អាមេរិក និង​កូរ៉េខាងត្បូង លើក​ពេល​សមយុទ្ធ​យោធា​រវាង​ប្រទេស​ទាំងពីរ​
អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
អាមេរិក និង​កូរ៉េខាងត្បូង លើក​ពេល​សមយុទ្ធ​យោធា​រវាង​ប្រទេស​ទាំងពីរ​
17, Nov 2019 , 10:29 pm        
រូបភាព
រដ្ឋមន្រ្តីការពារជាតិអាមេរិក ម៉ាក អេស្ពើ (ខាងឆ្វេង) និងរដ្ឋមន្រ្តីការពារជាតិកូរ៉េខាងត្បូង Jeong Kyeong-doo នៅក្នុងកិច្ចប្រជុំមួយ នាទីក្រុងសេអ៊ូល នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩, រូបភាព៖ AP
រដ្ឋមន្រ្តីការពារជាតិអាមេរិក ម៉ាក អេស្ពើ (ខាងឆ្វេង) និងរដ្ឋមន្រ្តីការពារជាតិកូរ៉េខាងត្បូង Jeong Kyeong-doo នៅក្នុងកិច្ចប្រជុំមួយ នាទីក្រុងសេអ៊ូល នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩, រូបភាព៖ AP
​អាមេរិក និង​កូរ៉េខាងត្បូង នៅ​ថ្ងៃទី​១៧ ខែវិច្ឆិកា បានប្រកាសថា ភាគី​ទាំងពីរ​នឹង​ពន្យារ​ពេលធ្វើ​សមយុទ្ធ​យោធា ដើម្បី​ដើម្បី​គាំទ្រ​កិច្ចចរចា​សន្តិភាព​នៅលើ​ឧបទ្វីប​កូរ៉េ​។ ប៉ុន្តែ​ទីក្រុង​វ៉ាស៊ីនតោន បាន​បដិសេធថា សេចក្តីប្រកាស​បែបនេះ មិនមែនជា​ការធ្វើសម្បទាន​ឲ្យ​ទីក្រុង​ព្យុងយ៉ាង​ឡើយ​។



​សមយុទ្ធ​យោធា Combined Flying Training Event ដែល​នឹងត្រូវ​ធ្វើឡើង ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ  ក្នុង​គោលបំណង​ពង្រឹង​ប្រតិបត្តិការ​លើ​អាកាស និង​បិទបាំង​ចំនួន​យន្តហោះ​ចម្បាំង​របស់​អាមេរិក និង​កូរ៉េខាងត្បូង ត្រូវ​លើកយក​ទៅធ្វើ​នៅពេល​ក្រោយ​។ នេះ​បើតាម​សេចក្តីប្រកាស​ររួមរបស់ លោក​ម៉ាក អេ​ស្ពើ រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក និង​លោក Jeong Kyeong-doo រដ្ឋមន្ត្រី​ការពារជាតិ​កូរ៉េខាងត្បូង អំឡូងជំនួបក្រៅកិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារជាតិ​អាស៊ាន និងជំនួបពាក់ព័ន្ធនៅទីក្រុងបាងកក ប្រទេសថៃ​។

​យ៉ាងណាក៏ដោយ បើទោះបីជា​មានការ​ពន្យា​រ​ពេលធ្វើ​សមយុទ្ធ​យោធា​ក៏ពិតមែន តែ​ទីក្រុង​សេ​អ៊ូ​ល និង​វ៉ាស៊ីនតោន នៅតែ​ត្រៀម​ជានិច្ច ដើម្បី​ការពារ​ការគំរាមកំហែង​ផ្សេងៗ​។ នេះ​បើតាម​ការលើកឡើង​រប​ស់លោក អេ​ស្ពើ​។ ទន្ទឹមនឹងនេះ រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក បាន​បន្តទៀតថា ការប្រកាស​បែបនេះ មិនមែនជា​ការធ្វើសម្បទាន​ឲ្យ​ទីក្រុង​ព្យុងយ៉ាង​ឡើយ ផ្ទុយទៅវិញ​វា​គ្រាន់តែ​ជាការ​រក្សា​សន្តិភាព​នៅក្នុង​តំបន់​តែប៉ុណ្ណោះ​។

​ទាក់ទង​ទៅនឹង​ការសម្រេចចិត្ត​របស់​អា​មេ​រិ​ក និង​កូរ៉េខាងត្បូង​បែបនេះ វា​នៅតែមាន​ភាពមិនច្បាស់លាស់​ដដែល លើ​កិច្ចចរចា​រំសាយ​កម្មវិធី​នុ​ក្លេ​អ៊ែរ​រវាង​អាមេរិក និង​កូរ៉េខាងជើង​។ យ៉ាងណាមិញ លោក​អេ​ស្ពើ សង្ឃឹមថា ទីក្រុង​ព្យុងយ៉ាង នឹង​ឆ្លើយតប​ទៅនឹង​កាយវិការ​វិជ្ជមាន​បែបនេះ​។

​សូមបញ្ជាក់ថា បើតាម​ការអះអាង​រប​ស់​ប្រមុខ​ចរចា​កូរ៉េខាងជើង គីម ម្យ៉ុ​ង​គី​ល​(Kim Myong-gil) នៅ​ថ្ងៃទី​១៥ ខែវិច្ឆិកា អាមេរិក បាន​បបួល​កូរ៉េខាងជើង ឲ្យ​ចាប់ផ្តើម​កិច្ចចរចា​ថ្នាក់​ក្រុមការងារ​ម្តងទៀត​នៅ​ខែក្រោយ ដើម្បី​ដោះស្រាយ​បញ្ហា​នុយក្លេអ៊ែរ បន្ទាប់ពី​កិច្ចចរចា​នៅ​ស៊ុយអែត​ត្រូវ​បរាជ័យ​៕


Tag:
 អាមេរិក​
  កូរ៉េខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com