ជាតិ
«​សណ្តែកសៀង​»​ជា​ដំណាំ​ដែល​ពិបាក​រក្សា​គ្រាប់ពូជ​ឲ្យ​មានគុណ​ភាពល្អ​
17, Nov 2019 , 7:59 pm        
រូបភាព
រូបភាព Capture ពីសៀវភៅណែនាំស្ដីពីការដាំដុះដំណាំចម្ការនៅក្នុងប្រទេសកម្ពុជា (ដំណាំសណ្តែកសៀង) បោះពុម្ពផ្សាយដោយ ACIAR, ២០១២
រូបភាព Capture ពីសៀវភៅណែនាំស្ដីពីការដាំដុះដំណាំចម្ការនៅក្នុងប្រទេសកម្ពុជា (ដំណាំសណ្តែកសៀង) បោះពុម្ពផ្សាយដោយ ACIAR, ២០១២
​ដោយ​៖ ផាត ដា​ណេ​

​ភ្នំពេញ​៖«​សណ្ដែកសៀង​» គឺជា​ដំណាំ​មួយ​ប្រភេទ​ដែល​មិន​ធន់​ទៅនឹង​ភាពរាំងស្ងួត ដូច​ដំណាំ​ចម្ការ​ផ្សេងៗ​ទៀត​ទេ ដូចជា​សណ្ដែកដី សណ្ដែកបាយ និង​ល្ង​។ គេ​បាន​ណែនាំ​ថា កសិករ​ត្រូវ​ផ្សើម​ដី​ឲ្យ​មាន​ជម្រៅ​យ៉ាងហោចណាស់ ៣០​សង់ទីម៉ែត្រ មុន​ធ្វើ​ការដាំដុះ ព្រោះ​ជា​តម្រូវការ​។ សណ្ដែកសៀង គួរតែ​ត្រូវគេ​ដាំ​នៅលើ​ដីល្បាប់ ដោយសារតែ​ដំណាំ​នេះ ត្រូវការ​ទឹក​ដើម្បី​បង្កើន​ទិន្នផល​និង​គុណភាព​ឲ្យ​បាន​អតិបរមា ភាគច្រើន​កសិករ​ត្រូវ​ដាំ​នៅ​ចុងរដូវ​វស្សា​ពី​ខែមិថុនា ទៅ​ខែសីហា ជា​ពេល​ដែលមាន​ភ្លៀង​ធ្លាក់​ច្រើន​។​



​គ្រាប់ពូជ​សណ្ដែកសៀង មិនត្រូវ​រក្សាទុក​ក្នុង​ជម្រក​ក្នុង​រយៈពេល​យូរ​ទេ ព្រោះ​វា​តែងតែ​បាត់បង់​ដំណុះ​និង​កម្លាំង​ក្នុងការ​លូតលាស់ (Vigour) បន្ទាប់ពី​រយៈពេល​តែ ២-៣​ខែ​។ ក្នុងនោះ ល័​ក្ខ​ខណ្ឌ​រក្សាទុក​ក្រោយពេល​ប្រមូល​ផល​សម្រាប់​គ្រាប់សណ្ដែក​សៀង​នៅ​ប្រទេស​កម្ពុជា គឺជា​បញ្ហា​ដ៏​ធំ​មួយ ដោយ​បរិក្ខារ​ជាច្រើន​មិនល្អ ដើម្បី​រក្សា​គ្រាប់ពូជ​ឲ្យ​មាន​គុណភាព​ខ្ពស់​។ ម្យ៉ាងទៀត វា​មាន​សារៈសំខាន់ ដោយ​ធ្វើ​សាកល្បង​នូវ​ដំណុះ​នឹង​ភាពរឹងមាំ (Vigour) របស់​គ្រាប់ពូជ​មុន​ធ្វើ​ការដាំដុះ​។ ដើម្បី​ធ្វើការ​នេះ​ជាដំបូង ត្រូវ​ពិនិត្យមើល​គ្រាប់ពូជ ថា​តើ​មាន​ស្នាម​ខូចខាត​ដោយ​អាកាសធាតុ ជំងឺ ឬក៏​មានការ​បំផ្លាញ​លើ​ទ្រុងទ្រាយ​គ្រាប់ពូជ​។​

​ក្នុង​រយៈពេល​ពីរ​សប្ដាហ៍​មុន​ធ្វើ​ការដាំដុះ សាកល្បង​ដំណុះ​គ្រាប់​នៅក្នុង​ដី ឬ​ដីខ្សាច់​។ កសិករ​ត្រូវ​ជ្រើស​ពូជ​គ្រាប់​ដោយ​ចៃដន្យ​ចំនួន ៤០០​គ្រាប់ ហើយ​ដាក់​វា​នៅ​ជម្រៅ ៥​សង់ទីម៉ែត្រ នៅលើ​ដី​ដែល​បានរៀបចំ​រួច នៅ​ចម្ការ​ក្នុង​ថាស ឬ​ធុង (​ដាក់​នៅក្រោម​កម្ដៅថ្ងៃ​)​។ កសិករ​ត្រូវ​រាប់​ចំនួន​កូន​សណ្ដែក​ដែល​បាន​ដុះ បន្ទាប់ពី​រយៈពេល​៣ ៥ និង​៧​ថ្ងៃ​។ ក្នុងពេល​ដាំ​ដុះ ប្រសិនបើ តិច​ជា​៧០% នៃ​គ្រាប់ពូជ​បាន​ដាំ​ដុះ​បន្ទាប់ពី​រយៈពេល​៧​ថ្ងៃ គេ​មិន​គួរប្រើ​គ្រាប់ពូជ​នេះ​ទេ​។ ប្រសិនបើ​អាច រកបាន​គ្រាប់ពូជ​ពី​ប្រភព​ផ្សេងទៀត ហើយ​ប្រសិនបើ គ្រាប់ពូជ​ថ្មីៗ​មិនអាច​រកបាន​ទេ អត្រា​កម្រិត​គ្រាប់ពូជ​ដាំ​គួរ​ត្រូវ​បង្កើន ដើម្បី​ជំនួស​ឲ្យ​ភាគរយ​ដំណុះ​គ្រាប់​ដែល​ទាប​នោះ​។​

​សំបក​គ្រាប់​សណ្ដែកសៀង គឺ​ស្ដើង​ណាស់ ហើយ​ប្រសិនបើ​វា​ប្រេះ​បែក (​នៅ​កំឡុងពេល​ប្រមូល​ផល ឬ​ដឹកជញ្ជូន​) គ្រាប់ពូជ គឺ​ទំនងជា​មិន​ដុះ​ទេ​។ សំបក​គ្រាប់ ប្រេះ​បែក​ធ្វើ​ឲ្យ​សំណើម​ជ្រាបចូល​យ៉ាង​លឿន បំប៉ោង​គ្រាប់ពូជ និង​បំបែក​អំប្រ៊ីយ៉ុង ដែល​ផុយស្រួយ​។ នេះ​ជា​លទ្ធផល​ធ្វើ​ឲ្យ​មាន​ដំណាំ​ដុះ​តិច និង​មិន​ស្មើគ្នា​ល្អ​ទេ ដូច្នេះ កាត់បន្ថយ​សក្ដានុពល​ទិន្នផល​និង​បង្កើន​ការប្រកួតប្រជែង​ពី​ស្មៅ​។ បន្ថែម​ពីនេះ វា​មាន​សារៈសំខាន់​ផងដែរ ចំពោះ​គ្រាប់ពូជ​ដែល​ដាំ​ដុះ គឺ​ត្រូវតែ​សុទ្ធ​តាមតែ​អាចធ្វើ​បាន មានន័យថា គ្រាប់​ទាំងអស់​គួរតែ​ជា​គ្រាប់ពូជ​តែមួយ និង​មិនមាន​លាយឡំ​ជាមួយ​ពូជ​ផ្សេងទៀត​។ ជំងឺ​ដូចជា វ៉ី​រ៉ុ​សមូ​សា​អ៊ិ សណ្ដែកសៀង អាចមាន​ផ្ទុក​ក្នុង​គ្រាប់ពូជ វា​មាន​សារៈសំខាន់​ដោយ​ដាំ​គ្រាប់ពូជ​ដែល​គ្មាន​ជំងឺ​។​

​គ្រាប់ពូជ​មិនគួរ​មាន​គ្រាប់​ស្មៅ និង​គ្រាប់​បៃតង ឬ​គ្រាប់​មិនទាន់​ទុំ​ផងដែរ​។ ខ្សែស្រឡាយ​គ្រាប់ពូជ សុទ្ធ​នឹងធ្វើ​ឲ្យ​ងាយស្រួល​គ្រប់គ្រង និង​បង្កើន​ផលិតភាព គុណភាព និង​ទិន្នផល​បាន​ខ្ពស់បំផុត​។ ប្រសិនបើ​អាច កសិករ​គួរ​ទិញ​គ្រាប់ពូជ​សុទ្ធ​ដែលមាន​ការបញ្ជាក់ ត្រូវ​នឹង​លក្ខណៈ វិនិច្ឆ័យ​ខាងលើ ព្រមទាំង​មាន​លទ្ធផល​សាកល្បង​ដំណុះ​គ្រាប់ និង​ភាព​សុទ្ធ​ដែលមាន​បិទ​នៅលើ​ការ​រ៉ុង​៕

(​សារព័ត៌មាន​ថ្មីៗ ដកស្រង់​ពី​«​ដំណាំ​សណ្តែកសៀង​»​សៀវភៅ​ណែនាំ​ស្ដីពី​ការដាំដុះ​ដំណាំ​ចម្ការ​នៅក្នុង​ប្រទេស​កម្ពុជា បោះពុម្ពផ្សាយ​ដោយ ACIAR, ២០១២)



© រក្សាសិទ្ធិដោយ thmeythmey.com