ជាតិ
តើ​«​ដំណាំ​ចំណី​សត្វ​» គឺជា​អ្វី​?
16, Nov 2019 , 10:59 pm        
រូបភាព
​រូបភាព  Capture ពី​ឯកសារ​របស់​នាយកដ្ឋាន​ផលិតកម្ម និង​បសុព្យាបាល​
​រូបភាព Capture ពី​ឯកសារ​របស់​នាយកដ្ឋាន​ផលិតកម្ម និង​បសុព្យាបាល​
​ដោយ​៖ ផាត ដា​ណេ​

​ភ្នំពេញ​៖ កសិករ​ចិញ្ចឹមសត្វ លែង​ឲ្យ​វា​ដើរ​ស៊ី​ដោយ​សេរី ទៀតហើយ ពីព្រោះ ចំនួន​សត្វ​កើន ផ្ទៃដី​ដាំ​ដុះ​ត្រូវ​ពង្រីក ហើយ​វាល​ចំណី​សត្វ​មានការ​ថយចុះ​។ ដូច្នេះ កសិករ​មិនអាច​លែង​សត្វ​ឲ្យ​ស៊ី​តាម​សេរី ទៀត​បានទេ​។ កសិករ​ភាគច្រើន​ត្រូវ​ចំណាយ​ថវិកា ដើម្បី​ទិញ​ស្មៅ ហើយ​ពេលខ្លះ​កសិករ​ត្រូវតែ​កាត់បន្ថយ ចំនួន​សត្វ​ចិញ្ចឹម​ផងដែរ​។ ក្នុងនោះ​«​ដំណាំ​ចំណី​សត្វ​» គឺជា​ដំណោះស្រាយ​សាមញ្ញ និង​សមស្រប​មួយ​សម្រាប់​កសិករ​។ តើ​ដំណាំ​ចំណី​សត្វ គឺជា​អ្វី​?

 
​ដំណាំ​ចំណី​សត្វ គឺជា​ពពួក​ស្មៅ​, ពពួក​លេ​ហ្គី​ម​វា និង​ពពួក​រុក្ខជាតិ​លេ​ហ្គី​ម ឬ​ចុ​ល្ល​ព្រឹក ដែល​គេ​ដាំ​ថែទាំ ស្រោច​ទឹក​, បោចស្មៅ​ចង្រៃ​សម្រាប់​ប្រើប្រាស់​ជា​ចំណី​សត្វ​។ ពពួក​ដំណាំ​ចំណី​សត្វ ភាគច្រើន​ត្រូវបាន​នាំចូល​ពី​បរទេស​ដែល​បាន​ឆ្លងកាត់​ការវាយតម្លៃ ដោយមាន​ការចូលរួម​ពី​កសិករ​, អ្នក​ផ្សព្វផ្សាយ និង​អ្នកស្រាវជ្រាវ ដែលមាន​បទ​ពី​សោធ​លើ​លក្ខណៈ​របស់​ដំណាំ​នេះ ដែល​សមស្រប​សម្រាប់​ដាំ​នៅ​តំបន់​ត្រូ​ពិ​ក​។​
 
​ដំណាំ​ចំណី​សត្វ ដែល​ត្រូវបាន​ណែនាំ​ឲ្យ​កសិករ​ដាំ គឺជា​ប្រភេទ​ចំណី​ដែលមាន​ការដាំដុះ​លូតលាស់​លឿន​, ទិន្នផល​ខ្ពស់​សមស្រប​ទៅនឹង​លក្ខណៈ​សណ្ឋាន​ដី​, អាកាសធាតុ​នៅក្នុង​ប្រទេស​កម្ពុជា និង​សម្បូរ​ទៅដោយ​សារធាតុចិញ្ចឹម​ផងដែរ​។​
 
​បន្ថែម​ពីនេះ គុណប្រយោជន៍​នៃ​ដំណាំ​ចំណី​សត្វ គឺ​បង្កើន​ជីជាតិ​ដី​តាមរយៈ​ប្រភេទ​ដំណាំ​ចំណី​សត្វ និង​ជី​លាមក​សត្វ​កើនឡើង​។ ដំណាំ​នេះ ក៏​ផ្ដល់​ដល់​សត្វ​នូវ​បរិមាណ និង​គុណភាព​ចំណី​តាម​កម្រិត​អាហារ​រូប​ត្ថ​ម្ភ​ផងដែរ​។ ដំណាំ​ចំណី​សត្វ​មួយចំនួន អាចជួយ​គ្រប់គ្រង​បរិស្ថាន​បានល្អ (​ជា​គម្រប​ដីកា​រពារ​ដី​ហូរ​ច្រោះ បង្កើន​ជីវជាតិ​ដី និង​បំផ្លាញ​ស្មៅ​ចង្រៃ​)​។ ជាពិសេស ការដាំ​ដំណាំ​ចំណី​សត្វ គឺ​ចំណេញ​ពេលវេលា ថវិកា​ចំណាយ​ក្នុងការ​ស្វែងរក ឬ​ទិញ​ស្មៅ​សម្រាប់​សត្វ ជួយ​កសិករ​ផ្លាស់ប្ដូរ​ពី​ការ​ចិញ្ចឹមសត្វ​បែប​យថាផល និង​មក​មានការ​គ្រប់គ្រង​ល្អ​៕
 
(​សារព័ត៌មាន​ថ្មីៗ ដកស្រង់​ចេញពី​ឯកសារ​របស់​នាយកដ្ឋាន​ផលិតកម្ម និង​បសុព្យាបាល​) 
 

© រក្សាសិទ្ធិដោយ thmeythmey.com