ប្រជាជន​ខ្មែរ​ជាច្រើន​ដែល​ជួប​ការលំបាក​ស្រាប់​នឹង​ជួប​វិបត្តិ បើ​កម្ពុជា​បាត់បង់ EBA
ជាតិ
សេដ្ឋកិច្ច
ប្រជាជន​ខ្មែរ​ជាច្រើន​ដែល​ជួប​ការលំបាក​ស្រាប់​នឹង​ជួប​វិបត្តិ បើ​កម្ពុជា​បាត់បង់ EBA
18, Nov 2019 , 7:59 pm        
រូបភាព
អ្នកស្រី​អ៊ិន សុភា​ វ័យ​៥៩ឆ្នាំ ជា​ម្តាយ​របស់​អ្នកស្រី​អ៊ិន រដ្ឋា។ អ្នកស្រី​បាន​ប្រាប់​វីអូអេ​ថា អ្នកស្រី​ចង់​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ​ជួយ​ធ្វើ​យ៉ាងណា​ការពារ​ការងារ​កូន​របស់​អ្នកស្រី។ (ផន បុប្ផា/VOA)
អ្នកស្រី​អ៊ិន សុភា​ វ័យ​៥៩ឆ្នាំ ជា​ម្តាយ​របស់​អ្នកស្រី​អ៊ិន រដ្ឋា។ អ្នកស្រី​បាន​ប្រាប់​វីអូអេ​ថា អ្នកស្រី​ចង់​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ​ជួយ​ធ្វើ​យ៉ាងណា​ការពារ​ការងារ​កូន​របស់​អ្នកស្រី។ (ផន បុប្ផា/VOA)
ដោយ: VOA
​ស្រុក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង — អ្នកនាង អ៊ិន រដ្ឋា ប្រឡង​ជាប់​បាក់​ឌុប​នៅ​ឆ្នាំ​២០១១ ប៉ុន្តែ​ដោយសារ​នៅពេលនោះ ម្ដាយ​របស់គាត់​ដែលជា​ស្ត្រី​មេម៉ាយ​មាន​ជំងឺ​និង​មិនអាច​បង់លុយ​ឲ្យ​គាត់​បន្ត​ការសិក្សា​ដល់​កម្រិត​មហាវិទ្យាល័យ​បាន រដ្ឋា​ត្រូវ​បង្ខំចិត្ត​បោះបង់ចោល​ការសិក្សា ដើម្បី​រក​ការងារ​ធ្វើ និង​រកប្រាក់​កម្រៃ​មក​ចិញ្ចឹម​ម្ដាយ និង​ប្អូនៗ​ពីរ​នាក់​ទៀត​។​

 
​រដ្ឋា បានចាប់ផ្ដើម​ធ្វើការ​ងា​រ​ជា​កម្មករ​រោងចក្រ​កាត់ដេរ​ដែល​នៅពេលនោះ​គាត់​រកប្រាក់​បាន ៦១​ដុល្លារ​ក្នុង​មួយខែ​។​
 
​ចាប់ពីពេលនោះ​មក ដូច​អ្នកធ្វើការ​នៅក្នុង​រោងចក្រ​កាត់ដេរ​ជាង ៧៥០.០០០​នាក់​ទៀត​ដែរ ប្រាក់ចំណូល​របស់​អ្នកស្រី​បាន​កើនឡើង​ដោយសារ​ការដំឡើង​ប្រាក់ខែ​។ ការដំឡើង​ប្រាក់ខែ​ដល់​កម្មករ​នៅក្នុង​វិស័យ​វាយ​ន​ភណ្ឌ​ដែល​រួមមាន​ផ្នែក កាត់ដេរ​សំលៀកបំពាក់ និង​ស្បែកជើង កើតមាន​ដោយសារ​ការតវ៉ា​ទាមទារ​របស់​ក្រុម​សហជីព​។ ក្នុងនោះ​ក៏មាន​ប្ដី​របស់​អ្នកស្រី​គឺ លោក​មុត ម៉ៅ​ផងដែរ​។​
 
​សព្វថ្ងៃនេះ​អ្នកស្រី​រកបាន​ប្រហែល​១៨២​ដុល្លារ​ក្នុង​មួយខែ បន្ទាប់ពី​អ្នកស្រី​ចំណាយពេល​រយៈពេល​ជាង​ប្រាំ​ឆ្នាំ​ធ្វើការ​ក្នុង​រោងចក្រ Tak Fook នៅក្នុង​ឃុំ​ថ្ម​ឥដ្ឋ ខេត្តកំពង់ឆ្នាំង​។ រោងចក្រ​នោះ​ផ្ដល់​ការងារ​ដល់ក​ម្មករ​ចំនួន​ប្រហែល​៥.០០០​នាក់​។ អ្នក​ទាំងនោះ​ធ្វើការ​ក្នុង​រោងចក្រ​ដែល​ផលិត​សំលៀកបំពាក់​ឲ្យ​ក្រុមហ៊ុន​របស់​ប្រទេស​កាណាដា ម៉ាក Carter និង​ក្រុមហ៊ុន​របស់​ប្រទេស​នៅក្នុង​សហគមន៍​អឺរ៉ុប​ម៉ាក H&M​។​


អ៊ិន រដ្ឋា បាន​ធ្វើការ​នៅ​រោងចក្រ Tak Fook អស់​រយៈពេល​ប្រាំ​ឆ្នាំមក​ហើយ។ អ្នកស្រី​បាន​ប្រាប់​វីអូអេ​ថា អ្នកស្រី​ព្រួយ​បារម្ភ​ពី​ការ​បាត់បង់​ប្រព័ន្ធ​អនុគ្រោះពន្ធ EBA ដែល​អាច​នាំ​ឲ្យ​អ្នកស្រី​និង​ស្វាមី​បាត់បង់​ការងារ។ (ផន បុប្ផា/VOA)
 
​ប៉ុន្តែ​ឥឡូវនេះ អ្នកស្រី អ៊ិន រដ្ឋា និង​ប្ដី​របស់​អ្នកស្រី​គិតថា​ពួកគេ​គ្មាន​ឥទ្ធិពល​អ្វី​ទេ​នៅពេលដែល​សហភាព​អឺរ៉ុប​គ្រោង​នឹង​ប្រកាស​ពី​ការសម្រេច​ដាក់​ឬ​មិន​ដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច​ម​កលើ​កម្ពុជា​តាមរយៈ​ការព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​«​គ្រប់មុខ​ទំនិញ​លើកលែង​សព្វាវុធ​»( Everything But Arms ឬ EBA)​។ សហភាព​អឺរ៉ុប​ពិចារណា​អំពី​ការដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច​នេះ ដោយសារ​មានការ​ធ្លាក់ចុះ​ខាង​ផ្នែក​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យនៅ​កម្ពុជា​ក្នុង​រយៈពេល​ជាង​២​ឆ្នាំ​កន្លងមកនេះ​។​
 
​អ្នកធ្វើការ​ដូច​អ្នកស្រី​អ៊ិន រដ្ឋា និង​ប្ដី​របស់​អ្នកស្រី​ដឹងថា​ជីវិត​របស់​ពួកគេ​កំពុង​ជួបប្រទះ​ការ​ប្រឈម​ធ្ងន់ធ្ងរ​។​


អ៊ិន រដ្ឋា មាន​វ័យ​២៧ឆ្នាំ ឈរ​នៅ​ផ្ទះ​របស់​អ្នកស្រី នៅក្នុង​ស្រុក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ដែល​ទើប​តែ​សង់​ហើយ​ប្រហែល​មួយ​ឆ្នាំ​មុន បន្ទាប់ពី​អ្នកស្រី​និង​គ្រួសារ​របស់​អ្នកស្រី​យក​ប្រាក់​កម្ចី​ពី​មីក្រូហិរញ្ញវត្ថុ​ក្រេឌីត ចំនួន $១០០០០។ (ផន បុប្ផា/VOA)
 
​ប្រសិនបើ​ប្រទេស​កម្ពុជា​បាត់បង់​ការអនុគ្រោះ​ពន្ធ​នោះ ក្រុមហ៊ុន​បរទេស​នឹង​ងាក​ទៅរក​ប្រទេស​ដទៃទៀត​ដែល​ពួកគេ​អាច​ផលិត​សំលៀកបំពាក់​បាន​ក្នុងតម្លៃ​ទាប​ជាង​កម្ពុជា ដែល​អាច​នឹងធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​កម្ពុជា​ជិត​មួយ​លាន​នាក់​បាត់បង់​ការងារ​។ នេះ​បើ​យោងទៅតាម​អ្នក​ដែល​តាម​អង្កេត​លើ​ឧស្សាហកម្ម​កាត់ដេរ​នៅ​កម្ពុជា​។​
 
​អ្វីដែល​អាក្រក់​ជាង​នោះ​ទៅទៀត​គឺថា អ្នកធ្វើការ​ទាំងនេះ​នឹងមិន​មានលទ្ធភាព​បង់ប្រាក់​ឲ្យ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ដែល​ពួកគេ​បាន​ខ្ចីលុយ​ដើម្បី​ការចំណាយ​ផ្សេង​ដូចជា ថ្នាំសង្កូវ ការចំណាយ​លើ​ការរៀប​អាពាហ៍ពិពាហ៍ ការចំណាយ​ទៅលើ​ការដាំដុះ និង​ពិធី​បុណ្យសព​ជាដើម​។​
 
​ប្រទេស​កម្ពុ​ជាមាន​អត្រា​ខ្ចីប្រាក់​ពី​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​ខ្ពស់ជាង​អត្រា​មធ្យម​។ នេះ​បើ​យោងតាម​របាយការណ៍រ​បស់​អង្គការ​លីកាដូ​និង​សមាគម​ធាងត្នោត​។​
 
​កាលពី​ឆ្នាំមុន អ្នកស្រី អ៊ិន រដ្ឋា និង​ប្ដី​ខ្ចីប្រាក់ ១០.០០០ ដុល្លារ​ពី​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​ក្រេ​ឌី​ត​ដើម្បី​ទិញ​ដី​មួយ​ប្លង់​សម្រាប់​សង់ផ្ទះ​។ លុយ​នោះ​ក៏បាន​ចំណាយ​ទៅលើ​អ្នក​សម្អាត​ដី និង​តម្លៃ​ទិញ​ដី​បន្ថែម​ដើម្បី​ចាក់​បំពេញ​ផងដែរ​។​
 
​អ្នក​ទាំងពីរ​ត្រូវ​សង​មីក្រូហិរញ្ញវត្ថុ​វិញ​ក្នុង​ចំនួន​ទឹកប្រាក់​ចាប់ពី ២៧០​ដុល្លារ ក្នុង​មួយខែ រហូត​ធ្លាក់​ទៅដល់​២៣០​ដុល្លារ​ក្នុង​រយៈពេល​បី​ឆ្នាំ​បន្ទាប់​។​
 
​បច្ចុប្បន្ននេះ ពួកគេ​មិនទាន់មាន​បញ្ហា​អ្វី​នៅឡើយ​នោះទេ​។ រដ្ឋា រកប្រាក់​បាន​ប្រហែល​១៩០​ដុល្លារ​ក្នុង​មួយខែ​ដោយ​ធ្វើការ​នៅក្នុង​ផ្នែក​ដូរ​ម្ជុល​នៅក្នុង​រោងចក្រ ហើយ​ប្ដី​របស់គាត់​អាច​រកបាន​ប្រាក់​ចំនួន​ប្រហែល ៣០០​ដុល្លារ​ក្នុង​មួយខែ ដោយ​លោក​ធ្វើការ​នៅ​ផ្នែក​ជួសជុល​ក្នុង​រោងចក្រ​ជាមួយគ្នា​។​
 
​បន្ទាប់ពី​បង់ប្រាក់​កម្ចី​ហើយ​ពួកគាត់​នៅសល់​ប្រាក់​ប្រហែល​២៥០​ដុល្លារ​ក្នុង​មួយខែ​សម្រាប់​ការចំណាយ​ផ្សេងៗ​នៅក្នុង​គ្រួសារ​។ ទឹកប្រាក់​នេះ​មិន​ទាប​ពេក​ទេ សម្រាប់​ការចាយវាយ​នៅក្នុង​ប្រទេស​ក្រីក្រ​ដូច​កម្ពុជា​។​
 
​អ្នកស្រី អ៊ិន រដ្ឋា និយាយថា ប៉ុន្តែ​ប្រសិនបើ​ដក​ប្រាក់ខែ​របស់​ពួកគាត់​ចេញ​នោះ ពួកគាត់​នឹង​ជួប​គ្រោះ​ធ្ងន់ធ្ងរ​។ អ្នកស្រី​សន្និដ្ឋានថា គ្រួសារ​របស់​អ្នកស្រី​ត្រូវការ​ប្រាក់​ចំនួន​៥០០​ដុល្លារ​ក្នុង​មួយខែ​សម្រាប់​ការចំណាយ​នានា​ដោយ​រួមទាំង​ប្រាក់​ដែល​ត្រូវ​បង់​សង​មីក្រូហិរញ្ញវត្ថុ​ផងដែរ​។​
 
«​ធ្វើការ​មួយខែៗ​អត់​សល់​ទេ ឃើញតែ​សង​គេ​ហ្មង៎​»​។​
 
​ជួនកាល ពួកគេ​អាចធ្វើ​ថែម​ម៉ោង ដែល​អាច​បាន​កម្រៃ​បន្ថែម តែ​ជួនកាល​ក៏​គ្មាន​។ ដូចនេះ អ្នកស្រី អ៊ិន រដ្ឋា​និង​ប្ដី​របស់គាត់​តែងតែ​បរិភោគ​សន្សំសំចៃ និង​មិន​ហ៊ាន​ទិញ​សាច់​ហូប​ញឹក​ពេក​ទេ ព្រោះ​ត្រូវ​ទុក​ប្រាក់​សម្រាប់​បង់​សង​មីក្រូហិរញ្ញវត្ថុ​។​
 
«​ហើយ​យើង​ហូប​ក៏​អត់​គ្រប់​ដែរ​។ ហូប​និយាយ​ទៅ​រិះថាំ​បំផុត អត់​ហ៊ាន​ហូប​របស់​ឆ្ងាញ់ៗ​ទេ​។​បើ​យើង​ហូប​ឆ្ងាញ់​អស់​លុយ​ច្រើន មិនអាច​[​ចាយ​]​ដល់​ខែ​ទេ​»​។​


អ្នកស្រី​អ៊ិន សុភា​ វ័យ​៥៩ឆ្នាំ ជា​ម្តាយ​របស់​អ្នកស្រី​អ៊ិន រដ្ឋា។ អ្នកស្រី​បាន​ប្រាប់​វីអូអេ​ថា អ្នកស្រី​ចង់​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ​ជួយ​ធ្វើ​យ៉ាងណា​ការពារ​ការងារ​កូន​របស់​អ្នកស្រី។ (ផន បុប្ផា/VOA)
 
​ដោយសារតែ​កម្ពុជា​ជា​ប្រទេស​កំពុងអភិវឌ្ឍន៍ កម្ពុជា​អាច​ទទួលបាន​ការអនុគ្រោះ​ពន្ធ EBA លើ​មុខទំនិញ​ដែល​នាំ​ចូលទៅ​លក់​នៅក្នុង​ទីផ្សារ​សហគមន៍​អឺរ៉ុប​។ តែ​ការអនុគ្រោះ​ពន្ធ​នេះ ភ្ជាប់​ជាមួយ​លក្ខខណ្ឌ​មួយចំនួន​ដែល​តម្រូវ​ឲ្យ​កម្ពុជា​គោរព​សិទ្ធិមនុស្ស និង​គោលការណ៍​របស់​លទ្ធិប្រជាធិបតេយ្យ​។ 
 
​កាលពី​ខែកុម្ភៈ សហគមន៍​អឺរ៉ុប បាន​បើក​ការស៊ើបអង្កេត​មួយ ដោយសារ​មានការ​ព្រួយបារម្ភ​ខ្លាំង​ពី​ការមិន​គោរព​តាម​លក្ខខណ្ឌ​មួយចំនួន​ដែល​គេ​បាន​តម្រូវ ក្រោយពី​គណបក្សកាន់អំណាច បាន​រំលាយចោល​គណបក្ស​សង្គ្រោះ​ជាតិ ដែលជា​គណបក្សប្រឆាំង​ធំជាងគេ​នៅក្នុង​ប្រទេស កាលពី​ឆ្នាំ​២០១៧ ហើយ​ក្រោយមក​រដ្ឋាភិបាល​ក៏បាន​បើក​ការបង្ក្រាប​ទៅលើ​អង្គការ​សង្គម​ស៊ីវិល​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​។​
 
​ជាង​ពីរ​ឆ្នាំ​កន្លងមកនេះ ក្រុម​អ្នកធ្វើការ​ដើម្បី​សិទ្ធិមនុស្ស​នៅ​កម្ពុជា បន្ត​រិះគន់​រដ្ឋាភិបាល​ថា​បាន​បន្ត​វប្បធម៌​នយោបាយ​ដែល​គាបសង្កត់​សារព័ត៌មាន និង​ការបញ្ចេញមតិ​ដោយ​សេរី​។​
 
​សហគមន៍​អឺរ៉ុប បានបញ្ចប់​ការស៊ើបអង្កេត​នៅ​ថ្ងៃទី​១២​ខែសីហា​។ របាយការណ៍​នៃ​ការរកឃើញ​ត្រូវបាន​បញ្ជូនទៅ​រដ្ឋាភិបាល​កម្ពុជា​កាលពី​ថ្ងៃទី​១២​ខែវិច្ឆិកា​នេះហើយ​។​
 
​កាលពី​ថ្ងៃទី​១៣ ខែតុលា នាយករដ្ឋមន្ត្រី​កម្ពុជា​បានចាប់ផ្ដើម​ធ្វើដំណើរ​ទៅដល់​ប្រទេស​នៅក្នុង​សហគមន៍​អឺរ៉ុប​មួយចំនួន​ដើម្បី​ស្វែងរក​ការគាំទ្រ​ការរក្សា​ទុក​ការអនុគ្រោះ​ពន្ធ EBA សម្រាប់​កម្ពុជា​។​
 
​បើ​សហគមន៍​អឺរ៉ុប​ដក​ការអនុគ្រោះ​ពន្ធ EBA ពី​កម្ពុជា​នោះ ប្រទេស​កម្ពុជា​នឹងរង​ផលប៉ះពាល់​សេដ្ឋកិច្ច​ធ្ងន់ធ្ងរ​។​
 
​កាលពី​ខែសីហា រដ្ឋាភិបាល​បានចេញ​នូវ​សារាចរ​ណែនាំ​ស្ដីពី​ការរៀបចំ​សេចក្ដីព្រាងច្បាប់​ស្ដីពី​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០២០ ដែល​បាន​ឲ្យ​ដឹងថា​អត្រាកំណើន​សេដ្ឋកិច្ច​រប​ស់​កម្ពុជា​នឹង​ធ្លាក់​៧,១ ភាគរយ ទៅ​៦,៥​ភាគរយ នៅ​ឆ្នាំ​២០២០ ដោយសារតែ​លទ្ធភាព​ដែល​ការអនុគ្រោះ​ពន្ធ EBA អាច​នឹងត្រូវ​បាត់បង់​។ រដ្ឋាភិបាល​បានធ្វើការ​ទស្សន៍ទាយ​ថា ឧស្សាហកម្ម​សំលៀកបំពាក់ នឹង​ធ្លាក់​ពី​៧,១ ទៅ ៣,៥​ភាគរយ​នៅ​ឆ្នាំ​២០២០​។​
 
​លោក Arnaud Darc ដែលជា​ប្រធាន និង​នាយក​ប្រតិបត្តិ​របស់​សភាពាណិជ្ជកម្ម​អឺរ៉ុប​នៅ​កម្ពុជា (Eurocham) ដែល​បានធ្វើការ​នៅក្នុង​ប្រទេស​កម្ពុ​ជាជាង​១០​ឆ្នាំ​ហើយ​នោះបាន​ឲ្យ​ដឹងថា​៖
 
«​អ្វីដែល​ប្រឈម​បំផុត​នោះ​គឺ​ការងារ​របស់​កម្មករ​រាប់សែន​នាក់​និង​ជីវភាព​នៃ​ក្រុមគ្រួសារ​របស់​ពួកគេ​ដែលជា​អ្នកទទួល​ផលប្រយោជន៍​ដោយផ្ទាល់​ពី​កំណើនសេដ្ឋកិច្ច ពី​ការកើនឡើង​ប្រាក់ខែ និង​ពី​លុយ​ដែល​បានមកពី​អត្ថប្រយោជន៍​ការងារ​ផ្សេងៗ​ទៀត ដែល​ផល​ទាំងនេះ​កើតមានឡើង​ដោយសារតែ EBA»​។​
 
​លោក​មានប្រសាសន៍ថារ​ដ្ឋា​ភិ​បាល​កម្ពុជា សហគមន៍​អឺរ៉ុប និង​ស្ថាប័ន​ពាក់ព័ន្ធ​ដទៃទៀត​គួរ​«​ផ្ដោតទៅលើ​ការរក្សា​អ្វីដែល​ទទួលបាន​នេះ ហើយ​ពង្រីក​វា​ឲ្យ​កាន់តែ​ធំ​ថែមទៀត​»​។​
 
​លោក​មានប្រសាសន៍ថា​៖
 
«​អ្នក​ដែល​ប្រឈម​ខ្លាំង​នោះ​គឺ​កម្មករ​ដែល​ភាគច្រើន​ជា​ស្ត្រី​។ អ្នក​ទាំងនោះ​នឹង​ប្រឈម​នឹង​ការបាត់បង់​ការងារ​ហើយ​មិនអាច​ចិញ្ចឹម​គ្រួសារ​របស់​ពួកគេ​បាន និង​មិនអាច​ផ្គត់ផ្គង់​ការរៀនសូត្រ​របស់​កូនៗ​ប្រសិនបើ EBA ត្រូវបាន​ដក​មែន​នោះ​»​។​
 
​មិនមែន​តែ​កម្ពុជា​ទេ​ដែល​ខាតបង់ លោក Arnaud Darc បន្តថា​៖
 
«​ប្រសិនបើ EBA ត្រូវបាន​ដក សហគមន៍​អឺរ៉ុប​មិន​ត្រឹមតែ​បាត់បង់​ឥទ្ធិពល​មកលើ​កម្ពុជា​នោះទេ តែ​វា​ថែមទាំង​បំផ្លាញចោល​នូវ​ការរីកចម្រើន​យ៉ាងច្រើន​ដែល​សហគមន៍​អឺរ៉ុប​បានផ្ដល់​ដល់​ប្រទេស​នេះ​តាមរយៈ EBA»​។​
 
​មិន​ត្រឹមតែ​អ្នកធ្វើការ​រោងចក្រ​នោះទេ​ដែល​នឹង​បាត់បង់​ប្រាក់ចំណូល​។ សមាគម​រោងចក្រ​កាត់ដេរ​កម្ពុជា GMAC បាន​សន្និដ្ឋានថា​ប្រជាជន​ប្រហែល​បី​លាន​នាក់​ផ្សេងទៀត ដែលមាន​គ្រួសារ​របស់​គេ​កម្មករ អ្នកលក់ដូរ និង​ឧស្សាហកម្ម​ដែល​ពាក់ព័ន្ធ​ផ្សេងៗ​ទៀត នឹងត្រូវ​ប៉ះពាល់​។​
 
​លោក ខេន លូ (Ken Loo) អគ្គលេខាធិការ​នៃ​សមាគម​រោងចក្រ​កាត់ដេរ​កម្ពុជា ឬ​ហៅថា GMAC មានប្រសាសន៍ថា​៖ «​ឧស្សាហកម្ម​ជាច្រើន​អាស្រ័យ​លើ​យើង​»​។​
 
​លោក​បន្តថា​៖
 
«​ឧទាហរណ៍​មីក្រូហិរញ្ញវត្ថុ​ពឹង​ផ្អែកលើ​ឧស្សាហកម្ម​យើង​ដោយសារតែ​ប្រាក់កម្ចី​ជាច្រើន​ត្រូវបាន​ផ្ដល់​ឲ្យ​ដោយផ្ទាល់​ទៅ​សមាជិកគ្រួសារ​របស់​អ្នកធ្វើការ​រោងចក្រ ដោយសារ​បានដឹងថា​គ្រួសារ​នេះ​មានកូន​ម្នាក់ ឬ​ច្រើន​នាក់​ដែល​ធ្វើការ​ក្នុង​រោងចក្រ​ដែលមាន​ប្រាក់ចំណូល​ទៀងទាត់​»​។​
 
​លោក Milford Batement អ្នក​ប្រឹក្សា​ពី​គោលនយោបាយ​អភិវឌ្ឍ​ដែល​បាន​សរសេរ​សៀវភៅ​មួយចំនួន​អំពី​មីក្រូហិរញ្ញវត្ថុ បាន​និយាយថា​ប្រសិនបើ​ប្រទេស​កម្ពុជា​បាត់បង់ EBA បំណុល​របស់​កម្មករ​រោងចក្រ​នឹងធ្វើ​ឲ្យ​វិស័យ​មីក្រូហិរញ្ញវត្ថុ​រង្គោះរង្គើ​។​
 
​លោក​មានប្រសាសន៍ថា​៖ «​វា​នឹង​ប៉ះពាល់​ពួកគេ​ជាមិនខាន​»​។​
 
​លោក​បន្ថែមថា​៖
 
«​ប្រាក់ខែ​អាច​នឹងត្រូវ​ធ្លាក់ចុះ​ហើយ​អ្នក​ដែលមាន​ការងារ​នៅឡើយ​នោះ​នឹងមាន​ឆន្ទៈ​ទទួលយក​ប្រាក់​ដែល​ត្រូវ​កាត់ ហើយ​សហគមន៍​ដែល​ពួកគេ​រស់នៅ​នឹងរង​ផលប៉ះពាល់​ដោយសារតែ​តម្រូវការ​ទាប​»​។​
 
​យ៉ាងហោចណាស់​ប្រជាជន​ចំនួន​២,៤​លាន​នាក់​ខ្ចីប្រាក់​ពី​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​នៅក្នុង​តម្លៃ​ទឹកប្រាក់​ប្រហែល​ប្រាំបី​ពាន់​លាន​ដុល្លារ នៅក្នុង​អត្រា​កម្ចី​ដ៏​ខ្ពស់​មួយ​។​នេះ​បើ​យោងតាម​របាយការណ៍រ​បស់​អង្គការ​លីកាដូ​និង​សមាគម​ធាងត្នោត​។​


សុត គីមលាង វ័យ​៣៣ឆ្នាំ ជា​ម្ចាស់​ហាង​លក់​ឥវ៉ាន់​មួយ​កន្លែង នៅ​ក្បែរ​រោងចក្រTak Fook ក្នុងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ (ផន បុប្ផា/VOA)
 
​អ្នកស្រី សុ​ត គីម​លាង វ័យ​៣៣​ឆ្នាំ កំពុង​លក់ដូរ​នៅក្នុង​តូប​ឥ​វ៉ាន់​របស់គាត់​ដែលមាន​ទីតាំង​ជាប់​នឹង​រោងចក្រ Tak Fook​។​
 
​អ្នកស្រី​បាន​ខ្ចីប្រាក់​ចំនួន​ប្រហែល​១០០.០០០ (​ដប់​ម៉ឺន​ដុល្លារ​) ពី​ធនាគារ​ដើម្បី​ពង្រីក​ការលក់ដូរ​របស់​អ្នកស្រី​ដែល​អ្នកស្រី​បានចាប់ផ្ដើម​កាលពី​១០​ឆ្នាំមុន​។​
 
​អ្នកស្រី​មានប្រសាសន៍ថា​ប្រសិនបើ​មានការ​ដួលរលំ ឬ​ការកាត់បន្ថយ​ណាមួយ​នៅក្នុង​ឧស្សាហកម្ម​កាត់ដេរ​នោះ មុខរបរ​របស់​អ្នកស្រី​នឹងមាន​ការប៉ះពាល់​ដោយសារ​អ្នកស្រី​ត្រូវ​បង់ប្រាក់​ឲ្យ​ធនាគារ​នូវ​ទឹកប្រាក់​ចំនួន​២.០០០​ដុល្លារ​ក្នុង​មួយខែ​។​
 
​ប្រសិនបើ​ប្រទេស​កម្ពុជា​បាត់បង់ EBA មែន​នោះ​អ្នកស្រី​ថា​៖
 
«​ប៉ះ ពាល់​សេដ្ឋកិច្ច​ដូចជា​លុយកាក់​អី​អញ្ចឹង​។​ត្រូវ​ការបង់​ធនាគារ​អី​ខ្ញុំ​អត់​មាន​អញ្ចឹង​ដែរ​។ យើង​ត្រូវការ​ចំណូល​ពី​ការលក់ដូរ​ឲ្យ​កម្មករ​កម្មការិនី​។ ដល់ពេល​ដល់​ខែ​យើង​ត្រូវ​ការប្រមូល​លុយ​ឡើង​ឲ្យ​គេ​។ ដល់ពេល​ចុះ​អញ្ចឹង​មែន​ក៏​ខ្ញុំ​ពិបាក​ដែរ​ហ្នឹង​»​។​
 
​អ្នកស្រី គីម​លាង បាន​ពន្យល់​បន្ថែមថា​៖ «​ខ្ញុំ​មក​នៅ​ហ្នឹង​ដោយសារ​មាន​រោងចក្រ​នៅ​ដែរ​បានមក​នៅ​»​។​
 
​អ្នកស្រី អ៊ិន រដ្ឋា ដែល​ទទួលខុសត្រូវ​ខាង​ផ្នែក​ម្ជុល​សម្រាប់​កម្មករ​ចំនួន​ជាង​៥០០​នាក់ និយាយថា​យ៉ាងហោចណាស់​៩០​ភាគរយ​នៃ​កម្មករ​ដែល​គាត់​ស្គាល់​បាន​ខ្ចីលុយ​ពី​មីក្រូហិរញ្ញវត្ថុ​ដើម្បី​ការចំណាយ​ទៅលើផ្ទះ​សម្បែង ម៉ូតូ សុខភាព និង​ការចំណាយ​ផ្សេងៗ​ទៀត​។​
 
«​ពេល​គាត់​មក​ដូរ​ម្ជុល​នៅ​ផ្នែក​ខ្ញុំ គាត់​និយាយ​ពី​ការបារម្ភ​របស់គាត់​ជាមួយ​ខ្ញុំ ហើយ​ខ្ញុំ​ប្រាប់​ពួកគាត់​ពី​ការបារម្ភ​របស់ខ្ញុំ​»​។​
 
​អ្នកស្រី យ៉ាង សោ​ភ័​ណ្ឌ ប្រធាន​សម្ព័ន្ធ​សហជីព​កម្ពុជា ដែល​បាន​ចូលធ្វើការ​នៅក្នុង​ឧស្សាហកម្ម​កាត់ដេរ​តាំងពី​អំឡុង​ឆ្នាំ​១៩៩០ ដែល​នៅពេលនោះ​អ្នកស្រី​ទទួលបាន​ប្រាក់ខែ​៣០​ដុល្លារ​ក្នុង​មួយខែ​បាន​ប្រាប់ VOA ថា សហជីព​និង​កម្មករ​រោងចក្រ​មិន​ចង់​ឲ្យ​បាត់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទេ​។​
 
​អ្នកស្រី​មានប្រសាសន៍ថា​សមាជិក​ក្រុមគ្រួសារ​របស់​អ្នកធ្វើការ​នៅក្នុង​រោងចក្រ​កាត់ដេរ​ក៏​នឹង​ប៉ះពាល់​ខ្លាំង​ផងដែរ​។ ក៏ប៉ុន្តែ អ្នកស្រី​មិនអាច​ធ្វើ​អ្វី​បានទេ​ពាក់ព័ន្ធ​នឹង​ការ​រក្សាទុក EBA នេះ​។​
 
«​វា​ហួស​ពី​សមត្ថភាព​របស់ខ្ញុំ​ហើយ​»​។​
 
​អ្នកស្រី​បន្ថែមថា​ប្រសិនបើ​កម្មករ​រោងចក្រ​បាត់បង់​ការងារ ពួកគេ​នឹងមិន​ត្រឡប់​ទៅធ្វើ​ស្រែចម្ការ​វិញ​ទេ​។ ពួកគេ​នឹងធ្វើ​ចំណាកស្រុក​ដើម្បី​ស្វែងរក​ការងារ​។​
 
«​ខ្ញុំ​គិតថា​ប្រជាពលរដ្ឋ​ឬ​កម្មករ​ភាគច្រើន​នឹង​សម្រេចចិត្ត​ចំណាកស្រុក​ទៅវិញ​»​។​
 
​អ្នកស្រី អ៊ិន រដ្ឋា ដែលជា​កម្មករ​រោងចក្រ​កាត់ដេរ ខ្លាច​ថា​អ្នកស្រី​នឹង​បាត់បង់​ផ្ទះ​ដែល​គ្រួសារ​អ្នកស្រី​ជ្រកកោន ប្រសិនបើ​ចំណូល​របស់​អ្នកស្រី​ធ្លាក់ចុះ​។ បើដូច្នោះ​មែន អ្នកស្រី​និយាយថា​អ្នកស្រី​នឹង​សម្រេចចិត្ត​ទៅធ្វើ​ការ​នៅក្រៅ​ប្រទេស ដែលជា​ជម្រើស​តែមួយគត់​សម្រាប់​អ្នកស្រី​។​
 
​អ្នកស្រី និយាយថា​៖ ​«​ខ្ញុំ​បារម្ភ​ថា​ធនាគារ​នឹង​រឹបអូស​ផ្ទះ​របស់ខ្ញុំ​»៕
 

© រក្សាសិទ្ធិដោយ thmeythmey.com