កីឡាជាតិ
ជាតិ
សម្តេច ហ៊ុន សែន ជួប​សំណេះសំណាល​ជាមួយ​ប្រតិភូ​កីឡា​ស៊ី​ហ្គេម​នៅ​រសៀល​នេះ​
18, Nov 2019 , 6:59 am        
រូបភាព
ដោយ:
​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជួប​សំណេះសំណាល​ជាមួយ​ថ្នាក់ដឹកនាំ ប្រតិភូ គ្រូបង្វឹក កីឡាករ​កីឡាការិនី ដែល​ត្រៀម​ចូលរួម​ប្រកួត​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​នៅ​ហ្វីលីពីន នា​រសៀល​ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០១៩ នៅ​វិមាន​សន្តិភាព​។ ក្រៅពី​ផ្តល់​អនុសាសន៍​ណែនាំ និង​លើកទឹកចិត្ត ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល​កម្ពុជា អាច​នឹង​ផ្តល់​ថវិកា​លើកទឹកចិត្ត​មួយចំនួន​ដល់​ពួកគេ​ផងដែរ​។



​នៅសល់តែ​ជាង​១០​ថ្ងៃ​ប៉ុណ្ណោះ​ព្រឹត្តិការណ៍​ប្រកួត​កីឡា​ដ៏​ធំ​ប្រចាំ​តំបន់​អាស៊ាន SEA Games លើក​ទី​៣០ ដែល​ហ្វីលីពីន​ធ្វើ​ម្ចាស់ផ្ទះ​នឹង​ឈាន​មកដល់​។ ការប្រកួត​នេះ នឹង​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​៣០ ខែវិច្ឆិកា ដល់​ថ្ងៃទី​១១ ខែធ្នូ ឆ្នាំ​២០១៩ ដោយមាន​ប្រតិភូ គ្រូបង្វឹក កីឡាករ​កីឡាការិនី​មកពី​១១​ប្រទេស​ចូលរួម ដូចជា ហ្វីលីពីន កម្ពុជា ថៃ ឡាវ វៀតណាម មី​យ៉ាន់​ម៉ា ឥណ្ឌូណេស៊ី សិង្ហ​បុរី ព្រុយ​ណេ និង​ម៉ាឡេស៊ី​។

​កម្ពុជា នឹង​បញ្ជូន​អត្ត​ព​លិ​ក​ចំនួន​២៥៩​នាក់​លើ​៣០​ប្រភេទ​កីឡា ដើម្បី​ចូលរួម​ប្រកួតប្រជែង​ដណ្តើម​មេដាយ​ពី​ព្រឹត្តិការណ៍​កីឡា​ដ៏​ធំ​ប្រចាំ​តំបន់​អាស៊ាន​មួយ​នេះ​ជូន​ជាតិ​មាតុភូមិ​។ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នឹង​ជួប​សំណេះសំណាល​ជាមួយ​ថ្នាក់ដឹកនាំ ប្រតិភូ គ្រូបង្វឹក អត្ត​ព​លិ​ក និង​មន្ត្រី​កីឡា​ប្រមាណ​៤០០​នាក់ នៅ​រសៀល​ថ្ងៃទី​១៨ វិច្ឆិកា នេះ នា​វិមាន​សន្តិភាព ដើម្បី​លើក​ទឺ​ក​ចិត្ត​មុន​ទៅ​ចូលរួម​ការប្រកួត​ខាងលើ​។​

​ក្នុងឱកាស​ជួប​សំណេះសំណាល​នេះ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា នឹង​ផ្តល់​អនុសាសន៍ និង​ការណែនាំ​មួយចំនួន​ដល់​ប្រតិភូ​កីឡា​កម្ពុជា ដើម្បី​លើកទឹកចិត្ត និង​ដាស់តឿន​ស្មារតី​កីឡាករ​ឲ្យ​មានការ​ប្រុងប្រយ័ត្ន​កាន់តែ​ខ្ពស់​ក្នុងការ​ប្រកួត​។ ជាពិសេស សម្តេច​នឹង​ប្រាប់​ពី​ចំណុច​គួរ​ជៀសវាង ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស​ជាតិ​។​

​កីឡា​ទាំង​៣០​ប្រភេទ​រួមមាន​តេ​ក្វាន់​ដូ WTF, ប៉េតង់​, ជឺ​ជិត​ស៊ូ​, ប្រដាក់​គុន​ខ្មែរ​, សីដក់​, ប្រដាល់សកល​, វាយ​កូន​បាល់​, ចំបាប់​, ល្បុក្កតោ​, បាល់ទះ​លើ​ក្តារ បាល់ទះ​ឆ្នេរ​ខ្សាច់​, បាល់ទាត់ U22 និង​បាល់បោះ​, អត្តពលកម្ម ហែល​ទឹក កាយសម្ព័ន្ធ វាយ​កូនឃ្លី​លើ​តុ វាយ​សី វាយកូនគោល គុន​ដាវ ប្រណាំង​កង់ ទុក​ក្តោង កា​រ៉ា​តេ យូ​ដូ ទ្រី​យ៉ា​ត្លុង កីឡា​រាំ ទូក​ប្រពៃណី​-​កា​នូ សូ​ហ្វ​តិ​ន្នី​ស​, កីឡា​អេឡិចត្រូនិក និង​ហុក​គី​៕ 
 




Tag:
 សម្តេច ហ៊ុន សែន​
  SEA Games
© រក្សាសិទ្ធិដោយ thmeythmey.com