ជាតិ
ការជួសជុល​ស្ពាន​ហាល​ខាងលិច​អង្គរវត្ត ត្រូវ​ប្រើ​បច្ចេកទេស​ទំនើប​លាយ​បុរាណ​
17, Nov 2019 , 2:54 pm        
រូបភាព
រូបភាពពីអាជ្ញាធរអប្សរា
រូបភាពពីអាជ្ញាធរអប្សរា
​ភ្នំពេញ​៖ ស្ពាន​ហាល​ខាងលិច​ប្រាសាទអង្គរវត្ត ដែល​នឹង​គ្រោង​បញ្ចប់​ការជួសជុល​នៅ​ឆ្នាំ​២០២០ អាច​នឹងត្រូវ​ពន្យារពេល​ដោយ​មូលហេតុ​បច្ចេកទេស​ចាំបាច់​មួយចំនួន​។ ការជួសជុល​នេះ ត្រូវបាន​រក្សា​ភាព​ដើម​ឱ្យបាន​ច្រើន​បំផុត ដោយ​ប្រើ​បច្ចេកទេស​និង​សម្ភារ​ទំនើប​ខ្លះ លាយ​នឹង​បច្ចេកទេស​បុរាណ ដើម្បី​ពង្រឹង​រចនាសម្ព័ន្ធ​សំណង់​ឱ្យ​ជាប់​មាំ​ល្អ​។


អត្ថបទទាក់ទង


​តាម​សេចក្ដីប្រកាស​ព័ត៌មាន​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​អាជ្ញាធរ​ជាតិ​អប្សរា ការជួសជុល​ដំណាក់កាល​ទី​២​នេះ គឺ​ខុសប្លែក​ពី​ការជួសជុល​នៅ​សម័យ​បារាំង និង​ការជួសជុល​ក្នុងដំណាក់កាល​ទី​១ ដោយ​ក្រុម​អ្នកជំនាញ​ផ្នែក​អភិរក្ស​របស់ អាយ​ស៊ី​ស៊ី​-​អង្គរ បាន​តម្រូវ​មិនឱ្យ​មានការ​រុះរើ​ជញ្ជាំង​ស្ពានថ្ម​បាយក្រៀម​ឡើយ​។ ត្បិតតែ​រចនាសម្ព័ន្ធ​សំណង់​ស្ពាន​នេះ​មានការ​ខូចខាត​ខ្លាំង​ក៏ដោយ ក៏ត្រូវ​រក្សា​ស្លាកស្នាម​នៃ​ការជួសជុល​នៅក្រោយ​សម័យអង្គរ​ទុកជា​ប្រវត្តិសាស្ត្រ​។

​លោក អន សុភាព មន្ត្រី​បច្ចេកទេស​ប្រចាំ​ការដ្ឋាន​ជួសជុល​ស្ពាន​ហាល​ខាងលិច​ប្រាសាទអង្គរវត្ត​នៃ​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្នុង​ឧទ្យាន​អង្គរ​និង​បុរាណវិទ្យា​បង្ការ បាន​បញ្ជាក់ថា តាម​លទ្ធផល​ជាក់ស្តែង​ការជួសជុល​អនុវត្តបាន​ត្រឹមតែ​១៥​ភាគរយ​ប៉ុណ្ណោះ ព្រោះ​ត្រូវ​ចំណាយ​ពេលវេលា​ច្រើន​លើ​ការងារ​ស្រាវជ្រាវ និង​វិភាគ​បច្ចេកទេស ដូចជា​រចនាសម្ព័ន្ធ​និង​សម្ភារ​សំណង់ ស្ថានភាព​នៃ​ការខូចខាត​របស់​ថ្ម គុណភាព​ថ្ម ស្ថានភាព​ដី​ដែល​បង្ហាប់​នៅក្នុង​ស្ពាន​ហាល និង​លទ្ធផល​ពិសោធ​លើ​ការបុក​បង្ហាប់ដី​សាកល្បង​ចំនួន​១០​ម៉ែត្រ​បាន​ជោគជ័យ​។​

​លោក​បន្តថា នេះ​ជា​ចំណុច​ពិសេស​មួយ​ដែល​លំបាក​បំផុត​សម្រាប់​ការជួសជុល ដែល​ទាមទារ​ឱ្យ​ក្រុម​អ្នកជំនាញ​រក​គ្រប់​វិធីសាស្ត្រ គ្រប់​បច្ចេកទេស​ដើម្បី​ទប់​ពង្រឹង​រចនា​សម្ពន្ធ​សំណង់​ប្រកបដោយ​គុណភាព​ខ្ពស់ ហើយ​មិន​ប៉ះពាល់​ដល់​សំណង់​ស្ពាន​ចាស់ ដែល​ទ្រុឌទ្រោម​ខូចខាត​ដោយសារ​អាយុកាល​នៃ​វត្ថុធាតុដើម ការ​ត្រាំ​ក្នុង​ទឹកជា​ប្រចាំ​។

​តាមរយៈ​កិច្ចព្រមព្រៀង​រវាង​អាជ្ញាធរ​ជាតិ​អប្សរា​ជាមួយនិង​សាកលវិទ្យាល័យ​សូ​ហ្វ​យ៉ា​ប្រទេស​ជប៉ុន ការជួសជុល​ស្ពាន​ហាល​ខាងលិច​ប្រាសាទអង្គរវត្ត​មានរ​យៈ​ពេល​៥​ឆ្នាំ​ដោយ​ចាប់ផ្ដើម​នៅ​ឆ្នាំ​២០១៥ និង​គ្រោង​បញ្ចប់​នៅ​ពាក់កណ្តាល​ឆ្នាំ​២០២០​។

​ស្ពាន​ហាល​ខាងលិច​ប្រាសាទអង្គរវត្ត មាន​ប្រវែង​១៩០​ម ទទឹង ១១,៦០​ម និង​កម្ពស់​៤​ម សង់​ពី​ថ្មបាយក្រៀម​ក្រាល​ដោយ​កម្រាល​ថ្មភក់ និង​លម្អ​ដោយ​បង្គាន់​ដៃ​នាគ គឺជា​ច្រកចូល​ដ៏​សំខាន់​របស់​ប្រាសាទអង្គរវត្ត​៕



Tag:
 ស្ពាន​
 ​អង្គរ​
  សៀមរាប​
© រក្សាសិទ្ធិដោយ thmeythmey.com