បន្ថែមទៀត លើ​មូលដ្ឋានទ័ព​អាមេរិក ដើម្បី​ប្រឆាំង​ទៅនឹង​ការគំរាមកំហែង​របស់​កូរ៉េខាងជើង​៕
 

Tag:
 ដូ​ណា​ល់ ត្រាំ​
  អាមេរិក​
  ជប៉ុន
© រក្សាសិទ្ធិដោយ thmeythmey.com