ជាតិ
រដ្ឋមន្ដ្រីទេសចរណ៍ជំរុញឱ្យវិស័យពាក់ព័ន្ធរួមគ្នាប្រែបញ្ហាទេសចរណ៍សៀមរាបឱ្យទៅជាឱកាស
× សៀមរាប៖ ស្របពេលដែលវិស័យទេសចរណ៍នៅខេត្តសៀមរាបមានស្ថានភាពមិនសូវល្អ រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានស្នើវិស័យពាក់ព័ន្ធគ្រប់ផ្នែក ត្រូវធ្វើការរួមគ្នាដើម្បីកែប្រែស្ថានការណ៍មិនល្អទៅជាឱកាស។ ក្នុងន័យនេះ លោករដ្ឋមន្ត្រីទេសចរណ៍ចង់ឱ្យមានការផ្សព្វផ្សាយ ពង្រីកគោលដៅទេសចរណ៍ និងធ្វើឱ្យគុណភាពវិស័យទេសចរណ៍នៅខេត្តសៀមរាបឱ្យកាន់តែមានភាពល្អប្រសើរជាទីគាប់ចិត្តសម្រាប់ភ្ញៀវទេសចរ។ ជាមួយនេះ លោក ថោង ខុន ប្ដេជ្ញាថានឹងធ្វើឱ្យខេត្តសៀមរាបដែលជាគោលដៅទេសចរណ៍លេខមួយរបស់កម្ពុជា ឱ្យមានភាពទាក់ទាញ និងប្រកបដោយនិរន្ដរភាពទាំងតំបន់ប្រាសាទ តំបន់ទីក្រុង និងតំបន់ទន្លេសាប។
ព័ត៌មានពិស្ដារ សូមស្ដាប់បទយកការណ៍ដែលរៀបរៀងដោយ អ៊ីសា រ៉ហានី ពីខេត្តសៀមរាបដូចតទៅ
ស្ថានភាពវិស័យទេសចរណ៍នៅខេត្តសៀមរាបមិនសូវល្អសោះនាចុងឆ្នាំ២០១៨ និងក្នុងឆ្នាំ២០១៩នេះ។ របាយការណ៍ពីក្រសួងទេសចរណ៍បានបង្ហាញថា ចំនួនភ្ញៀវទេសចរទូទាំងប្រទេសនៅតែមានស្ថានភាពល្អ តែធ្លាក់ចុះនៅខេត្តសៀមរាប ដែលជាអត្រាមួយគួរឱ្យព្រួយបារម្ភ។ រយៈពេល៩ខែដើមឆ្នាំ២០១៩នេះ ទេសចរអន្ដរជាតិមកកម្សាន្តខេត្តសៀមរាមានជាង១លាន២សែននាក់ ថយចុះជាង១០ភាគរយបើធៀបនឹងឆ្នាំ២០១៨។
ភ្ញៀវទេសចរដើរកម្សាន្តនៅប្រាសាទព្រះខ័ននាអំឡុងដើមខែ វិច្ឆិកា ឆ្នាំ២០១៩
ដូចធ្លាប់លើកឡើងនាពេលមុនៗ លោក ថោង ខុន ក្នុងពិធីដាក់ឱ្យដំណើរការ ប្រព័ន្ធផ្សព្វផ្សាយឌីជីថលដើម្បីពង្រឹងគុណភាព សេវាកម្មទេសចរណ៍នៅខេត្តសៀមរាបនៅថ្ងៃទី៤ វិច្ឆិកា លោករដ្ឋមន្ត្រីបានលើកឡើងថា ភ្ញៀវទេសចរនៅសៀមរាបថយចុះបន្ដិចដែលបណ្ដាលមកពីឥទ្ធិពលធំពីខាងក្រៅ នោះគឺវិបត្តិសេដ្ឋកិច្ចពិភពលោកដែលកន្លងមកកម្ពុជាធ្លាប់ជួបច្រើនដងមកហើយ។ លោករដ្ឋមន្ត្រីពន្យល់ថា៖«...យើងបានជួបវិបត្តិសេដ្ឋកិច្ច៣ដង គឺនៅឆ្នាំ១៩៩៧ ឆ្នាំ២០០៨ និងនៅពេលនេះ ១០ឆ្នាំដល់ម្ដងឬជាង១០ឆ្នាំម្ដង នេះជារឿងមួយ រឿងមួយទៀតនៅសៀមរាបក៏ដូចជាទូទាំងប្រទេសនិងទូទាំងពិភពលោក វាប៉ះពាល់មុនគេទៀតនៅឆ្នាំ២០០៣ ការផ្ទុះឡើងនៃជំងឺសារ ពេលនោះស្ងាត់(ភ្ញៀវ) ជាងវិបត្តិសេដ្ឋកិច្ចទៀត តាមព្រលានស្ងាត់ មានយន្តហោះមក តែគ្មានមនុស្សជិះ...»។
មិនមែនមានតែខេត្តសៀមរាបទេដែលរងផលប៉ះពាល់បណ្ដាលមកពីសង្គ្រាមពាណិជ្ជកម្មរវាងចិននិងអាមេរិក តាមការពន្យល់របស់រដ្ឋមន្ត្រីទេសចរណ៍ បណ្ដាប្រទេសមួយចំនួនមានថៃ វៀតណាម ឥណ្ឌូណេស៊ី ក៏កំពុងពើបប្រទះបញ្ហានេះដែរ។ សង្គ្រាមពាណិជ្ជកម្មធ្វើឱ្យលុយយ័នធ្លាក់ថ្លៃ រីឯដំណើរកម្សាន្ដក្រៅស្រុករបស់ប្រជាជនចិន ក៏មានការថយចុះដែរ។
ខុសពីបណ្ដាខេត្តក្រុងដទៃ ខេត្តសៀមរាបពឹងទាំងស្រុងលើវិស័យទេសចរណ៍។ នៅរាជធានីភ្នំពេញទេសចរកើនឡើងដោយសារជាមជ្ឈមណ្ឌលសេដ្ឋកិច្ចពាណិជ្ជកម្ម រីឯក្រុងព្រះសីហនុក៏ដូចគ្នា គឺអ្នកធុរកិច្ចនៅតែមានការចេញចូលច្រើនជាធម្មតា។
នៅចំពោះអ្នកចូលរួមប្រមាណ៥០០នាក់ លោក ថោង ខុន បានលើកឡើងពីចំណុចល្អ និងចំណុចខ្វះខាតមួយចំនួនដែលមន្ត្រីកម្ពុជាគួរកែប្រែ ដើម្បីទាក់ទាញទេសចរឡើងវិញ។ លោករដ្ឋមន្ត្រីបានលើកករណីមន្ត្រីអន្ដោប្រវេសន៍នៅព្រលានយន្តហោះ ដែលធ្វើឱ្យរអាក់រអួលដល់អារម្មណ៍ទេសចរ និងការពន្យារពេលពួកគេ។ល។ លោករដ្ឋមន្ត្រីឱ្យមន្ត្រីទាំងនោះ កែប្រែអាកប្បកិរិយាឡើងវិញ ត្រូវរៀនសូត្រពីការគ្រប់គ្រងការងារពីប្រទេសអភិវឌ្ឍន៍ផ្សេងៗដើម្បីឱ្យវិស័យទេសចរណ៍កម្ពុជាមានការរីកចម្រើន។ លោក ថោង ខុន ប្រាប់ថា ចង់ឱ្យទេសចរណ៍រីកចម្រើន ត្រូវការការចូលរួមពីបុគ្គលគ្រប់រូប។
មគ្គុទ្ទេសក៍ទេសចរណ៍ភាសារុស្ស៊ី លោក កែវ សុភៈលីន ដែលបានចូលរួមក្នុងកម្មវិធីខាងលើដែរនោះបានឱ្យដឹងថា ការដាក់ឱ្យមានប្រព័ន្ធអនឡាញសម្រាប់ស្វែងរកគោលដៅទេសចរណ៍ក្នុងប្រទេសកម្ពុជានេះពិតជាមានសារសំខាន់ណាស់សម្រាប់ប្រជាពលរដ្ឋដែលចង់ទៅកម្សាន្តនៅតំបន់គោលដៅនីមួយៗ។ លោក សុភៈលីន ចង់ឱ្យមានការផ្សព្វផ្សាយឱ្យបានទូលំទូលាយ ដើម្បីភាពងាយស្រួលដល់ទេសចរក្នុងស្រុកនិងក្រៅស្រុក។
លោក សុភៈលីន ទទួលស្គាល់ពីការធ្លាក់ចុះទេសចរមកកាន់ខេត្តសៀមរាប ក្នុងនោះទេសចរជនជាតិរុស្ស៊ីមានការថមថយជាងឆ្នាំមុនៗដែរ។ យ៉ាងណាក៏ដោយ ក្នុងនាមជាមគ្គុទ្ទេសក៍ទេសចរណ៍មួយរូប លោក សុភៈលីន ប្រាប់ថា ចង់ឃើញអ្នកធ្វើការក្នុងវិស័យនេះយល់ពីតួនាទី ក្នុងនោះត្រូវផ្សព្វផ្សាយឬចែករំលែកចំណេះដឹងល្អៗពីកម្ពុជាដល់ទេសចរ ជាជាងចែករំលែកចំណុចខាតឬមិនចំណេញពីកម្ពុជា នាំឱ្យមានសតិអារម្មណ៍ដល់ទេសចរដែលមករកការសប្បាយរីករាយពីកម្ពុជា។
លោក សុខណា មគ្គុទ្ទេសក៍ទេសចរណ៍ភាសាចិន រំពឹងថា ក្រសួងនិងស្ថាប័នពាក់ព័ន្ធនឹងជួយស្ដារស្ថានការណ៍ពេលនេះឱ្យបានល្អប្រសើរឡើងវិញ។ ដូចលោករដ្ឋមន្ត្រីដែរ កត្ដាដែលនាំឱ្យទេសចរចិនធ្លាក់ចុះនោះ គឺវិបត្តិសេដ្ឋកិច្ចពិភពលោក ដែលធ្វើឱ្យទីផ្សារទេសចរណ៍គ្រប់ប្រទេសមានបញ្ហា តែប្រទេសខ្លះបានខិតខំសង្គ្រោះស្ថានការណ៍មិនឱ្យអាក្រក់ខ្លាំង ដូចជាប្រទេសថៃដែលមានការលើកលែងទិដ្ឋាការជាដើម។
ចំណែកលោក គង់ សម្បត្តិ មគ្គុទ្ទេសក៍ទេសចរណ៍ភាសាចិនដែរនោះ យល់ថា ការធ្លាក់ចុះចំនួនទេសចរចិននៅសៀមរាប មានផលប៉ះពាល់ដល់មគ្គុទ្ទេសក៍មួយចំនួន តែសម្រាប់មគ្គុទ្ទេសក៍ដែលមានវិជ្ជាជីវៈ និងបទពិសោធន៍ នៅតែមានភ្ញៀវដើរដដែល។ លោក សម្បត្តិ ចង់ឃើញមគ្គុទ្ទេសក៍ចិនទាំងអស់ចេះពង្រឹងសមត្ថភាពខ្លួនឯងឱ្យបានល្អប្រសើរ។
មិនខុសពីលោក សុភៈលីន ទេ លោក សម្បត្តិ ប្រាប់ថា អ្វីដែលលោកអាចជួយស្រោចស្រង់ស្ថានការណ៍ទេសចរណ៍នៅពេលនេះបាន គឺមគ្គុទ្ទេសក៍ត្រូវមានវិជ្ជាជីវៈត្រឹមត្រូវ មានចំណេះដឹងគ្រប់គ្រាន់សម្រាប់ប្រាប់ភ្ញៀវ។ ជាងនេះទៅទៀតនោះ គឺមិនគួរនិយាយរឿងមិនល្អៗដែលនាំឱ្យខាតប្រយោជន៍ឱ្យទេសចរឮឡើយ។
រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន ប្រាប់ថា បញ្ហាដែលខេត្តសៀមរាបកំពុងជួបប្រទះនេះគឺត្រូវការការចូលរួមគ្រប់ស្ថាប័នពាក់ព័ន្ធ។ ខេត្តសៀមរាបជាគោលដៅទេសចរណ៍ធំជាងគេនៅកម្ពុជា បើទោះបីមានបញ្ហាថយចុះក៏ពិតមែន ប៉ុន្តែត្រូវប្រែក្លាយបញ្ហាប្រឈមទៅជាឱកាស ត្រូវរួមគ្នាដើម្បីដោះស្រាយ ត្រូវពង្រឹងគុណភាពសេវាកម្មគ្រប់បែបយ៉ាង។ រដ្ឋាភិបាលបានបង្កើតគណៈកម្មការអន្ដរជាតិក្រសួងរៀបចំផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តសៀមរាប ដូច្នេះទៅអនាគតវានឹងជួយឱ្យខេត្តនេះកាន់តែមានភាពទាក់ទាញ និងប្រកបដោយនិរន្ដរភាព។ នេះជាអ្វីដែលលោករដ្ឋមន្ត្រីរំពឹងទុក៕
© រក្សាសិទ្ធិដោយ thmeythmey.com