ជាតិ
​​​ន​យោ​បាយ​ជាតិ​
សម្តេច ហ៊ុន សែន សន្និដ្ឋានមុនតុលាការថា សំណុំរឿងលោក កឹម សុខា នឹងត្រូវបញ្ជូនទៅកាត់ក្តី
18, Nov 2019 , 8:39 am        
រូបភាព
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន សន្និដ្ឋានថា តុលាការ នឹងមិនទម្លាក់បទចោទប្រកាន់ចេញពីលោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិឡើយ ពោលគឺ សំណុំរឿងរបស់លោក នឹងត្រូវបញ្ជូនទៅជំនុំជម្រះ។

 

ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតនៃសាកលវិទ្យាល័យធនធានមនុស្ស នាព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ប្រធានគណបក្សកាន់អំណាចថ្លែងដូច្នេះថា៖«គេចោទប្រកានរួចហើយតើ ហើយសមត្ថកិច្ចរបស់តុលាការ មិនដឹងគេ កាត់ [ក្តី] ពេលណាអីពេលណា គេគ្រាន់តែបិទការស៊ើបអង្កេតលើសំណុំរឿងប៉ុណ្ណោះ ដើម្បីបញ្ជូនទៅជម្រះ តែរឿងជម្រះ ជារឿងតុលាការ យើងអត់មានសិទ្ធិទៅជ្រៀតជ្រែកគេទេ»។

កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩ លោក គី ឫទ្ធី ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ បានប្រកាសបិទការស៊ើបសួរលើសំណុំរឿងរបស់លោក កឹម សុខា ក្រោយប្រើពេលប្រមាណ២ឆ្នាំក្នុងការស៊ើបសួរ។

ក្រោយបិទការស៊ើបសួរ មានមជ្ឈដ្ឋានខ្លះ ពិសេសក្រុមអ្នកប្រឆាំង រំពឹងថា ចៅក្រមស៊ើបសួរ និងទម្លាក់បទចោទចេញពីលោក កឹម សុខា ដោយមិនបញ្ជូនសំណុំរឿងទៅជំនុំជម្រះឡើយ។ យ៉ាងណាក៏ដោយ មកដល់ពេលណា ចៅក្រមស៊ើបសួរ មិនទាន់ចេញដីកាដំណោះស្រាយនោះទេ ថាត្រូវទម្លាក់បទចោទចេញពីលោក កឹម សុខា ឬក៏ត្រូវបញ្ជូនទៅជំនុំជម្រះ។

លោក កឹម សុខា ត្រូវបានចាប់ខ្លួនក្នុងគេហដ្ឋានរបស់លោក កាលពីថ្ងៃទី២រំលងអធ្រាត្រ ឈានចូលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ ហើយត្រូវបញ្ជូនទៅឃុំនៅពន្ធនាគារត្រពាំងផ្លុងខេត្តត្បូងឃ្មុំ ក្រោមបទចោទសន្ទិដ្ឋិភាពជាមួយបរទេស ដែលសំដៅថា លោក លួចទៅគប់គិតជាមួយបរទេស ដើម្បីផ្តួលរំលំរដ្ឋាភិបាលកម្ពុជា។

ក្រោយមក១ឆ្នាំ គឺនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ លោក កឹម សុខា ត្រូវដោះលែងឲ្យក្រៅឃុំបណ្តោះអាសន្ន ដោយអនុញ្ញាតឲ្យលោក ត្រឡប់ទៅរស់នៅជាមួយគ្រួសារវិញ តែជាប់បម្រាមយ៉ាងតឹងរ៉ឹង។ កាលនោះ ចៅក្រមស៊ើបសួរ ដាក់បម្រាមមួយចំនួនចំពោះលោក ដូចជា មិនឲ្យចេញទៅណាឆ្ងាយពីផ្ទះ មិនឲ្យជួបថ្នាក់ដឹកនាំអតីតគណបក្សប្រឆាំង មិនឲ្យជួបជនបរទេសដែលពាក់ព័ន្ធនឹងសំណុំរឿង មិនឲ្យចេញទៅក្រៅប្រទេស និង មិនឲ្យធ្វើសកម្មភាពនយោបាយ ជាដើម។

ថ្មីៗនេះ ចៅក្រមស៊ើបសួរ បានលុបបម្រាមខ្លះ ចេញពីលោក កឹម សុខា គឺ បម្រាមមិនឲ្យចេញទៅណាឆ្ងាយពីផ្ទះ បម្រាមមិនឲ្យជួបថ្នាក់ដឹកនាំអតីតគណបក្សប្រឆាំង និង បម្រាមមិនឲ្យជួបជនបរទេស។ ចំណែកបម្រាមផ្សេងទៀត រួមមាន បម្រាមមិនឲ្យចេញទៅក្រៅប្រទេស និង បម្រាមមិនឲ្យធ្វើនយោបាយ ចៅក្រមស៊ើបសួរនៅរក្សាទុកដដែល។ លើសពីនេះ លោក ត្រូវគោរពកាតព្វកិច្ចនៃការកោះហៅរបស់តុលាការឬសមត្ថកិច្ច ព្រោះលោក នៅតែមានឈ្មោះជាជនត្រូវចោទ៕

Tag:
 ហ៊ុន សែន​
  កឹម សុខា
© រក្សាសិទ្ធិដោយ thmeythmey.com