ជាតិ
​​​ន​យោ​បាយ​ជាតិ​
ហ្វ៊ុនស៊ិនប៉ិច ជួប​បញ្ហា​ផ្ទៃក្នុង​ទៀតហើយ​!
17, Nov 2019 , 4:30 pm        
រូបភាព
លោក ពេជ្រ សូដេថ្ថា (ឆ្វេង) និងព្រះអង្គម្ចាស់ នរោត្តម ចក្រាវុឌ្ឍ ប្រធានស្តីទីបក្សហ៊្វុនស៊ិនប៉ិច
លោក ពេជ្រ សូដេថ្ថា (ឆ្វេង) និងព្រះអង្គម្ចាស់ នរោត្តម ចក្រាវុឌ្ឍ ប្រធានស្តីទីបក្សហ៊្វុនស៊ិនប៉ិច
ដោយ: រួបរួម
​ក្រោយ​ស្ងប់ស្ងាត់​មួយរយៈ ផ្ទៃក្នុង​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច បានបង្ហាញ​ឲ្យ​ឃើញ​ពី​ភាព​រង្គោះរង្គើ​សារជាថ្មី​ម្តងទៀត តាមរយៈ​ការចេញលិខិត​ដាច់ដោយឡែក​ពីគ្នា រវាង​ព្រះអង្គម្ចាស់ នរោត្តម ច​ក្រា​វុ​ឌ្ឍ និង​ក្រុម​លោក ពេជ្រ សូ​ដេ​ថ្ថា​។​



​តាមរយៈ​លិខិត​ដែល​ចែក​ចាញ​ដល់​អ្នកសារព័ត៌មាន ព្រះអង្គម្ចាស់ នរោត្តម ច​ក្រា​វុ​ឌ្ឍ បានចេញ​សេចក្តីជូនដំណឹង​ស្តីពី​ការបិទ​ទីស្នាក់ការ​គណបក្ស​នៅ​សង្កាត់​ជ្រោយចង្វារ រាជធានី​ភ្នំពេញ ជា​បណ្តោះអាសន្ន​។ នៅ​ថ្ងៃទី​១៦ ខែវិច្ឆិកា ដដែល ក្នុងនាម​ជា​ប្រធានស្តីទី ព្រះអង្គ ច​ក្រា​វុ​ឌ្ឍ បានសម្រេច​បញ្ចប់​សមា​ជិ​ក​ភាព​សហជីវិន​៤​រូប គឺ​លោក ពេជ្រ សូ​ដេ​ថ្ថា (​អគ្គលេខាធិការ​) លោក រស់ សា​ផន (​អគ្គលេខាធិការរង​) លោក ណុប សុធា​រិ​ទ្ធិ (​អគ្គលេខាធិការ​ង​) និង​លោកស្រី កង បូរាណ (​នាយក​ខុទ្ទកាល័យ​សម្តេចក្រុមព្រះ​)​។​

​លោក ណុប សុធា​រិ​ទ្ធិ ដែល​កន្លងមក​មាន​តួនាទី ជា​អ្នកនាំពាក្យ​គណបក្ស បាន​ចាត់ទុកថា ជា​រឿង​មិន​ត្រឹមត្រូវ មុនពេល​លោក​ផ្ញើលិខិត​ចំនួន​ពីរ ដែល​ចុះហត្ថលេខា លោក ពេជ្រ សូ​ដេ​ថ្ថា ក្នុង​តំណែង​ជា​អគ្គលេខាធិការ​ប្រតិបត្តិ​។​

«​រាល់​លិខិត​រដ្ឋបាល​កន្លងមក ដែល​ចុះហត្ថលេខា​ដោយ​ព្រះអង្គម្ចាស់ នរោត្តម ច​ក្រា​វុ​ឌ្ឍ មាន​ភាពមិនប្រក្រតី ផ្ទុយ​ពី​លក្ខន្តិកៈ​គណបក្ស ហើយ​បាន​បង្ក​ឲ្យ​មាន​ស្ថានភាព​ច្របូកច្របល់ និង​ការបែកបាក់​សាមគ្គីភាព​ផ្ទៃក្នុង​ជា​បន្តបន្ទាប់​»​។ នេះ​ជាការ​គូសបញ្ជាក់​របស់​លោក ពេជ្រ សូ​ដេ​ថ្ថា ដោយ​អះអាងថា លោក​មាន​ភារកិច្ច​ជាស​នា​ធិ​ការ​ផ្ទាល់​ប្រធាន​គណបក្ស​ក្នុងការ​គ្រប់គ្រង ដឹកនាំ បញ្ជា ត្រួតពិនិត្យ​រាល់​សកម្មភាព​ការងារ​ប្រចាំថ្ងៃ​។​

​លោក ពេជ្រ សូ​ដេ​ថ្ថា បាន​បញ្ជាក់ថា ព្រះអង្គម្ចាស់ នរោត្តម ចក្រ​វុ​ឌ្ឍ ក្នុងឋានៈ​ជា​ប្រធានស្តីទី ពុំទាន់​បាន​បំពេញ​នីតិសម្បទា​ស្របតាម​ការណែនាំ​របស់​ក្រសួងមហាផ្ទៃ​នៅឡើយ​។​

​នៅ​ថ្ងៃទី​១៦ ខែវិច្ឆិកា ដដែល លោក ពេជ្រ សូ​ដេ​ថ្ថា បានចេញ​សេចក្តីជូនដំណឹង​ស្តីពី​ការផ្អាក​បណ្តោះអាសន្ន​ចំពោះ​កិច្ចពិភាក្សា​អំពី​ការបង្រួបបង្រួម​រវាង​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច និង​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​។​

​អគ្គលេខាធិការ​ប្រតិបត្តិ​ដែល​ត្រូវបាន​ប្រធានស្តីទី​បញ្ចប់​សមាជិកភាព​រូបនេះ បាន​បញ្ជាក់ថា ការបង្រួបបង្រួម ត្រូវធ្វើឡើង​ក្នុង​ក្របខណ្ឌ​នៃ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ហើយ​ត្រូវ​រង់ចាំ​ការប្រជុំ​ពិភាក្សា និង​សុំ​មតិយោបល់​ពី​គណៈកម្មការ​នាយក មុននឹង​ស្នើសុំ​ការសម្រេច​ពីស​ម្តេច ក្រុមព្រះ នរោត្តម រណឫទ្ធិ​។​

​លោក សូ​ដេ​ថ្ថា បាន​បន្ថែមថា​៖ «​មាន​មនុស្ស​មួយក្រុម​តូច ឆ្លៀតឱកាស​ដែល​សម្តេចក្រុមព្រះ មាន​ស្ថាន​ភាពមិនប្រក្រតី ព្រះ​សុខ​ភាពមិន​ទៀងទាត់ បាន​ឃុបឃិត​គ្នា​លើកយក​បញ្ហា​នៃ​ការរួបរួម​នេះ​ទៅ​សម្រេច ដោយ​គ្មាន​ឆ្លងកាត់​អង្គប្រជុំ​គណៈកម្មការ​នាយ​ករប​ស់​គណបក្ស​»​។​

​ព្រះអង្គម្ចាស់ នរោត្តម ច​ក្រា​វុ​ឌ្ឍ ត្រូវបានតែងតាំង​ជា​ប្រធានស្តីទី​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ក្រោយ​ពេលដែល​សម្តេចក្រុមព្រះ ដែលជា​បិតា ជួប​គ្រោះថ្នាក់​ចរាចរណ៍​។ កន្លងមក ព្រះអង្គ​ក៏បាន​បញ្ចប់​សមាជិកភាព​មន្ត្រី​ជើងចាស់​មួយចំនួន​ផងដែរ ក្នុងនោះ​មានដូចជា លោក​យូ ហុកគ្រី លោក​ប៉ោ ប៊ុន​ស្រ៊ឺ លោក​ញ៉េប ប៊ុនជិន និង​លោក​វ៉ាន់ សុផាន់​ណា​៕



Tag:
 ហ្វ៊ុនស៊ិនប៉ិច
© រក្សាសិទ្ធិដោយ thmeythmey.com