ជាតិ
២៥ខេត្ត/រាជធានី
ប្លែក​ភ្នែក​! សត្វ​កុក ក្រៀល ក្រសារ និង​ក្អែកទឹក នៅ​ស្រុក​មង្គល​បូរី ទាក់ទាញ​ភ្ញៀវទេសចរ​
17, Nov 2019 , 12:09 pm        
រូបភាព
ប្រភេទសត្វ​ស្លាបគោក និងសត្វ​ស្លាប​ទឹក​ កំពុ​ង​ហោះ​ហើរ​​​មក​ទំ​លើ​ដើម​ឈើ​របស់អ្នក​ស្រុក​មង្គលបូរី ខេត្ត​បន្ទាយមានជ័យ រូបភាពពីលោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ​
ប្រភេទសត្វ​ស្លាបគោក និងសត្វ​ស្លាប​ទឹក​ កំពុ​ង​ហោះ​ហើរ​​​មក​ទំ​លើ​ដើម​ឈើ​របស់អ្នក​ស្រុក​មង្គលបូរី ខេត្ត​បន្ទាយមានជ័យ រូបភាពពីលោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ​
ដោយ:
​ភ្នំពេញ​៖ ប្រភេទ​សត្វ​ស្លាប​គោក និង​សត្វ​ស្លាប​ទឹក​ចម្រុះ​រាប់ម៉ឺន​ក្បាល បាន​ហើរ​ទៅ​ទំ​លើ​ដើមឈើ​ធំៗ​ក្នុង​ចម្ការ​ប្រមាណ​ជាង​៣​ហិកតា របស់​អ្នកស្រុក​មង្គល​បូរី ក្នុង​ខេត្តបន្ទាយមានជ័យ បាន​ជំរុញ​ឲ្យ​តំបន់​នេះ​ក្លាយជា​កន្លែង​ទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ​-​អន្តរជាតិ មក​ទស្សនា​យ៉ាងច្រើន​។ ដំណើរ​ហោះហើរ​របស់​ស​ត្វ​ស្លាប​ទាំងនោះ អាច​ឲ្យ​ពលរដ្ឋ​ដែល​រស់នៅក្នុង​តំបន់​នោះ​បង្កើតជា​មុខរបរ​ផ្សេងៗ​ផងដែរ​។



​លោក ឈឿន សេរី​វ​ឌ្ឍ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តបន្ទាយមានជ័យ បានបញ្ជាក់​ប្រាប់ ThmeyThmey25 ថា សត្វ​ស្លាប​គោក និង​សត្វ​ស្លាប​ទឹក​ចម្រុះ ជា​ប្រភេទ​សត្វ​ស្លាប​ដែល​រស់ក្នុង​តំបន់​វាលទំនាប​ចំនួន​៤​តំបន់ ក្នុងនោះ​មកពី​តំបន់​រមណីយដ្ឋាន​កំពីងពួយ តំបន់​អូរ​កៃ​ដរ តំបន់​អាង​ត្រពាំងថ្ម និង​ស្រុក​អង្គរ​បូរី​។ ប្រភេទ​សត្វ​ស្លាប​ទាំងនេះ ជា​ប្រភេទ​សត្វ​កុក ក្រៀល ក្រសារ និង​ក្អែកទឹក  ដែល​តែងតែ​ហោះហើរ​ជា​ហ្វូង​ទៅវិញទៅមក​ទំ​លើ​ដើមឈើ​ធំៗ​នៅក្នុង​ដីចម្ការ​អ្នកស្រុក ក្នុងស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ​។


ប្រជាពលរដ្ឋ​ដែល​កំពុង​ប្រកបមុខរបរ​លក់​ដូ​រ​នៅ​ក្នុង​ស្រុក​មង្គល​បូរី ខេត្ត​បន្ទាយមានជ័យ រូបភាពពីលោក អ៊ុំ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ
​បើតាម​លោក ឈឿន សេរី​វ​ឌ្ឍ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តបន្ទាយមានជ័យ ប្រភេទ​សត្វ​ស្លាប​ទាំងនោះ​ហោះហើរ​ជា​ហ្វូង​មក​ទំ​លើ​ដើមឈើ​ដែលជា​ដើមឈើ​របស់​អ្នកស្រុក​មង្គល​បូរី​ដាំ​នៅក្នុង​ចម្ការ​របស់ខ្លួន​។ ប្រភេទ​ដើមឈើ​ដែល​អ្នកស្រុក​ដាំ​នៅក្នុង​ដីចម្ការ​នោះ  ជា​ប្រភេទ​ដើមឈើ​ក្រដាស ដើមកា​ស្យា និង​ដើម​ប្រេងខ្យល់​។ លោក ឈឿន សេរី​វ​ឌ្ឍ បាន​បញ្ជាក់ថា ជាទូទៅ​ប្រភេទ​សត្វ​ស្លាប​ទាំងនោះ ប្រមូលផ្តុំ​គ្នា​មក​ទំ​លើ​ដើមឈើ​តែ​ពេល​ព្រលប់ ហើយ​ពេលព្រឹក​ព្រលឹម វា​ក៏​ហោះហើរ​ចេញទៅ​តំបន់​ផ្សេងៗ ដែល​ស្ថិតនៅក្នុង​ខេត្តបន្ទាយមានជ័យ​។ 

«​វា​តែងតែ​ហើរ​មក​តែ​ពេល​ល្ងាច​ចាប់ពី​ម៉ោង​៥​កន្លះ​ទៅ រហូតដល់​ពេលព្រឹក​ព្រលឹម​វា​ហើរ​ទៅវិញ​ហើយ វា​ហើរ​មក​ទីនេះ​ជុំវិញ​ចម្ការ​អ្នកស្រុក​ហើយ បាន​វា​មក​ចូលដេក​នៅលើ​ដើមឈើ ហើយ​ព្រឹក​ឡើង​វា​ហើរ​ទៅវិញ​បាត់ទៅ​។ វា​មិនមែន​មក​នៅទីនេះ​រហូត​ទេ វា​គ្រាន់តែ​មក​ដេក​ទេ ហើយ​វា​ក៏​មិន​មក​បង្កើតជា​សំបុក​អ្វី​ដែរ​»​។ នេះ​បើតាម​ការរៀប​រាប់រប​ស់លោក ឈឿន  សេរី​វ​ឌ្ឍ ប្រធាន​មន្ទីរ​ទេសចរណ៍​ប្រចាំខេត្ត​បន្ទាយមានជ័យ ដែល​បន្ថែមថា ជា​រៀងរាល់ឆ្នាំ តាម​ចំណាំ​ប្រភេទ​សត្វ​ស្លាប​ទាំងនោះ​ហើរ​មក​តំបន់​នេះ​សម្រាប់តែ​ខែតុលា ដល់​ខែ​ឆ្នូ ប៉ុណ្ណោះ​។


អ្នក​ស្រុក​មង្គល​បូរី កំពុង​ទស្សនាសត្វស្លាបដែលកំពុង​ហោះ​ហើរ​ជុំវិញ​ស្រុក​មង្គល​បូរី ខេត្ត​បន្ទាយមានជ័យ រូបភាពពីលោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ

​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តបន្ទាយមានជ័យ​រូបនេះ បានបញ្ជាក់​ទៀតថា នៅ​ឆ្នាំនេះ​ប្រភេទ​សត្វ​ស្លាប​ទាំងនោះ មានការ​កើនឡើង​ខ្លាំង​ជាង​រាល់​ឆ្នាំ​កន្លងទៅ ដែល​ជួយ​បង្កើន​ការទាក់ទាញ​ដល់​ភ្ញៀវទេសចរ​ជាតិ​-​អន្តរជាតិ មក​ទស្សនា និង​ផ្តិត​យក​រូបភាព​អំពី​ដំណើរ​រស់នៅ​របស់​សត្វ​ស្លាប​។​

​តាមរយៈ​ទិដ្ឋភាព​ហោះហើរ​របស់​ប្រភេទ​សត្វ​ស្លាប​ទាំងនោះ អាចជា​ចំណែក​មួយ​ដែល​ជួយ​ទាក់ទាញ​ភ្ញៀវទេសចរ​។ ជាពិសេស​អាច​ផ្តល់​ចំណូល​ដល់​ពលរដ្ឋ​ដែល​ប្រកបមុខរបរ​លក់​ចំណីអាហារ​នៅ​តំបន់​នោះ​ផងដែរ​។ តាម​ការលើកឡើង​រប​ស់​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តបន្ទាយមានជ័យ អភិបាលខេត្ត​ក៏​កំពុង​តែមាន​គម្រោង​បង្កើត​តំបន់​នោះ​ជា​តំបន់​ទេសចរណ៍ ដោយ​អភិបាលខេត្ត​បាន​បង្គាប់​ឲ្យ​អាជ្ញាធរ និង​ពលរដ្ឋ​សហការគ្នា​អភិរក្ស​ប្រភេទ​សត្វ​ស្លាប​ទាំងនោះ​ឲ្យ​រស់រានមានជីវិត ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ ឲ្យ​មក​ទស្សនា​ខេត្តបន្ទាយមានជ័យ​។

​បើតាម​ការបញ្ជាក់​ពី​លោក  ប៊ូ វរ​សក្ស ប្រធាន​អង្គការ​ជីវិត​សត្វ​ស្លាប​អន្តរជាតិ​ប្រចាំ​នៅ​កម្ពុជា​(BirdLife International Cambodia Programme) សត្វ​ស្លាប​នៅ​កម្ពុ​ជាមាន​ជាង​៦០០​ប្រភេទ​។  ប្រភេទ​សត្វ​ទាំងនោះ​ភាគច្រើន​រស់នៅក្នុង​តំបន់​ព្រៃ តំបន់ដីសើម ជុំវិញ​បឹង​ទន្លេសាប និង​តាម​ទីប្រជុំជន​ជាដើម​។

​ខេត្តព្រះវិហារ​,​ស្ទឹងត្រែង​,​ក្រចេះ​,​បន្ទាយមានជ័យ​,​មណ្ឌលគិរី​,​រតនគិរី​,​កំពត និង​តាកែវ ជា​តំបន់​ដែល​ក្រសួងបរិស្ថាន និង​តំណាង​អង្គការ​ផ្សេងៗ បាន​បង្កើតជា​តំបន់​អភិរក្ស​សត្វ​ស្លាប និង​ជា​តំបន់​ទេសចរណ៍​ផងដែរ​។ នេះ​បើតាម​លោក ប៊ូ វរ​សក្ស ដែល​បាន​បញ្ជាក់ប្រាប់ ThmeyThmey25 តាម​ទូរ​សព្ទ​៕





Tag:
 សត្វ​ស្លាប​
 ​ទេសចរណ៍​
 ​សេដ្ឋកិច្ច
© រក្សាសិទ្ធិដោយ thmeythmey.com