កីឡាជាតិ
ជាតិ
​ថ្នាក់ដឹកនាំ​កីឡា​រាំ រំពឹង​កីឡាករ​ដណ្តើមបាន​មេដាយ​ពី​ស៊ី​ហ្គេម ក្រោយ​ជោគជ័យ​នៅ​ចិន​
17, Nov 2019 , 6:59 pm        
រូបភាព
ដោយ:
​ថ្នាក់ដឹកនាំ​សហព័ន្ធ​កីឡា​រាំ​កម្ពុជា​មានការ​ជឿជាក់​កាន់តែខ្លាំង​លើ​សមត្ថភាព​កីឡាករ ក្នុងការ​ដណ្តើម​មេដាយ​ពី​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​នៅ​ហ្វីលីពីន​ឆ្នាំនេះ​ជូន​ជាតិ​មាតុភូមិ​។ ការជឿជាក់​បែបនេះ ធ្វើឡើង​ក្រោយ​កីឡា​រាំ​ទទួលបាន​ជោគជ័យ​ជា​បន្តបន្ទាប់​នៅលើ​ឆាក​អន្តរជាតិ​ក្នុង​មួយរយៈ​ចុងក្រោយ​នេះ​។ ជាក់ស្តែង​កាលពីពេល​ថ្មីៗ កីឡាករ​រាំ​កម្ពុជា​ដណ្តើមបាន​មេដាយមាស​៨ ប្រាក់​៧ និង​សំរឹទ្ធ​៦​ពី​ការប្រកួត​ជើងឯក​យុវជន​អាស៊ី ADSF Asian Youth Single Dance Championship 2019 នៅ​ប្រទេស​ចិន​។



​ក្រោយ​ដណ្តើមបាន​មេដាយមាស​១ និង​ប្រាក់​២​ពី​ការប្រកួត WDSF Taipei Open 2019 នៅ​ឆាយ​នី​ស​តៃប៉ិ​កាលពី​អំឡុង​ខែតុលា​មិនបាន​ប៉ុន្មាន​ផង​។ ក្រុមកីឡា​រាំ​កម្ពុជា​កាលពីពេល​ថ្មីៗ ទទួលបាន​ជោគជ័យ​យ៉ាង​ធំធេង​នៅក្នុង​ការប្រកួត​ជើងឯក​យុវជន​អាស៊ី ADSF Asian Youth Single Dance Championship 2019 និង Hong Kong Open តាមរយៈ​ដណ្តើមបាន​មេដាយមាស​៨ ប្រាក់​៧ និង​សំរឹទ្ធ​៦​។​

​ភាពជោគជ័យ​ខាងលើ ជំរុញ​ឲ្យ​ថ្នាក់ដឹកនាំ​សហព័ន្ធ​កីឡា​រាំ​កម្ពុជា មាន​ជំនឿ​ចិត្ត​កាន់តែខ្លាំង​លើ​សមត្ថភាព​កីឡាករ​ក្នុងការ​សាង​កេរ្តិ៍ឈ្មោះ​ជូន​ជាតិ​នៅ​ឆាក​អន្តរជាតិ​។ លោកស្រី ញ៉ែម មរកត ប្រធាន​សហព័ន្ធ​រំពឹងថា កីឡាករ​ខ្លួន​នឹង​អាច​ដណ្តើមបាន​មេដាយ​ណាមួយ ពី​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​នៅ​ហ្វីលីពីន​ឆ្នាំនេះ សម្រាប់​ការចូលរួម​លើកដំបូង​របស់ខ្លួន​។


 លោកស្រី ញ៉ែម មរកត ផ្តល់បទសម្ភាសដល់អ្នកសារព័ត៌មាននៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ
«​ក្នុងការ​ប្រកួត Taipei Open កាលពី​ខែតុលា យើង​ក៏​ដណ្តើមបាន​មេដាយមាស​ដែរ ហើយ​លើក​នេះ​យើង​ដណ្តើមបាន​មេដាយមាស​ច្រើនជាង​មុន​។ បើតាម​គ្រូបង្វឹក​ការប្រកួត​ជើងឯក​យុវជន​អាស៊ី​នៅ​ហុងកុង មាន​កីឡាករ​រាប់រយ​នាក់​ចូលរួម ហើយ​មានតែ​យើង​នោះទេ​មាន​កីឡាករ​តិចជាងគេ​។ ប៉ុន្តែ​យើង​ដណ្តើមបាន​មេដាយ​ច្រើន គឺមាន​ទាំង​មាស ប្រាក់ និង​សំរឹទ្ធ​។ យើងទាំងអស់គ្នា​សង្ឃឹមថា ស៊ី​ហ្គេម​នៅ​ហ្វីលីពីន យើង​អាចនឹងទទួល​បាន​ជោគជ័យ​ជូន​ជាតិ​បន្ថែមទៀត​»​។ នេះ​ជាការ​លើកឡើង​របស់លោក​ស្រី ញ៉ែម មរកត ដែល​បានចាត់ទុក​ភាពជោគជ័យ​ខាងលើ​ជា​សមិទ្ធផល និង​មោទកភាព​ថ្មី​បន្ថែមទៀត​សម្រាប់​សហព័ន្ធ​។​

​ជាមួយគ្នានេះ​លោកស្រី ឆៃ ច័ន្ទ​រឹទ្ធី​សូលី​ដា អនុប្រធាន​កិត្តិយស​ស​ហ​ព័ន្ធ​កីឡា​រាំ​កម្ពុជា​បានលើកឡើង​ពី​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់លោក​ស្រី​និង​ថ្នាក់ដឹកនាំ​ដទៃ ដែល​កំពុង​ជួយ​ជំរុញ​ឲ្យ​កីឡា​រាំ​កាន់តែ​មាន​ភាព​រីកចម្រើន ដើម្បី​ឈានទៅរក​ភាពជោគជ័យ​ក្នុងការ​ប្រកួត​កីឡា​ស៊ី​ហ្គេម​នៅ​ឆ្នាំនេះ​។ 


លោកស្រី ឆៃ ច័ន្ទរឹទ្ធីសូលីដា ពេលទៅទទួលម្ចាស់ជ័យលាភីនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ


«​យើងទាំងអស់គ្នា​បាន​ព្យាយាម​ប្រឹងប្រែង​ខ្លាំងណាស់ ហើយក៏​ព្យាយាម​លើកទឹកចិត្ត​ដល់​ប្អូនៗ​កីឡាករ​កីឡាការិនី ជាពិសេស​គ្រូបង្វឹក​ឲ្យ​ខិតខំ​ប្រឹងប្រែង​ឲ្យ​អស់ពី​សមត្ថភាព​។ យើង​ទាំងពីរ​នាក់​(​លោកស្រី ឆៃ ច័ន្ទ​រឹទ្ធី​សូលី​ដា និង​លោកស្រី ញ៉ែម មរកត​)​ប្រឹងប្រែង​ខ្លាំងណាស់ ដើម្បី​ឲ្យ​កីឡាករ​យើង​អាចឈាន​ជើង​ទៅរក​ជ័យជម្នះ​ក្នុងការ​ប្រកួត​កីឡា​ស៊ី​ហ្គេម​នាពេល​ខាងមុខនេះ​»​។ នេះ​ជាការ​លើកឡើង​របស់លោក​ស្រី ឆៃ ច័ន្ទ​រឹទ្ធី​សូលី​ដា​។ 



​ទោះបី​សហព័ន្ធ​កីឡា​រាំ​ទើប​បង្កើតឡើងបាន​ប៉ុន្មាន​ឆ្នាំ និង​មាន​ថ្នាក់ដឹកនាំ​ភាគច្រើន​ជា​ស្ត្រី​ក៏ដោយ តែ​សហព័ន្ធ​នេះ​ទទួលបាន​លទ្ធផល​ល្អប្រសើរ​គួរ​ឲ្យ​កត់សម្គាល់​។ សូម្បី​លោកស្រី ញ៉ែម មរកត ខ្លួនឯង​ក៏​បង្ហាញ​ភាព​ភ្ញាក់ផ្អើល​ចំពោះ​ការរីកចម្រើន​នេះដែរ​។ លោកស្រី​រៀបរាប់​ដូច្នេះ​ថា​៖«​យើង​មិន​នឹកស្មានថា សហព័ន្ធ​រាំ​យើង​មានការ​រីកចម្រើន​បែបនេះ​ឡើយ ឲ្យ​តែ​ចេញទៅ​ចូលរួម​ប្រកួត​លើក​ណា​នៅក្រៅ​ប្រទេស ត្រឡប់មកវិញ​បើ​មិន​ដណ្តើមបាន​មេដាយមាស ក៏​ប្រាក់​ដែរ គឺ​មិនដែល​មកវិញ​ដៃទទេ​នោះទេ​»​។ 



​ទោះបី​សហព័ន្ធ​នេះ​កំពុង​មានឈ្មោះ​បោះ​សម្លេង​ទាំង​នៅលើ​ឆាក​ជាតិ និង​អន្តរជាតិ​ក៏ដោយ តែ​សហព័ន្ធ​នេះ​កំពុង​ប្រឈម​បញ្ហា​ខ្វះខាត​កីឡាករ​កីឡាការិនី ដើម្បី​ត្រៀម​ឆ្ពោះទៅ​ធ្វើជា​ម្ចាស់ផ្ទះ​ការប្រកួត​កីឡា​ស៊ី​ហ្គេម​នៅ​ឆ្នាំ​២០២៣​។ បើតាម​លោកស្រី ញ៉ែម មរកត បញ្ហា​នេះ​អាច​បណ្តាលមកពី​អាណាព្យាបាល​មួយចំនួន​ពុំទាន់​ស្គាល់​អ្វី​ទៅជា​កីឡា​រាំ ជាពិសេស​កីឡាករ​ខ្លួនឯង​ពុំមាន​ការចាប់អារម្មណ៍​ជាមួយ​កីឡា​នេះ​។ បច្ចុប្បន្ន​មាន​សហព័ន្ធ​មាន​ក្លិប​-​សមាគម តែ​៥​ប៉ុណ្ណោះ​ជា​សមាជិក​។ 

​ប្រតិភូ គ្រូបង្វឹក និង​កីឡាករ​កីឡាការិនី​កីឡា​រាំ​កម្ពុជា​បាន​នាំ​ជោគជ័យ​ពី​ហុងកុង មកដល់​ប្រទេស​កម្ពុជា​កាលពី​ថ្ងៃទី​១២ ខែវិច្ឆិកា ដោយ​ទទួលបាន​ការស្វាគមន៍​យ៉ាង​កក់ក្តៅ​ពី​សំណាក់​អនុប្រធាន​កិត្តិយស​សហ​ព័ន្ធ​កីឡា​រាំ​កម្ពុជា​លោកស្រី ឆៃ ច័ន្ទ​រឹទ្ធី​សូលី​ដា និង​លោកស្រី ញ៉ែម មរកត ប្រធាន​សហព័ន្ធ និង​ថ្នាក់ដឹកនាំ​ជាច្រើនរូប​ទៀត​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​។ 

​សម្រាប់​ការប្រកួត ADSF Asian Youth Single Dance Championship 2019 និង Hong Kong Open នៅ​ទីក្រុង​ហុងកុង ដែល​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​៧-១១ ខែវិច្ឆិកា កម្ពុជា​បញ្ជូន​កីឡាករ​កីឡាការិនី​ចំនួន​១២​រូប​ឲ្យ​ចូលរួម​៕ 




Tag:
 កីឡា​រាំ​
  ញ៉ែម មរកត​
  SEA Games
  ឆៃ ច័ន្ទ​រឹទ្ធី​សូលី​ដា​
© រក្សាសិទ្ធិដោយ thmeythmey.com