អន្តរជាតិ
ប្រជាជនអ៊ីរ៉ង់ បាតុកម្មប្រឆាំងនឹងរដ្ឋាភិបាលរឿងដំឡើងតម្លៃប្រេង ក្រុមបាតុករប៉ះទង្គិចជាមួយមន្រ្តីប៉ូលីស, រូបភាព៖ Reuters
× ប្រជាជនជនអ៊ីរ៉ង់ នៅថ្ងៃទី១៦ ខែវិច្ឆិកា បានធ្វើបាតុកម្មប្រឆាំងនឹងរដ្ឋាភិបាល ពាក់ព័ន្ធទៅនឹងបញ្ហាដំឡើងថ្លៃប្រេង។ បញ្ហានេះ បានបង្កឲ្យមានការបះទង្គិចគ្នាជាខ្លាំង រវាងក្រុមបាតុករ ជាមួយក្រុមប៉ូលីសកុបករ និងកងកម្លាំងសន្តិសុខ នៅក្នុងទីក្រុងតេហេរ៉ង់ និងទីក្រុងផ្សេងទៀតនៅក្នុងប្រទេសអ៊ីរ៉ង់។
ប្រជាជនអ៊ីរ៉ង់ជាច្រើននាក់ បានចុះតាមដងផ្លូវ និងស្រែកតវ៉ាប្រឆាំងនឹងរដ្ឋាភិបាល នៅតាមទីក្រុងជាច្រើននៃអ៊ីរ៉ង់។ ការធ្វើបាតុកម្មរបស់ប្រជាជនអ៊ីរ៉ង់បែបនេះ គឺធ្វើឡើងតែមួយថ្ងៃប៉ុណ្ណោះ ក្រោយពីរដ្ឋាភិបាលប្រកាសដំឡើងថ្លៃប្រេងពី១០,០០០ Rials (០,៣០ ដុល្លារ) ទៅ ១៥,០០០Rial (០,៤៥ ដុល្លារ)។
ដើម្បីទប់ស្កាត់ និងបំបែកក្រុមបាតុករ ប៉ូលីសអ៊ីរ៉ង់បានប្រើប្រាស់វិធីផ្សេងៗ ដូចជាឧស្ម័នបង្ហូរទឹកភ្នែកជាដើម នៅតាមទីក្រុងផ្សេង។ ជាពិសេស នៅក្នុងទីក្រុងSirjan ខេត្ត kerman ក្រុមបាតុករជាច្រើន បានវាយប្រហារទៅលើកន្លែងផ្ទុកប្រេង និងព្យាយាមដុតវា។ ដោយសារតែមានការទប់ស្កាត់ពីកម្លាំងប៉ូលីស វាបានបណ្តាលឲ្យមនុស្សម្នាក់បានទទួលមរណភាព និងមនុស្សជាច្រើនអ្នកផ្សេងទៀតរងរបួស នៅក្នុង នៅថ្ងៃទី១៥ ខែវិច្ឆិកា។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានអ៊ីរ៉ង់ IRNA។
ជាការឆ្លើយតប លោក Abdolreza Rahmani រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអះអាងប្រាប់ទូរទស្សន៍រដ្ឋថា កម្លាំងសន្តិសុខ នឹងចាត់វិធានការ ដើម្បីរក្សាស្ថិរភាពក្នុងប្រទេស ប្រសិនបើមានការបំផ្លិចបំផ្លាញទ្រព្យសម្បត្តិសាធារណៈណាមួយ។ ទំនងជាចង់ទប់ស្កាត់ការរីកធំឡើងនៃបាតុកម្ម និងការទំនាក់ទំនងរវាងក្រុមបាតុករ អាជ្ញាធរបានកាត់បន្ថយល្បឿនអ៊ីនធើណែត និងដាក់កម្រិតលើការប្រើប្រាស់ប្រព័ន្ធបណ្តាញសង្គមផ្សេងៗ។
សូមបញ្ជាក់ថា ប្រជាជនអ៊ីរ៉ង់ជាច្រើនយល់ឃើញថា ប្រេងក្នុងតម្លៃទាប គឺវាជារឿងល្អ ព្រោះប្រសិនបើតម្លៃប្រេងឡើងថ្លៃ វានឹងធ្វើឲ្យបះពាល់ដល់ការចំនាយលើការរស់នៅរបស់ពួកគេ។ យ៉ាងណាក៏ដោយ បើទោះបីជារដ្ឋាភិបាលអ៊ីរ៉ង់ បានធានាពីការដំឡើងប្រាក់ចំនូលក៏ដោយ ក៏ប្រជាជននៅតែមិនពេញចិត្តពីការដំឡើងតម្លៃប្រេងនេះដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com