ជាតិ
សម្តេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី សុគតក្នុងព្រះជន្ម​៧៧ព្រះវស្សា
18, Nov 2019 , 1:15 pm        
រូបភាព
ដោយ: ថ្មីៗ
​សម្ដេច​រាជបុត្រី ព្រះរៀម នរោត្តម បុប្ផា​ទេវី បាន​យាង​សោយ​ព្រះ​ពិរាល័យ​ក្នុង​ព្រះជន្ម ៧៧ព្រះវស្សា នា​វេលា​ម៉ោង ១២:៣០ នាទី ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០១៩ ក្នុង​មន្ទីរពេទ្យ​ព្រះរាជាណាចក្រ​ថៃ ដោយ​ជរាពាធ​។ នេះបើតាម​ការ​ផ្សាយ​របស់ហ្វេសប៊ុក Royal du Cambodge។ ព្រះអង្គ​ជា​និមិត្តរូប​នៃ​របាំ​ព្រះរាជ​ទ្រព្យ សម្តេចព្រះរៀម បានទទួល​ព្រះ​គោរមងារ​ថា «​ទេព​នាដវ​ដ្តី​ឯក​» និង​ជា «​មរតក​មនុស្ស​រស់រ​បស់​កម្ពុជា​»។



​ប្រសូត្រ​នៅ​ឆ្នាំ​១៩៤៣ សម្តេច​នរោត្តម បុប្ផា​ទេវី  ទ្រង់​បាន​រៀន​របាំ​ព្រះរាជ​ទ្រព្យ​ក្នុង​ព្រះបរមរាជវាំង តាំងពី​ព្រះជន្ម​៥​ព្រះវស្សា​មកម្ល៉េះ​។ ព្រះ​អយ្យិកា​របស់​ទ្រង់ គឺ​ព្រះមហា​ក្សត្រិយានី ស៊ីសុវត្ថិ កុ​សមៈ​នារីរត្ន ដែលជា​អ្នកថែរក្សា​ព្រះអង្គ បាន​ហៅ​គ្រូ​ចាស់ៗ​ដែល​សេសសល់​ពី​សម័យ​ព្រះបាទ អង្គឌួង នរោត្តម ស៊ីសុវត្ថិ មក​បង្រៀន​របាំ​ព្រះរាជ​ទ្រព្យ​នេះ​ដល់​ទ្រង់​។
 
​ត្រឹម​ព្រះជន្ម​១៨​ព្រះវស្សា សម្តេច នរោត្តម បុប្ផា​ទេវី បាន​ក្លាយជា «​នាដកា​ឯក​» (Danseuse Etoile) ពោល​គឺជា​តួឯក​អប្សរា​ទីមួយ​នៃ​របាំ​ព្រះរាជ​ទ្រព្យ ហើយ​ជា​ញឹកញាប់​ព្រះបិតា​របស់​ទ្រង់​តែងតែ​អនុញ្ញាត​ឲ្យ​ព្រះអង្គ​សម្តែង​របាំ​នៅពេលដែល​មេដឹកនាំ​ធំៗ​បរទេស​ដូចជា​មេដឹកនាំ​បារាំង និង​ចិន​ជាដើម មក​ទស្សនកិច្ច​នៅ​កម្ពុជា​។
 
​ទេពកោសល្យ​ពិសេស​ផ្នែក​របាំ​ព្រះរាជ​ទ្រព្យ​របស់​ព្រះរាជ​បុត្រី នរោត្តម បុប្ផា​ទេវី នេះ មិនមែន​កើតឡើង​ដោយ​រឿង​ចៃដន្យ​នោះឡើយ តែ​វា​ជា​រឿង​សក្តិសម​ណាស់ ដែល​ព្រះអង្គ​ត្រូវតែមាន​ជំនាញ​ផ្នែក​នេះ​ជាងគេ​។ សម្តេចព្រះ បុប្ផា​ទេវី មានបន្ទូលថា ទ្រង់​បាន​ប្រសូត្រ​នៅក្នុង​សែ​រាជវង្ស ដែលមាន​លោហិត​ស្រឡាញ់​វិស័យ​សិល្បៈ​តែម្តង ជាពិសេស​មាតា​របស់​ទ្រង់ គឺ​អ្នក​ម្នាង ផាត់ កា​ញ៉ុ​ល ជា​អ្នករបាំ​ព្រះរាជ​ទ្រព្យ និង​ជា​អ្នកលេង​ល្ខោន​ផងដែរ​។
 
 
​ក្នុង​បទ​សម្ភាស​កន្លង​មកជា​មួយ​សារព័ត៌មាន​ថ្មីៗ សម្តេច​បញ្ជាក់​យ៉ាងនេះ​ថា​៖ «​អាច​ដោយសារតែ​ខ្ញុំ ជា​សែ​រាជវង្ស​ដែរ ព្រោះ​តាំងពីដើម​មក​មិន​ដែលមាន​សែ​រាជវង្ស​សម្តែង​របាំ​នេះ​ទេ​។ លើក​ទី ១ ហើយ ដែល​សែ​រាជវង្ស​សម្តែង ជាពិសេស​ខ្ញុំ​ជា​រាជបុត្រី​របស់​ព្រះ​ករុណា ( សម្តេច នរោត្តម សីហនុ​) ផ្ទាល់​»​។
 
 សម្តេច បុប្ផា​ទេវី គឺជា​ព្រះរៀម​របស់​សម្តេចក្រុមព្រះ​នរោត្តម រណឫទ្ធិ ដែល​ព្រះអង្គ​ទាំង​ទ្វេ​ជា​បុត្រ​របស់​អ្នក​ម្នាង ផាត់ កា​ញ៉ុ​ល និង​អតីតព្រះមហាក្សត្រ​ព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ​។ សម្តេច​ទ្រង់​រៀប​អភិសេក​នៅ​ព្រះជន្ម ១៥ ព្រះវស្សា និង​មាន​បុត្រ ៥ អង្គ​។
 
​ព្រះ​អង្គជា​សាស្ត្រាចារ្យ​របាំ​បុរាណ​ក្នុង​ក្របខណ្ឌ​ក្រសួង​អប់រំ ចន្លោះ​ពី​ឆ្នាំ​១៩៦០ ដល់​ឆ្នាំ​១៩៧០​។ ពេល​របប​ប៉ុល ពត មកដល់ ព្រះអង្គ​នេះ បាន​ភៀស​ព្រះកាយ​ទៅ​រស់នៅក្នុង​ជំរុំ​ជនភៀសខ្លួន​ខ្មែរ​-​ថៃ មួយរយៈ ហើយ​មុន​បន្តទៅ​រស់នៅ​ប្រទេស​បារាំង ព្រះអង្គ​បាន​បង្ហាត់បង្រៀន​ប្រជាជន​ខ្មែរ​ដែល​រស់នៅក្នុង​ជំរុំ​អំពី​របាំ​ព្រះរាជ​ទ្រព្យ​នេះ​។ ព្រះអង្គ​បង្រៀន ដើម្បី​ឲ្យ​ប្រជាជន​ទាំងនោះ ភ្លេច​នូវ​ការលំបាក​ពេល​រស់នៅក្នុង​ជំរុំ​ផង និង​ដើម្បី​ថែរក្សា​នៅ​របាំ​នេះ​ផង ព្រោះ​ទ្រង់​បារម្ភ​ខ្លាច​បាត់បង់​ពេល​ប្រទេស​ធ្លាក់​ចូលក្នុង​សង្គ្រាម​។
 
​ក្រោយ​មាន​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ២៣ តុលា ឆ្នាំ ១៩៩១ សម្តេច នរោត្តម បុប្ផា ទេវី បានសម្រេច​យាង​ចូល​ប្រទេស​កម្ពុជា​វិញ​។ ពេលមកដល់​កម្ពុជា​វិញ តួឯក​អប្សរា​ទី ១ អង្គ​នេះ បាន​ខ្នះខ្នែង​បង្រៀន​សិស្ស​ផ្នែក​របាំ​ព្រះរាជ​ទ្រព្យ ហើយ​កាន់តំណែង​ជា​អនុ​រដ្ឋមន្ត្រីក្រសួង​វប្បធម៌ ពី​ឆ្នាំ​១៩៩១ ដល់​ឆ្នាំ​១៩៩៣​។
 
​បន្ទាប់មក ព្រះអង្គ​ក្លាយជា​ទីប្រឹក្សា​ជាន់ខ្ពស់​រាជរដ្ឋាភិបាល ទទួលបន្ទុក​វប្បធម៌​ចន្លោះ​ពី​ឆ្នាំ​១៩៩៣ ដល់​ឆ្នាំ​១៩៩៨​។ ក្រោយ​ការបោះឆ្នោត​អាណត្តិ​ទី ២ សម្តេចព្រះរៀម បាន​ឡើង​ធ្វើជា​រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ រហូតដល់​ឆ្នាំ​២០០៤​។ ស្នាដៃ​សំខាន់​របស់​ទ្រង់​គឺ​ការនាំ​ឲ្យ​មានការ​បញ្ចូល​របាំ​ព្រះរាជ​ទ្រព្យ ជា​បេតិកភណ្ឌ​វប្បធម៌​អរូបី​នៃ​មនុស្សជាតិ នៅ​អង្គការ​យូណេស្កូ នៅ​ថ្ងៃទី​៧ ខែ វិច្ឆិកា ឆ្នាំ ២០០៣ ។​
 
 បើទោះបីជា សម្តេចព្រះរៀម នរោត្តម បុប្ផា​ទេវី មាន​វ័យ​ចំណាស់ មិនអាច​សម្តែង​របាំ​ព្រះរាជ​ទ្រព្យ​ដោយ​ខ្លួនឯង​ក្តី ក៏​ទ្រង់​នៅតែ​បង្រៀន និង​ដឹកនាំ​សិស្ស​របស់​ទ្រង់​ផ្នែក​របាំ​ព្រះរាជ​ទ្រព្យ​ទៅ​សម្តែង​នៅ​បរទេស​មានដូចជា នៅ​ប្រទេស​ចិន នៅ​បារាំង និង​នៅ​ឥណ្ឌា ជាដើម ។
 
​ពី​ឆ្នាំ​២០០៤ ដល់​ឆ្នាំ​២០១៦ ព្រះ​អង្គជា​សមាជិក​ព្រឹទ្ធសភា និង​ជា​សមាជិក​កិត្តិយស​នៃ​សិល្បៈ​របាំ​អន្តរជាតិ (CID) ផងដែរ​។ បច្ចុប្បន្ន​ព្រះអង្គ​ជា​ឧ​ត្ត​ម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ និង​ជា​សមាជិកា​ក្រុមប្រឹក្សា​រដ្ឋធម្មនុញ្ញ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​៕




© រក្សាសិទ្ធិដោយ thmeythmey.com