អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
អ្នកស្លាប់​ដោយសារ​វិបត្តិ​នយោបាយ​នៅ​បូ​លី​វី​កើន​ដល់​ជាង​២០​នាក់​
17, Nov 2019 , 11:48 am        
រូបភាព
មនុស្សស្លាប់ជាបន្ត​បន្ទាប់នៅបូលីវី ដោយសារបាតុម្មនយោបាយ។ រូបថត AFP
មនុស្សស្លាប់ជាបន្ត​បន្ទាប់នៅបូលីវី ដោយសារបាតុម្មនយោបាយ។ រូបថត AFP
ដោយ: ថ្មីៗ
​មកដល់​ថ្ងៃអាទិត្យ​នេះ មនុស្ស​៤​នាក់​បន្ថែមទៀត​បាន​ស្លាប់​ក្នុង​បាតុកម្ម​នយោបាយ​នៅ​បូ​លី​វី ដែល​នាំ​ឲ្យ​ចំនួន​ឡើងដល់​២៣​នាក់​។ នេះ​បើតាម​ការផ្សាយ​របស់ AFP ដោយ​យោងតាម​តួលេខ​ដែល​ផ្តល់​ដោយ​គណៈកម្មាធិការ​អន្តរជាតិ​អាមេរិក​ស្តីពី​សិទ្ធិមនុស្ស (IACHR)​។​



​ចំនួន​អ្នកស្លាប់​៤​នាក់​បន្ថែមទៀត​នេះ ត្រូវបាន​ប្រកាស​ជា​ផ្លូវការ បន្ទាប់ពី​បាតុករ​៥​នាក់ ដែល​ទើបតែ​បាន​បាត់​បង់ជីវិត​ផងដែរ កាលពី​ថ្ងៃ​សុក្រ ក្រោយ​ការប៉ះទង្គិច​ជាមួយ​កងកម្លាំងប្រដាប់អាវុធ កាលពី​ថ្ងៃ​សុក្រ​។ យោងតាម IACHR ដែលមាន​មូលដ្ឋាន​នៅ​វ៉ាស៊ីនតោន ចំនួន​អ្នករងគ្រោះ​ដោយ​គិត​ចាប់តាំងពី​ថ្ងៃ​សុក្រ មាន​១២២​នាក់​។​

​កាលពី​ថ្ងៃទី​១០ ខែវិច្ឆិកា លោក Evo Morales បានសម្រេច​លាលែង​ពី​តំណែង ក្រោយ​បាតុកម្ម​តវ៉ា​ចាប់ផ្តើម​ពីថ្ងៃ​ទី​២១ ខែតុលា មក​។ លោក Morales បាន​រត់​ភៀសខ្លួន​ទៅ​ប្រទេស​ម៉ិ​ក​ស៊ិ​ក ដោយសារតែ​លោក​លែង​ទទួលបាន​ការគាំទ្រ​ពី​កម្លាំងយោធា​។​

​ទោះបីជា​យ៉ាងណាក៏ដោយ ស្ថានភាព​ក៏​មិន​ចប់​នោះដែរ​។ មួយថ្ងៃ​ក្រោយ​ការចាកចេញ​របស់លោក Morales លោកស្រី Jeanine Anez បានប្រកាស​ខ្លួនឯង​ជា​ប្រធានាធិបតី​បណ្តោះអាសន្ន ដោយ​ត្រៀម​រៀបចំ​ការបោះឆ្នោត​សារជាថ្មី ប៉ុន្តែ​លោកស្រី បាន​ផាត់​ចោល​បេក្ខភាព​របស់លោក Morales​។​

​បាតុកម្ម​តវ៉ា​របស់​អ្នកគាំទ្រ​លោក Morales ក៏បាន​បន្ត​កើត​ឡើងជា​បន្តបន្ទាប់ ដែល​នាំ​ឲ្យ​មានការ​បង្ក្រាប ហើយ​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់ និង​របួស​កាន់តែច្រើន​៕


Tag:
 បូ​លី​វី
© រក្សាសិទ្ធិដោយ thmeythmey.com