ជាតិ
សិល្បះ
ស្ថានទូត​អាមេរិក​យក​សិល្បៈ​ដើម្បី​រឹតចំណង​មិត្តភាពរ​វា​ង​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ​
17, Nov 2019 , 5:17 pm        
រូបភាព
 ក្រុមសិល្បករកម្ពុជា អាមេរិកថតរូបជុំគ្នាក្នុងសន្និសីទសារព័ត៌
ក្រុមសិល្បករកម្ពុជា អាមេរិកថតរូបជុំគ្នាក្នុងសន្និសីទសារព័ត៌
​ភ្នំពេញ​៖ ជា​ផ្នែក​មួយ​ដើម្បី​រឹតចំណង​មិត្តភាពរ​វា​ង​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា បានរៀបចំ​ឱ្យមាន​ការប្រគំ​តន្ត្រី​រួមគ្នា​ពី​ក្រុម SmallWorld Small Band កម្ពុជា និង​ក្រុម Henhouse Prowlers មកពី​សហរដ្ឋអាមេរិក​។ ការប្រគំ​តន្ត្រី​នេះ ក៏​ដើម្បី​ចែករំលែក​បទពិសោធ និង​វប្បធម៌​រវាង​ប្រជាជាតិ​ទាំងពីរ​ផងដែរ​។​



​បើក​កម្មវិធី​ប្រគំ​តន្ត្រី​ដោយ​លោក W.Patrick Murphy ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា កម្មវិធី​ប្រគំ​តន្ត្រី​នេះ​ធ្វើឡើង​ក្នុង​គោលបំណង រួមចំណែក​រឹតចំណង​មិត្តភាព​ប្រជាជន​ប្រទេស​ទាំងពីរ​ឱ្យ​កាន់តែ​រឹងមាំ ក៏ដូចជា​ដើម្បី​ចែករំលែក​សិល្បៈ​វប្បធម៌​គ្នា​ទៅវិញទៅមក​ផងដែរ ។ ការលើកកម្ពស់​ក្រុម​សិល្បករ ដែល​បង្កើត​ស្នាដៃ​បទ​ចម្រៀង​មិន​ចម្លង​ពី​គេ​(Original Song) ក៏​ជា​អ្វីដែល​ក្រសួងការបរទេស​អាមេរិក ផ្នែក​វប្បធម៌ យកចិត្តទុកដាក់​ផងដែរ​។


ក្រុមសិល្បករកម្ពុជាអាមេរិកក្នុងសន្និសីទសារព័ត៌មានកាលពីពេលកន្លងទៅ

​ជំនួយការ​កិច្ចការ​វប្បធម៌​នៃ​ស្ថានទូត​អាមេរិក អ្នកស្រី ពិន សម្ផស្ស បានបញ្ជាក់​ក្នុង​សន្និសីទ​សារព័ត៌មាន កាលពី​ថ្ងៃទី​១៦​ខែវិច្ឆិកា នៅមុន​ការប្រគំ​តន្ត្រី​ដូច្នេះ ៖«​ក្នុងនាម​យើង​ធ្វើការ​ខាង​វប្បធម៌ យើង​ព្យាយាម​រក​អ្វីដែល​ធ្វើឱ្យ​ប្រទេស​យើង​ទាំងពី​កាន់តែ​មាន​ទំនាក់ទំនង​រឹងមាំ​។ អ្វីដែល​ស្ថាន​ទូក​អាមេរិក​ចង់​លើកកម្ពស់​គឺ​ការគោរព​កម្មសិទ្ធិបញ្ញា​។ ពួកគាត់​ដែលមាន​វត្តមាន​នៅទីនេះ សុទ្ធតែជា​អ្នក​ដែល​ផលិត​បទ​ចម្រៀង​ដោយ​ខ្លួនឯង​(Original Song)​។ គាត់​ចំណាយពេល​ចំណាយ​គំនិត ក្នុងការ​ផលិត​បទ​ច​ម្រៀ​ង ដូច្នេះ​ស្ថានទូត​អាមេរិក​ត្រូវតែ​លើកទឹកចិត្ត​ពួកគាត់​»​។

SmallWorld Small Band គឺជា​ក្រុម​តន្ត្រី​កម្ពុជា ដែល​បង្កើត​បទ​ភ្លេង​និង​ទំនុកច្រៀង​ថ្មី​មិន​ចម្លង​ពី​គេ​(Original Song)​។ ក្រុម​នេះ​ធ្លាប់​ត្រូវបាន​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា អញ្ជើញ​ទៅ​ទស្សនកិច្ច​សិក្សា​ពី​វិស័យ​តន្ត្រី និង​ការការពារ​កម្មសិទ្ធិបញ្ញា​នៅ​សហរដ្ឋអាមេរិក កាលពី​ខែមេសា​កន្លងទៅ​រយៈពេល​១០​ថ្ងៃ​។ ក្នុង​សន្តិ​សីទ​សារព័ត៌មាន កញ្ញា រិទ្ធី លំអរ​កេសរ ដែលជា​សមាជិក​ក្រុម SmallWorld Small Band បាន​លើកឡើងថា ការបង្កើតឱ្យមាន​ការ​ប្រគំ​តន្ត្រី​រួមគ្នា​នេះ គឺជា​សញ្ញា​បង្ហាញថា​សិល្បៈ​មិនមាន​ការរើសអើង ហើយ​សិល្បៈ​មាន​ភាព​ចម្រុះ​ពណ៌​នៃ​ជីវិត​និង​បទពិសោធ​។

 ក្រុមតន្ត្រី SmallWorld Small Band
​កញ្ញា​បន្ថែម​ទាំង​ញញឹម​៖«​សិល្បៈ​ជា​ភាសា​សកល ដែល​ធ្វើឱ្យ​មនុស្ស​នៅលើ​ពិភពលោក​មាន​ទំនាន់​ទង​នឹង​គ្នា​។ ខ្ញុំ​ពិតជា​សប្បាយចិត្ត​សម្រាប់​បទពិសោធ​មួយ​នេះ ពួកគាត់ (​តន្ត្រីករ​អាមេរិក​) បាន​នាំយក​វប្បធម៌​របស់គាត់​ចែករំលែក​ដល់​យើង ហើយ​គាត់​ខំរៀន​ចម្រៀង​ខ្មែរ ព្រមទាំង​បាន​ស្វែងយល់​ពី​វប្បធម៌​ខ្មែរ​ត្រឡប់​ទៅវិញ​»​។​

​ចំណែក Henhouse Prowlers គឺជា​ក្រុម​ដែល​សម្ដែង​តន្ត្រី​ប្រពៃណី Bluegrass របស់​អាមេរិក​។ Bluegrass គឺជា​តន្ត្រី​ប្រពៃណី​របស់​អាមេរិក ដែលមាន​អាយុកាល​តាំងពី​ឆ្នាំ​១៩៤០​។ ក្រុម​តន្ត្រី Henhouse Prowlers បានធ្វើ​ដំណើរ​ទៅ​ខេត្តបាត់ដំបង​និង​ខេត្តសៀមរាប ដើម្បី​ប្រគំ​តន្ត្រី​ជាមួយ​សិល្បករ​ក្នុង​តំបន់ ព្រមទាំង​បានរៀបចំ​សិក្ខាសាលា​ចែករំលែក​ពី​តន្ត្រី​របស់​ពួកគេ មុនពេល​មក​ប្រគំ​តន្ត្រី​នៅ​ភ្នំពេញ​។

​លោក Jonathan Goldfine សិល្បករ​មកពី​សហរ​ដ្ឋ​អាមេរិក​តំណាង​ក្រុម Henhouse Prowlers បាន​បញ្ចេញ​នូវ​អារម្មណ៍​របស់ខ្លួន​ថា​៖«​កិច្ចសហការ​នេះ​ពិតជា​អស្ចារ្យ​។ ពួកយើង​សប្បាយចិត្ត​នៅពេល​បានមក​ដល់​ប្រទេស​កម្ពុជា ជា​លើកទីមួយ​នេះ​។ ពួកយើង​ទទួលបាន​បទពិសោធ​ច្រើន ហើយ​នៅពេល​យើង​ត្រឡប់​ទៅ​អាមេរិក​វិញ យើង​នឹង​នាំយក​វា ទៅ​ផ្សព្វផ្សាយ​ដល់​អ្នកគាំទ្រ​របស់​ពួកយើង​»​។


ក្រុម​តន្ត្រី Henhouse Prowlers

​ស្ថានទូត​អាមេរិក​បាន​បង្កើត​កម្ម​វិធី​បេសកជន​សិល្បៈ ដែល​នាំយក​សិល្បករ​ឬ​ក្រុម​តន្ត្រី ពី​សហរដ្ឋអាមេរិក មក​ទស្សនកិច្ច និង​ប្រគំ​តន្ត្រី​រួមគ្នា​នៅ​កម្ពុជា អស់​រយៈពេល​ប្រមាណ​១០​ឆ្នាំ​មកហើយ​។ កិច្ចការ​នេះ​ធ្វើឡើង​ដើម្បី​ជួយ​ជំរុញ​មិត្តភាព​រវាង​ប្រជាជន និង​វប្បធម៌​ទាំងពីរ​ប្រទេស​ឱ្យ​កាន់តែ​រឹងមាំ ក៏ដូចជា​ការផ្លាស់ប្ដូរ​វប្បធម៌​គ្នា​ទៅវិញទៅមក​ផងដែរ​៕


Tag:
 សិល្បៈ​
  កម្ពុជា​
  អាមេរិក​
  ប្រគំ​តន្ត្រី​
  ស្ថានទូត​អាមេរិក​
 ​សិល្បករ​
© រក្សាសិទ្ធិដោយ thmeythmey.com