សម្តេច ហ៊ុន សែន​៖ មិនត្រូវ​មានទឹក​សម្អុយ​ក្នុង​សមុទ្រ​ខ្មែរ​នោះឡើយ​
ជាតិ
សម្តេច ហ៊ុន សែន​៖ មិនត្រូវ​មានទឹក​សម្អុយ​ក្នុង​សមុទ្រ​ខ្មែរ​នោះឡើយ​
17, Nov 2019 , 10:31 am        
រូបភាព
ដោយ: ថ្មីៗ
​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នា​ពិធី​សម្ពោធ​ការដ្ឋាន​ផ្លូវ​៣៤​ខ្សែ​នៅ​ខេត្ត​ព្រះសីហនុ កាលពី​ថ្ងៃ​១៦ ខែវិច្ឆិកា បានប្រកាសថា រដ្ឋាភិបាល​នឹង​ប្រើប្រាស់​ថវិកា​ប្រមាណ​១៧០​លាន​ដុល្លារ​អាមេរិក​បន្ថែមទៀត សម្រាប់​គម្រោង​ទឹកស្អាត ដែល​ចិន​បាន​ជួយ​ជា​ជំនួយឥតសំណង​លើទឹក​ប្រាក់​សរុប​ប្រមាណ​៦០០ លាន​ដុល្លារ​អាមេរិក​។​



​សម្តេច​ដែល​ក្រោយមក​បាន​ទៅ​មុជទឹក​សមុទ្រ​ដោយផ្ទាល់​នៅ​ឆ្នេរ​អូរ​ឈើទាល បាន​អះអាងថា រដ្ឋាភិបាល​បន្ត​ខិតខំ​ដើម្បី​កុំ​ឲ្យ​សមុទ្រ​ខ្មែរ​មានទឹក​សម្អុយ​។ ក្រោយ​ងូតទឹក​សមុទ្រ​រួច សម្តេច ហ៊ុន សែន បាន​បង្ហោះ​រូប​នៅលើ​ហ្វេ​ស​ប៊ុ​ក ហើយ​បានសរសេរថា​៖ «​ស្រូបយក​ខ្យល់​សមុទ្រ​ស្រឡះ​មុខមាត់​។ យូរៗ​ម្តង​ដោយ​ភ្ជាប់​ជាមួយនឹង​ការងារ​ផង​ទើប​ខ្ញុំ​មានឱកាស​បានមក​សម្រាក ដូចនេះ ព្រោះ​រាល់ថ្ងៃ​ការងារ​ប្រទេសជាតិ​គឺ​រវល់​ច្រើន​ខ្លាំងណាស់​~​។​



​សម្តេច​បាន​លើកឡើងថា ខេត្ត​ព្រះសីហនុ​គឺជា​ខេត្ត​ដែលមាន​សក្តានុពល​បំផុត​មួយ ដែល​ក្នុង​ឆ្នាំ ២០១៩ នេះ គឺ​បាន​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ប្រមាណ ១​លាន ៩​សែន​នាក់ ដែល​ក្នុងនោះ​គឺមាន​ទេសចរ​ជាតិប្រមាណ ១​លាន​២​សែន នាក់ និង​ទេសចរ​បរទេស​ប្រមាណ ៧៣​ម៉ឺន​នាក់ ចំនួន​នេះ​គឺមាន​ការកើនឡើង​ប្រមាណ ១០.៦២​ភាគរយ​។



​ទន្ទឹមនឹង​នេះដែរ ខេត្ត​ព្រះសីហនុ​ក៏ត្រូវ​ប្រឈម​នឹង​បញ្ហា​ទឹក​កខ្វក់​ស្អុយ​ផងដែរ គឺ​ត្រូវតែមាន​វិធានការ​ទប់ស្កាត់​កុំ​ឲ្យ​ហូរ​ចូលមក​សមុទ្រ​។ សម្តេច​បាន​ណែនាំ​ឲ្យ​ប្រើប្រាស់​ថវិកា​ប្រមាណ​១៧០ លាន​ដុល្លារ​បន្ថែមទៀត សម្រាប់​គម្រោង​ទឹកស្អាត ដែល​ចិន​បាន​ជួយ​ជា​ជំនួយឥតសំណង​លើទឹក​ប្រាក់​សរុប​ប្រមាណ​៦០០ លាន​ដុល្លារ​អាមេរិក​។​
«​សូម​បងប្អូន​ប្រជាពលរដ្ឋ​នៅ​ទូទាំងប្រទេស​នាំគ្នា​ថែរក្សា​សំអាត​សំរាម​អោយបាន​ស្អាត​ល្អ ជាពិសេស​នៅតាម​សមុទ្រ កុំ​បោះ​សំរាម​ចោល​ពាសវាល​ពាសកាល ជាពិសេស​ថង់​ប្លា​ស្ទិ​ក ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​បរិស្ថាន​យ៉ាងធ្ងន់ធ្ងរ​»​។ នេះ​ជាការ​ទទូច​របស់​នាយ​ក​រដ្ឋមន្ត្រី​៕





Tag:
 ទេសចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com