ជាតិ
សិល្បះ
ស្ថានទូតអាមេរិកយកសិល្បៈដើម្បីរឹតចំណងមិត្តភាពរវាងប្រជាជននៃប្រទេសទាំងពីរ ក្រុមសិល្បករកម្ពុជា អាមេរិកថតរូបជុំគ្នាក្នុងសន្និសីទសារព័ត៌
× ភ្នំពេញ៖ ជាផ្នែកមួយដើម្បីរឹតចំណងមិត្តភាពរវាងប្រជាជននៃប្រទេសទាំងពីរ ស្ថានទូតអាមេរិកប្រចាំកម្ពុជា បានរៀបចំឱ្យមានការប្រគំតន្ត្រីរួមគ្នាពីក្រុម SmallWorld Small Band កម្ពុជា និងក្រុម Henhouse Prowlers មកពីសហរដ្ឋអាមេរិក។ ការប្រគំតន្ត្រីនេះ ក៏ដើម្បីចែករំលែកបទពិសោធ និងវប្បធម៌រវាងប្រជាជាតិទាំងពីរផងដែរ។
បើកកម្មវិធីប្រគំតន្ត្រីដោយលោក W.Patrick Murphy ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា កម្មវិធីប្រគំតន្ត្រីនេះធ្វើឡើងក្នុងគោលបំណង រួមចំណែករឹតចំណងមិត្តភាពប្រជាជនប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ ក៏ដូចជាដើម្បីចែករំលែកសិល្បៈវប្បធម៌គ្នាទៅវិញទៅមកផងដែរ ។ ការលើកកម្ពស់ក្រុមសិល្បករ ដែលបង្កើតស្នាដៃបទចម្រៀងមិនចម្លងពីគេ(Original Song) ក៏ជាអ្វីដែលក្រសួងការបរទេសអាមេរិក ផ្នែកវប្បធម៌ យកចិត្តទុកដាក់ផងដែរ។
ក្រុមសិល្បករកម្ពុជាអាមេរិកក្នុងសន្និសីទសារព័ត៌មានកាលពីពេលកន្លងទៅ
ជំនួយការកិច្ចការវប្បធម៌នៃស្ថានទូតអាមេរិក អ្នកស្រី ពិន សម្ផស្ស បានបញ្ជាក់ក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃទី១៦ខែវិច្ឆិកា នៅមុនការប្រគំតន្ត្រីដូច្នេះ ៖«ក្នុងនាមយើងធ្វើការខាងវប្បធម៌ យើងព្យាយាមរកអ្វីដែលធ្វើឱ្យប្រទេសយើងទាំងពីកាន់តែមានទំនាក់ទំនងរឹងមាំ។ អ្វីដែលស្ថានទូកអាមេរិកចង់លើកកម្ពស់គឺការគោរពកម្មសិទ្ធិបញ្ញា។ ពួកគាត់ដែលមានវត្តមាននៅទីនេះ សុទ្ធតែជាអ្នកដែលផលិតបទចម្រៀងដោយខ្លួនឯង(Original Song)។ គាត់ចំណាយពេលចំណាយគំនិត ក្នុងការផលិតបទចម្រៀង ដូច្នេះស្ថានទូតអាមេរិកត្រូវតែលើកទឹកចិត្តពួកគាត់»។
SmallWorld Small Band គឺជាក្រុមតន្ត្រីកម្ពុជា ដែលបង្កើតបទភ្លេងនិងទំនុកច្រៀងថ្មីមិនចម្លងពីគេ(Original Song)។ ក្រុមនេះធ្លាប់ត្រូវបានស្ថានទូតអាមេរិកប្រចាំកម្ពុជា អញ្ជើញទៅទស្សនកិច្ចសិក្សាពីវិស័យតន្ត្រី និងការការពារកម្មសិទ្ធិបញ្ញានៅសហរដ្ឋអាមេរិក កាលពីខែមេសាកន្លងទៅរយៈពេល១០ថ្ងៃ។ ក្នុងសន្តិសីទសារព័ត៌មាន កញ្ញា រិទ្ធី លំអរកេសរ ដែលជាសមាជិកក្រុម SmallWorld Small Band បានលើកឡើងថា ការបង្កើតឱ្យមានការប្រគំតន្ត្រីរួមគ្នានេះ គឺជាសញ្ញាបង្ហាញថាសិល្បៈមិនមានការរើសអើង ហើយសិល្បៈមានភាពចម្រុះពណ៌នៃជីវិតនិងបទពិសោធ។
ក្រុមតន្ត្រី SmallWorld Small Band
កញ្ញាបន្ថែមទាំងញញឹម៖«សិល្បៈជាភាសាសកល ដែលធ្វើឱ្យមនុស្សនៅលើពិភពលោកមានទំនាន់ទងនឹងគ្នា។ ខ្ញុំពិតជាសប្បាយចិត្តសម្រាប់បទពិសោធមួយនេះ ពួកគាត់ (តន្ត្រីករអាមេរិក) បាននាំយកវប្បធម៌របស់គាត់ចែករំលែកដល់យើង ហើយគាត់ខំរៀនចម្រៀងខ្មែរ ព្រមទាំងបានស្វែងយល់ពីវប្បធម៌ខ្មែរត្រឡប់ទៅវិញ»។
ចំណែក Henhouse Prowlers គឺជាក្រុមដែលសម្ដែងតន្ត្រីប្រពៃណី Bluegrass របស់អាមេរិក។ Bluegrass គឺជាតន្ត្រីប្រពៃណីរបស់អាមេរិក ដែលមានអាយុកាលតាំងពីឆ្នាំ១៩៤០។ ក្រុមតន្ត្រី Henhouse Prowlers បានធ្វើដំណើរទៅខេត្តបាត់ដំបងនិងខេត្តសៀមរាប ដើម្បីប្រគំតន្ត្រីជាមួយសិល្បករក្នុងតំបន់ ព្រមទាំងបានរៀបចំសិក្ខាសាលាចែករំលែកពីតន្ត្រីរបស់ពួកគេ មុនពេលមកប្រគំតន្ត្រីនៅភ្នំពេញ។
លោក Jonathan Goldfine សិល្បករមកពីសហរដ្ឋអាមេរិកតំណាងក្រុម Henhouse Prowlers បានបញ្ចេញនូវអារម្មណ៍របស់ខ្លួនថា៖«កិច្ចសហការនេះពិតជាអស្ចារ្យ។ ពួកយើងសប្បាយចិត្តនៅពេលបានមកដល់ប្រទេសកម្ពុជា ជាលើកទីមួយនេះ។ ពួកយើងទទួលបានបទពិសោធច្រើន ហើយនៅពេលយើងត្រឡប់ទៅអាមេរិកវិញ យើងនឹងនាំយកវា ទៅផ្សព្វផ្សាយដល់អ្នកគាំទ្ររបស់ពួកយើង»។
ក្រុមតន្ត្រី Henhouse Prowlers
ស្ថានទូតអាមេរិកបានបង្កើតកម្មវិធីបេសកជនសិល្បៈ ដែលនាំយកសិល្បករឬក្រុមតន្ត្រី ពីសហរដ្ឋអាមេរិក មកទស្សនកិច្ច និងប្រគំតន្ត្រីរួមគ្នានៅកម្ពុជា អស់រយៈពេលប្រមាណ១០ឆ្នាំមកហើយ។ កិច្ចការនេះធ្វើឡើងដើម្បីជួយជំរុញមិត្តភាពរវាងប្រជាជន និងវប្បធម៌ទាំងពីរប្រទេសឱ្យកាន់តែរឹងមាំ ក៏ដូចជាការផ្លាស់ប្ដូរវប្បធម៌គ្នាទៅវិញទៅមកផងដែរ៕
Tag:
សិល្បៈ
កម្ពុជា
អាមេរិក
ប្រគំតន្ត្រី
ស្ថានទូតអាមេរិក
សិល្បករ
© រក្សាសិទ្ធិដោយ thmeythmey.com