អន្តរជាតិ
មន្ត្រី​ថៃ នឹង​ជួប​តំណាង​ពាណិជ្ជកម្ម​អាមេរិក​ជជែក​រឿង​ដក​ការអនុគ្រោះ​ពន្ធ ខណៈ​សម្លឹង​រក​ទីផ្សារ​ថ្មី​
18, Nov 2019 , 9:55 am        
រូបភាព
លោក ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្ត្រីថៃ (ឆ្វេង) ចាប់ដៃជាមួយលោដូណាល់ត ត្រាំ ប្រធានាធិបតីអាមេរិក នៅសេតវិមានអាមេរិក កាលពីឆ្នាំ២០១៧ (AP)
លោក ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្ត្រីថៃ (ឆ្វេង) ចាប់ដៃជាមួយលោដូណាល់ត ត្រាំ ប្រធានាធិបតីអាមេរិក នៅសេតវិមានអាមេរិក កាលពីឆ្នាំ២០១៧ (AP)
ដោយ:
​រដ្ឋាភិបាល​ថៃ នឹង​រៀបចំ​ជំនួប​ពិភាក្សា​ថ្មី​មួយ​ជាមួយនឹង​តំណាង​ពាណិជ្ជកម្ម​អាមេរិក (USTR) ពាក់ព័ន្ធ​គម្រោង​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​។ ជំនួប​ដែល​នឹងធ្វើ​ឡើង​នា​ថ្ងៃទី​២០ ខែវិច្ឆិកា នឹង​ជជែក​រឿង​ការសម្រេចចិត្ត​របស់​វ៉ាស៊ីនតោន​ក្នុង​ការដកហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​លើ​ទំនិញ​ជាង​៥០០​មុខ​ដែល​នាំចូល​ពី​ថៃ​ចូល​ទីផ្សារ​អាមេរិក​។  ទន្ទឹមនឹង​ការចរចា​ជាមួយ​ភាគី​អាមេរិក រដ្ឋាភិបាល​ថៃ ក៏​ប្រាប់​ឲ្យ​វិស័យ​ឯកជន​ត្រៀមលក្ខណៈ ប្រសិនបើ​ការចរចា​បរាជ័យ​។

 
​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​ថៃ លោក Jurin Laksanawisit នៅ​ថ្ងៃ​១៨ វិច្ឆិកា បញ្ជាក់​ឲ្យ​ដឹងថា ឯកអគ្គរាជទូត​ថៃ​ប្រចាំ​សហរដ្ឋអាមេរិក នឹង​ដឹកនាំ​គណៈប្រតិភូ​ថៃ ព្រមទាំង​អមដំណើរ​ដោយ​ទីប្រឹក្សា​ផ្នែក​ពាណិជ្ជកម្ម និង​ការងារ​។ ក្រសួងពាណិជ្ជកម្ម​ថៃ ប៉ាន់​ស្មានថា ពន្ធ​នាំចូល​ខ្ពស់​៤,៥​ភាគរយ នឹង​កាត់បន្ថយ​ការនាំចេញ​ទៅកាន់​សហរ​ដ្ឋ​អាមេរិក​ចន្លោះ​ពី​២៨,៨​ទៅ​៣២,៨​លាន​ដុល្លារ​នៅ​ឆ្នាំក្រោយ ឬ​ស្មើនឹង​០,០១​ភាគរយ​នៃ​ការនាំ​ចូល​សរុប​របស់​ប្រទេស​ថៃ​។ 
 
​តាម​ការចុះផ្សាយ​របស់​កាសែត បាងកក​ប៉ុស្តិ៍ លោក​រដ្ឋមន្ត្រី Jurin លើកឡើងថា លេខាធិការ​អចិន្ត្រៃយ៍​នៃ​ក្រសួង​ពាណិជ​កម្ម​ថៃ Boonyarit Kalayanamit បាន​ប្រាប់់​ទៅកាន់​វិស័យ​ឯកជន​រួចរាល់​ហ់យ​ដើម្បី​ឲ្យ​ពួកគេ​ត្រៀមលក្ខណៈ​សម្រាប់​ការយកពន្ធ​ខ្ពស់ជាង​មុន ហើយ​បានគិត​គូរ​រក​ដំណោះស្រាយ​សម្រាប់​អ្នក​នាំចេញ ដែល​ទំនង​រង​ផលប៉ះពាល់​ដោយសារ​ការបាត់បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទូទៅ (GSP) ។​
 
«​ទោះបីជា​ការចរចា​ទទួលបាន​លទ្ធផល​បែបណាក៏ដោយ ក្រសួង​មាន​ផែនការ​បង្កើន​ទៅ​នាំចេញ​ទៅកាន់​ទីផ្សារ​ថ្មី​»​។  លោក Jurin អះអាង​ឲ្យ​ដឹង​បែបនេះ ដោយ​សង្កត់ធ្ងន់ថា ក្រសួងពាណិជ្ជកម្ម និង​បណ្តា​ក្រុមហ៊ុន​ថៃ មាន​គម្រោង​រៀបចំ​កម្មវិធី​ទាក់ទាញ​អ្នកវិនិយោគ​ក្នុងប្រទេស​ចិន សហរដ្ឋអាមេរិក និង​អឺរ៉ុប ហើយក៏​បានរៀបចំ​ព្រឹត្តិការណ៍​ធុរកិច្ច​ជាច្រើន​ដើម្បី​ជំរុញ​ការនាំចេញ​ផងដែរ​។ 
 
​បើតាម បាងកក​ប៉ុស្តិ៍ អគ្គនាយក​នៃ​នាយកដ្ឋាន​លើកកម្ពស់​ពាណិជ្ជកម្ម​អន្តរជាតិ​ថៃ Somdet Susomboon បាន​បញ្ជាក់ថា អ្នក​នាំចូល​អាមេរិក កំពុង​ញាប់ដៃ​ញាប់ជើង​បញ្ជា​ទិញ​ផលិតផល​ពី​ប្រទេស​ថៃ ដើម្បី​បង្កើន​ស្តុក មុននឹង​ការដំឡើង​ពន្ធ​ចូល​ជា​ធរមាន​។ ម្យ៉ាងទៀត ថៃ ក៏​កំពុង​សម្លឹង​រក​ទីផ្សារ​បរទេស​ថ្មី​សម្រាប់​ផលិតផល​ដែល​ប៉ះពាល់ ក្នុងនោះ​គោលដៅ​ដែលមាន​សក្ដានុពល​រួមមាន ឥណ្ឌា ប៉ា​រែ​ន កាតា អាហ្វ្រិក​ខាងត្បូង ជប៉ុន ចក្រភព​អង់គ្លេស សហភាព​អឺរ៉ុប និង​រុស្ស៊ី ជាដើម​។ 
 
​បើតាម​ការបញ្ជា​ក់រប​ស់លោក​អគ្គនាយក Somdet កាលពី​ខែ​មុន នាយកដ្ឋាន​លោក បាន​ត្រៀម​រៀបចំ​វិធានការ​ចំនួន​៧ ដើម្បី​ទប់ទល់​នឹង​ឥទ្ធិពល​នៃ​ការដកហូត​ប្រព័ន្ធ​អនុគ្រោះ GSP ដោយ​អាទិភាព​ទី​១​គឺ​បង្កើន​ការនាំចេញ​ទៅកាន់​សហរ​ដ្ឋ​អាមេរិក​ក្នុង​រយៈពេល​៦​ខែ​ខាងមុខ មុននឹង​ការ​កាត់ផ្តាច់​ចូល​ជា​ធរមាន​។ ហើយ​វិធានការ​ផ្សេងទៀត គឺ​រាប់បញ្ចូល​សកម្ម​កម្ម​ជំរុញ​ការនាំចេញ​។ 
 
​សូមបញ្ជាក់ថា កាលពី​ថ្ងៃ ២៥ តុលា កន្លងទៅ សហរដ្ឋអាមេរិក បានប្រកាស​ពី​ការដកហូត​ការអនុគ្រោះ​ពន្ធ​សម្រាប់​ប្រទេស​ថៃ​ក្នុង​ទំហំ​ទឹកប្រាក់​១,៣​ពាន់​លាន​ដុល្លារ ក្រោម​ក្របខណ្ឌ GSP ដែល​នឹង​ចូល​ជា​ធរមាន នា​ថ្ងៃទី​២៥ ខែមេសា ឆ្នាំ​២០២០​។ ដោយ​លើក​ហេតុផល​ការពារ​សិទ្ធិ​ពលករ​ថៃ ជាពិសេស​ក្នុង​ឧស្សាហកម្ម​នេសាទ (​គ្រឿង​សមុទ្រ​) តំណាង​ពាណិជ្ជកម្ម​អាមេរិក (USTR) បាន​បញ្ជាក់ថា ក្រុង​វ៉ាស៊ីនតោន នឹង​ផ្អាក​ការលើកលែង​ពន្ធ​សម្រាប់​ទំនិញ​នាំចេញ​របស់​ថៃ​ចំនួន​៥៧៣​មុខ ដែល​នឹង​ប្រឈម​នឹង​ការដំឡើង​ពន្ធ​នាំចូល​រហូតដល់​៥​ភាគរយ ខណៈ​បច្ចុប្បន្ន​គ្មាន​ការយកពន្ធ​សូម្បី​មួយ​ភាគរយ​៕

Tag:
 សហរដ្ឋអាមេរិក​
  ថៃ​
  GSP
© រក្សាសិទ្ធិដោយ thmeythmey.com