ជាតិ
សម្តេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី សុគតក្នុងព្រះជន្ម៧៧ព្រះវស្សា
× សម្ដេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី បានយាងសោយព្រះពិរាល័យក្នុងព្រះជន្ម ៧៧ព្រះវស្សា នាវេលាម៉ោង ១២:៣០ នាទី ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្នុងមន្ទីរពេទ្យព្រះរាជាណាចក្រថៃ ដោយជរាពាធ។ នេះបើតាមការផ្សាយរបស់ហ្វេសប៊ុក Royal du Cambodge។ ព្រះអង្គជានិមិត្តរូបនៃរបាំព្រះរាជទ្រព្យ សម្តេចព្រះរៀម បានទទួលព្រះគោរមងារថា «ទេពនាដវដ្តីឯក» និងជា «មរតកមនុស្សរស់របស់កម្ពុជា»។
ប្រសូត្រនៅឆ្នាំ១៩៤៣ សម្តេចនរោត្តម បុប្ផាទេវី ទ្រង់បានរៀនរបាំព្រះរាជទ្រព្យក្នុងព្រះបរមរាជវាំង តាំងពីព្រះជន្ម៥ព្រះវស្សាមកម្ល៉េះ។ ព្រះអយ្យិការបស់ទ្រង់ គឺព្រះមហាក្សត្រិយានី ស៊ីសុវត្ថិ កុសមៈនារីរត្ន ដែលជាអ្នកថែរក្សាព្រះអង្គ បានហៅគ្រូចាស់ៗដែលសេសសល់ពីសម័យព្រះបាទ អង្គឌួង នរោត្តម ស៊ីសុវត្ថិ មកបង្រៀនរបាំព្រះរាជទ្រព្យនេះដល់ទ្រង់។
ត្រឹមព្រះជន្ម១៨ព្រះវស្សា សម្តេច នរោត្តម បុប្ផាទេវី បានក្លាយជា «នាដកាឯក» (Danseuse Etoile) ពោលគឺជាតួឯកអប្សរាទីមួយនៃរបាំព្រះរាជទ្រព្យ ហើយជាញឹកញាប់ព្រះបិតារបស់ទ្រង់តែងតែអនុញ្ញាតឲ្យព្រះអង្គសម្តែងរបាំនៅពេលដែលមេដឹកនាំធំៗបរទេសដូចជាមេដឹកនាំបារាំង និងចិនជាដើម មកទស្សនកិច្ចនៅកម្ពុជា។
ទេពកោសល្យពិសេសផ្នែករបាំព្រះរាជទ្រព្យរបស់ព្រះរាជបុត្រី នរោត្តម បុប្ផាទេវី នេះ មិនមែនកើតឡើងដោយរឿងចៃដន្យនោះឡើយ តែវាជារឿងសក្តិសមណាស់ ដែលព្រះអង្គត្រូវតែមានជំនាញផ្នែកនេះជាងគេ។ សម្តេចព្រះ បុប្ផាទេវី មានបន្ទូលថា ទ្រង់បានប្រសូត្រនៅក្នុងសែរាជវង្ស ដែលមានលោហិតស្រឡាញ់វិស័យសិល្បៈតែម្តង ជាពិសេសមាតារបស់ទ្រង់ គឺអ្នកម្នាង ផាត់ កាញ៉ុល ជាអ្នករបាំព្រះរាជទ្រព្យ និងជាអ្នកលេងល្ខោនផងដែរ។
ក្នុងបទសម្ភាសកន្លងមកជាមួយសារព័ត៌មានថ្មីៗ សម្តេចបញ្ជាក់យ៉ាងនេះថា៖ «អាចដោយសារតែខ្ញុំ ជាសែរាជវង្សដែរ ព្រោះតាំងពីដើមមកមិនដែលមានសែរាជវង្សសម្តែងរបាំនេះទេ។ លើកទី ១ ហើយ ដែលសែរាជវង្សសម្តែង ជាពិសេសខ្ញុំជារាជបុត្រីរបស់ព្រះករុណា ( សម្តេច នរោត្តម សីហនុ) ផ្ទាល់»។
សម្តេច បុប្ផាទេវី គឺជាព្រះរៀមរបស់សម្តេចក្រុមព្រះនរោត្តម រណឫទ្ធិ ដែលព្រះអង្គទាំងទ្វេជាបុត្ររបស់អ្នកម្នាង ផាត់ កាញ៉ុល និងអតីតព្រះមហាក្សត្រព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ។ សម្តេចទ្រង់រៀបអភិសេកនៅព្រះជន្ម ១៥ ព្រះវស្សា និងមានបុត្រ ៥ អង្គ។
ព្រះអង្គជាសាស្ត្រាចារ្យរបាំបុរាណក្នុងក្របខណ្ឌក្រសួងអប់រំ ចន្លោះពីឆ្នាំ១៩៦០ ដល់ឆ្នាំ១៩៧០។ ពេលរបបប៉ុល ពត មកដល់ ព្រះអង្គនេះ បានភៀសព្រះកាយទៅរស់នៅក្នុងជំរុំជនភៀសខ្លួនខ្មែរ-ថៃ មួយរយៈ ហើយមុនបន្តទៅរស់នៅប្រទេសបារាំង ព្រះអង្គបានបង្ហាត់បង្រៀនប្រជាជនខ្មែរដែលរស់នៅក្នុងជំរុំអំពីរបាំព្រះរាជទ្រព្យនេះ។ ព្រះអង្គបង្រៀន ដើម្បីឲ្យប្រជាជនទាំងនោះ ភ្លេចនូវការលំបាកពេលរស់នៅក្នុងជំរុំផង និងដើម្បីថែរក្សានៅរបាំនេះផង ព្រោះទ្រង់បារម្ភខ្លាចបាត់បង់ពេលប្រទេសធ្លាក់ចូលក្នុងសង្គ្រាម។
ក្រោយមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ឆ្នាំ ១៩៩១ សម្តេច នរោត្តម បុប្ផា ទេវី បានសម្រេចយាងចូលប្រទេសកម្ពុជាវិញ។ ពេលមកដល់កម្ពុជាវិញ តួឯកអប្សរាទី ១ អង្គនេះ បានខ្នះខ្នែងបង្រៀនសិស្សផ្នែករបាំព្រះរាជទ្រព្យ ហើយកាន់តំណែងជាអនុរដ្ឋមន្ត្រីក្រសួងវប្បធម៌ ពីឆ្នាំ១៩៩១ ដល់ឆ្នាំ១៩៩៣។
បន្ទាប់មក ព្រះអង្គក្លាយជាទីប្រឹក្សាជាន់ខ្ពស់រាជរដ្ឋាភិបាល ទទួលបន្ទុកវប្បធម៌ចន្លោះពីឆ្នាំ១៩៩៣ ដល់ឆ្នាំ១៩៩៨។ ក្រោយការបោះឆ្នោតអាណត្តិទី ២ សម្តេចព្រះរៀម បានឡើងធ្វើជារដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រហូតដល់ឆ្នាំ២០០៤។ ស្នាដៃសំខាន់របស់ទ្រង់គឺការនាំឲ្យមានការបញ្ចូលរបាំព្រះរាជទ្រព្យ ជាបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ នៅអង្គការយូណេស្កូ នៅថ្ងៃទី៧ ខែ វិច្ឆិកា ឆ្នាំ ២០០៣ ។
បើទោះបីជា សម្តេចព្រះរៀម នរោត្តម បុប្ផាទេវី មានវ័យចំណាស់ មិនអាចសម្តែងរបាំព្រះរាជទ្រព្យដោយខ្លួនឯងក្តី ក៏ទ្រង់នៅតែបង្រៀន និងដឹកនាំសិស្សរបស់ទ្រង់ផ្នែករបាំព្រះរាជទ្រព្យទៅសម្តែងនៅបរទេសមានដូចជា នៅប្រទេសចិន នៅបារាំង និងនៅឥណ្ឌា ជាដើម ។
ពីឆ្នាំ២០០៤ ដល់ឆ្នាំ២០១៦ ព្រះអង្គជាសមាជិកព្រឹទ្ធសភា និងជាសមាជិកកិត្តិយសនៃសិល្បៈរបាំអន្តរជាតិ (CID) ផងដែរ។ បច្ចុប្បន្នព្រះអង្គជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាសមាជិកាក្រុមប្រឹក្សារដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា៕
© រក្សាសិទ្ធិដោយ thmeythmey.com