រដ្ឋាភិបាលថៃ នឹងរៀបចំជំនួបពិភាក្សាថ្មីមួយជាមួយនឹងតំណាងពាណិជ្ជកម្មអាមេរិក (USTR) ពាក់ព័ន្ធគម្រោងដកប្រព័ន្ធអនុគ្រោះពន្ធ។ ជំនួបដែលនឹងធ្វើឡើងនាថ្ងៃទី២០ ខែវិច្ឆិកា នឹងជជែករឿងការសម្រេចចិត្តរបស់វ៉ាស៊ីនតោនក្នុងការដកហូតប្រព័ន្ធអនុគ្រោះពន្ធលើទំនិញជាង៥០០មុខដែលនាំចូលពីថៃចូលទីផ្សារអាមេរិក។ ទន្ទឹមនឹងការចរចាជាមួយភាគីអាមេរិក រដ្ឋាភិបាលថៃ ក៏ប្រាប់ឲ្យវិស័យឯកជនត្រៀមលក្ខណៈ ប្រសិនបើការចរចាបរាជ័យ។
រដ្ឋមន្ត្រីពាណិជ្ជកម្មថៃ លោក Jurin Laksanawisit នៅថ្ងៃ១៨ វិច្ឆិកា បញ្ជាក់ឲ្យដឹងថា ឯកអគ្គរាជទូតថៃប្រចាំសហរដ្ឋអាមេរិក នឹងដឹកនាំគណៈប្រតិភូថៃ ព្រមទាំងអមដំណើរដោយទីប្រឹក្សាផ្នែកពាណិជ្ជកម្ម និងការងារ។ ក្រសួងពាណិជ្ជកម្មថៃ ប៉ាន់ស្មានថា ពន្ធនាំចូលខ្ពស់៤,៥ភាគរយ នឹងកាត់បន្ថយការនាំចេញទៅកាន់សហរដ្ឋអាមេរិកចន្លោះពី២៨,៨ទៅ៣២,៨លានដុល្លារនៅឆ្នាំក្រោយ ឬស្មើនឹង០,០១ភាគរយនៃការនាំចូលសរុបរបស់ប្រទេសថៃ។
តាមការចុះផ្សាយរបស់កាសែត បាងកកប៉ុស្តិ៍ លោករដ្ឋមន្ត្រី Jurin លើកឡើងថា លេខាធិការអចិន្ត្រៃយ៍នៃក្រសួងពាណិជកម្មថៃ Boonyarit Kalayanamit បានប្រាប់់ទៅកាន់វិស័យឯកជនរួចរាល់ហ់យដើម្បីឲ្យពួកគេត្រៀមលក្ខណៈសម្រាប់ការយកពន្ធខ្ពស់ជាងមុន ហើយបានគិតគូររកដំណោះស្រាយសម្រាប់អ្នកនាំចេញ ដែលទំនងរងផលប៉ះពាល់ដោយសារការបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធទូទៅ (GSP) ។
«ទោះបីជាការចរចាទទួលបានលទ្ធផលបែបណាក៏ដោយ ក្រសួងមានផែនការបង្កើនទៅនាំចេញទៅកាន់ទីផ្សារថ្មី»។ លោក Jurin អះអាងឲ្យដឹងបែបនេះ ដោយសង្កត់ធ្ងន់ថា ក្រសួងពាណិជ្ជកម្ម និងបណ្តាក្រុមហ៊ុនថៃ មានគម្រោងរៀបចំកម្មវិធីទាក់ទាញអ្នកវិនិយោគក្នុងប្រទេសចិន សហរដ្ឋអាមេរិក និងអឺរ៉ុប ហើយក៏បានរៀបចំព្រឹត្តិការណ៍ធុរកិច្ចជាច្រើនដើម្បីជំរុញការនាំចេញផងដែរ។
បើតាម បាងកកប៉ុស្តិ៍ អគ្គនាយកនៃនាយកដ្ឋានលើកកម្ពស់ពាណិជ្ជកម្មអន្តរជាតិថៃ Somdet Susomboon បានបញ្ជាក់ថា អ្នកនាំចូលអាមេរិក កំពុងញាប់ដៃញាប់ជើងបញ្ជាទិញផលិតផលពីប្រទេសថៃ ដើម្បីបង្កើនស្តុក មុននឹងការដំឡើងពន្ធចូលជាធរមាន។ ម្យ៉ាងទៀត ថៃ ក៏កំពុងសម្លឹងរកទីផ្សារបរទេសថ្មីសម្រាប់ផលិតផលដែលប៉ះពាល់ ក្នុងនោះគោលដៅដែលមានសក្ដានុពលរួមមាន ឥណ្ឌា ប៉ារែន កាតា អាហ្វ្រិកខាងត្បូង ជប៉ុន ចក្រភពអង់គ្លេស សហភាពអឺរ៉ុប និងរុស្ស៊ី ជាដើម។
បើតាមការបញ្ជាក់របស់លោកអគ្គនាយក Somdet កាលពីខែមុន នាយកដ្ឋានលោក បានត្រៀមរៀបចំវិធានការចំនួន៧ ដើម្បីទប់ទល់នឹងឥទ្ធិពលនៃការដកហូតប្រព័ន្ធអនុគ្រោះ GSP ដោយអាទិភាពទី១គឺបង្កើនការនាំចេញទៅកាន់សហរដ្ឋអាមេរិកក្នុងរយៈពេល៦ខែខាងមុខ មុននឹងការកាត់ផ្តាច់ចូលជាធរមាន។ ហើយវិធានការផ្សេងទៀត គឺរាប់បញ្ចូលសកម្មកម្មជំរុញការនាំចេញ។
សូមបញ្ជាក់ថា កាលពីថ្ងៃ ២៥ តុលា កន្លងទៅ សហរដ្ឋអាមេរិក បានប្រកាសពីការដកហូតការអនុគ្រោះពន្ធសម្រាប់ប្រទេសថៃក្នុងទំហំទឹកប្រាក់១,៣ពាន់លានដុល្លារ ក្រោមក្របខណ្ឌ GSP ដែលនឹងចូលជាធរមាន នាថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២០។ ដោយលើកហេតុផលការពារសិទ្ធិពលករថៃ ជាពិសេសក្នុងឧស្សាហកម្មនេសាទ (គ្រឿងសមុទ្រ) តំណាងពាណិជ្ជកម្មអាមេរិក (USTR) បានបញ្ជាក់ថា ក្រុងវ៉ាស៊ីនតោន នឹងផ្អាកការលើកលែងពន្ធសម្រាប់ទំនិញនាំចេញរបស់ថៃចំនួន៥៧៣មុខ ដែលនឹងប្រឈមនឹងការដំឡើងពន្ធនាំចូលរហូតដល់៥ភាគរយ ខណៈបច្ចុប្បន្នគ្មានការយកពន្ធសូម្បីមួយភាគរយ៕