អន្តរជាតិ
បាតុករ​ហុងកុង ដុត​ភ្លើង​ទប់ទល់​កម្លាំង​ប៉ូលិស​ហ៊ុមព័ទ្ធ​ទីធ្លា​សកលវិទ្យា​ល័យ​
18, Nov 2019 , 4:20 pm        
រូបភាព
ដោយ:
​ក្រុមបាតុករ​ហុងកុង​ដែល​ប្រមូលផ្តុំ​កម្លាំង​គ្នា​ក្នុង​សកល​វិទ្យាល័យ​ហុងកុង​មួយ បាន​ដុត​បញ្ឆេះ​មាត់​ទ្វារធំ ដើម្បី​បង្ការ​ប៉ូលិស​ដែល​ហ៊ុមព័ទ្ធ​ទីតាំង​នោះ​កុំ​ឲ្យ​សម្រុក​ចូលទៅក្នុង​បាន​។ ការដុត​ភ្លើង​បែបនេះ គឺធ្វើឡើង​បន្ទាប់ពី​ប៉ូលិស​ហុងកុង​បាន​ព្រមាន​ថា ពួកគេ​ប្រហែល​ត្រូវ​ប្រើប្រាស់​កាំភ្លើង​គ្រាប់​ពិត ប្រសិនបើ​បាតុករ​មិន​ឈប់​ប្រើ​អាវុធ​គ្រោះថ្នាក់​ទេនោះ​។

 
​អំពើហិង្សា​ក្នុង​ទីក្រុង​ហុងកុង កំពុង​រីក​រាលដាល​ដ​ល់​ដំណាក់កាល​គ្រោះថ្នាក់​ថ្មី​មួយ គិត​ចាប់ពី​វិបត្តិ​នេះ​ផ្ទុះឡើង​កាលពី​ខែមិថុនា​មក ពោលគឺ​ជិត​៦​ខែ​ទៅហើយ​។ នោះ​គឺ គេ​ឃើញថា ទាហាន​ចិន បាន​ចាក​ចេញពី​បន្ទាយ​ពួកគេ​ទៅ​បោសសម្អាត​ផ្លូវ​នានា​ក្នុង​ទីក្រុង​ហុងកុង ដោយ​គ្មាន​សំណើ​ពី​សំណាក់​រដ្ឋាភិបាល​ហុងកុង ប៉ុន្តែ​ទង្វើ​នេះ ត្រូវបាន​រដ្ឋាភិបាល​លោកស្រី ការី ឡាំ​ចាត់ទុកថា​ជា ស្មារតី​ស្ម័គ្រចិត្ត​បែប​សហគមន៍​។  
 
​រដ្ឋាភិបាល​ចិន​បាន​បដិសេធ​តាម​ការទាមទារ​សំខាន់ៗ​ដែល​បានលើកឡើង​ដោយ​ក្រុមបាតុករ​ហុងកុង ដែល​ក្នុងនោះ​គឺមាន​ការបោះឆ្នោត​សេរី​សម្រាប់​ទីក្រុង​ដែលមាន​ប្រជាជន​រស់នៅ​សរុប​ប្រមាណ​៧,៥​លាន​នាក់​ផងដែរ​។ ក្រុង​ប៉េកាំង ម្តង​ហើយ​ម្តងទៀត បាន​ព្រមាន​ថា ខ្លួន​នឹងមិន​អត់ធ្មត់​ចំពោះ​អ្នកប្រឆាំង​ណាមួយ​ឡើយ ហើយ​កង្វល់​ពាក់ព័ន្ធ​នឹង​ការ​លូកដៃ​ដោយផ្ទាល់​ពី​សំណាក់​យោធា​ចិន​ដើម្បី​បង្ក្រាប​ភាពវឹកវរ​នេះ កំពុង​កើនឡើង​ខ្លាំង​។​
 
​នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី​១៨ វិច្ឆិកា សំឡេង​ផ្ទុះ​ខ្លាំងៗ​ជាច្រើន  ត្រូវបាន​គេ​ស្តាប់ឮ មុននឹង​អណ្ដាតភ្លើង​យ៉ាង​សន្ធោរ​សន្ធៅ​ឆេះ​នៅមុខ​ទ្វារធំ​ចូលទៅ​កាន់​សកល​វិទ្យាល័យ Polytechnic ហុងកុង (PolyU) ។ បើតាម​ការចុះផ្សាយ​ទីភ្នាក់ងារ​ព័ត៌មាន AFP ដោយ​ពួកគេ​សង្កេតឃើញថា កម្លាំង​ប៉ូលិស​ដែល​ព្យាយាម​សម្រុកចូល​ទៅក្នុង​ទីធ្លា​នៃ​សកល​វិទ្យាល័យ​នេះ ទទួលរង​ការរារាំង​ពី​សំណាក់​បាតុករ​។ ពួក​បាតុករ​ហុងកុង បាន​បាញ់​ព្រួញ​, គប់​គ្រាប់បែក​សាំង និង​ដុំថ្ម​ជាដើម​។ ឡាន​ប៉ូលិស​មួយគ្រឿង បាន​ឆាបឆេះ​ក្រោយ​បាតុករ​គប់​ដប​សាំង​ដាក់​។​
 
​ចំណែក​ប៉ូលិស​វិញ ពួកគេ បាន​បាញ់កាំភ្លើង​គ្រាប់​ពិត​ចំនួន​៣​គ្រាប់ នៅ​ទីតាំង​ប្រឈមមុខ​ដាក់គ្នា​ក្បែរ​សកល​វិទ្យាល័យ​។ ក៏ប៉ុន្តែ​ប៉ូលិស​អះអាងថា គ្មាន​បាតុករ​ណា​ម្នាក់​រងរបួស​ឬ​ស្លាប់​ដោយសារ​ការបាញ់​គ្រាប់កាំភ្លើង​នេះឡើយ​។ 
 
​មែនទែនទៅ ការប៉ះទង្គិច​ដ៏​តានតឹង​នេះ អូសបន្លាយ​តាំងពី​ថ្ងៃអាទិត្យ ១៧ វិច្ឆិកា​មកម្ល៉េះ ដោយ​មន្ត្រីប៉ូលិស​ម្នាក់ ត្រូវរបួស​ត្រង់​ជើង​ដោយសារ​គ្រាប់​ព្រួញ​ដែល​បាតុករ​បាញ់ ខណៈ​បាតុករ​រង​ឧស្ម័ន​បង្ហូរទឹកភ្នែក​និង​កា​ណូង​បាញ់​ទឹក​ពណ៌​។ នៅ​ទីនោះ ក្រុមបាតុករ បាន​ប្រើប្រាស់​ឆ័​ត្រ​ជា​ខែល​ការពារ​ភ្លើង និង​ទឹក​ពណ៌​របស់​ប៉ូលិស​។ ប៉ូលិស​បានប្រកាស​ការ​ប៉ះទង្គិច​នៅ​ទីធ្លា​សកលវិទ្យា​ល័យ​នេះ​ថា​ជា​ទង្វើ​កុបកម្ម​ដែល​ពួក​បាតុករ​អាច​ជាប់ពន្ធនាគា​រ​រហូតដល់​១០​ឆ្នាំ ហើយ​ប៉ូលិស​ក៏បាន​ចេញមុខ ព្រមាន​តាមរយៈ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ថែម​ទៀតផង​។ 
 
​អ្នកនាំពាក្យ​ម្នាក់​របស់​អាជ្ញាធរ​ហុងកុង លោក Louis Lau និយាយ​បែបនេះ​៖«​ខ្ញុំ​សូម​ព្រមាន​ដល់​ក្រុម​កុបកម្ម​កុំ​ប្រើ​គ្រាប់បែក​សាំង​, ព្រួញ​, រថយន្ត​, ឬ​អាវុធ​គ្រោះថ្នាក់​ណាមួយ​ដើម្បី​វាយប្រហារ​មន្ត្រី​ប៉ូលីស​។ ប្រសិនបើ ពួកគេ​នៅតែ​បន្ត សកម្មភាព​គ្រោះ​បែបនេះ​តទៅទៀត យើង​នឹង​គ្មាន​ជម្រើស​អ្វី​ក្រៅពី​ការប្រើ​វិធានការ​ចាំបាច់ ក្នុងនោះ​ក៏មាន គ្រាប់កាំភ្លើង​ពិត ដើម្បី​បាញ់​ទប់ទល់​វិញ​»៕
 
 
 
 
 
 
 

Tag:
 ហុងកុង​
  បាតុកម្ម​
  សកលវិទ្យា​ល័យ
© រក្សាសិទ្ធិដោយ thmeythmey.com