ពីនេះ ពីនោះ
បច្ចេកទេស៥យ៉ាង ដែលធ្វើឲ្យការចិញ្ចឹមមាន់បានផលច្រើន
× ភ្នំពេញ៖ ដើម្បីចិញ្ចឹមមាន់ឲ្យបានផលច្រើន កសិករគួរយល់ដឹងពីរបៀបការចិញ្ចឹមឲ្យបានត្រឹមត្រូវ។ ការចិញ្ចឹមមាន់ឲ្យបានផលច្រើន មានបច្ចេកទេសសំខាន់ចំនួន ៥ គឺការសង់ទ្រុង, ការជ្រើសរើស និងបង្កាត់ពូជ, ការផ្សំចំណី, ការផ្ដល់ទឹក និងការថែទាំ។
ដើម្បីចិញ្ចឹមមាន់ឲ្យបានផលល្អ កសិករគួរសង់ទ្រុងដោយបែងចែកដូចជា ទ្រុងសម្រាប់មាន់ដេក , សម្រាប់មាន់ពង និងទ្រុងសម្រាប់កូនមាន់។ ទ្រុងសម្រាប់មាន់ដេក ត្រូវមានបណ្ដោយ ៥ម៉ែត្រ និងទទឹង៣ម៉ែត្រ ហើយសម្រាប់មាន់ពង ត្រូវមានបណ្ដោយ៥ម៉ែត្រ និងទទឹង២,៥ម៉ែត្រ។ ចំណែកឯទ្រុងកូនមាន់ ត្រូវមានបណ្ដោយ២ម៉ែត្រ និងទទឹង១ម៉ែត្រ។
ក្រៅពីសង់ទ្រុងឲ្យបានត្រឹមត្រូវ កសិករ គួរជ្រើសរើស និងបង្កាត់ពូជឲ្យបានល្អផងដែរ។ កសិករត្រូវជ្រើសរើសពូជណាដែលមិនធ្លាប់មានជំងឺមិនជាន់ឈាម ជើង សាច់ និងចំពុះពណ៌លឿង។ លើសពីនេះទៅទៀត មេមាន់ត្រូវមានមាឌធំ កន្ទុយបាស អាចពងច្រើន ពូកែចិញ្ចឹមកូន និងទម្ងន់ចាប់ពី១,៥គីឡូក្រាម។ ដោយឡែក មាន់បាក៏ត្រូវមានមាឌធំ ពូកែជាន់មេ និងទម្ងន់ចាប់ពី ២,៥គីឡូក្រាមឡើង។ ក្នុងការបង្កាត់វិញ កសិករត្រូវព្រលែងនៅក្នុងទីធ្លា ហើយមិនត្រូវឲ្យមានបាដទៃ និងត្រូវបង្កាត់តាមធម្មជាតិ។
ចំពោះការផ្សំចំណី សម្រាប់មាន់ដែលមានអាយុត្រឹម៣០ថ្ងៃ កសិករត្រូវប្រើចំណីផ្សារដាក់១ថ្ងៃ៣ដង ប្រើស្នូកចំណីពីឫស្សី។ សម្រាប់មាន់ចិញ្ចឹមយកសាច់វិញ ត្រូវឲ្យស៊ីស្រូវ កន្ទក់ ចុងអង្ករ អំបិល ខ្លាញ់ បន្លែបៃតង ម្សៅជាតិរ៉ែ និងចំណីផ្សារ ៥០ភាគរយ លាយបញ្ចូលគ្នា ដាក់មួយថ្ងៃ៣ដង។ ជាមួយគ្នានេះ សម្រាប់មាន់ពង និងមាន់បា កសិករត្រូវដាក់ចំណីតែ២ដងប៉ុណ្ណោះក្នុងមួយថ្ងៃគឺព្រឹក និងល្ងាច។
រីឯការផ្ដល់ទឹក គឺត្រូវដាក់ឲ្យជាប្រចាំឲ្យបានគ្រប់គ្រាន់ ពិសេសនៅរដូវប្រាំង។ សម្រាប់ការថែទាំ កសិករត្រូវយកកូនមាន់ទៅហាលថ្ងៃឲ្យបាន២ម៉ោងក្នុងមួយថ្ងៃ ចាប់ពីម៉ោង៧-៩ នៅពេលព្រឹក។ នៅពេលអាកាសធាតុត្រជាក់ កសិករត្រូវដាក់កូនមាន់នៅក្នុងកេសក្រាលអង្កាមផ្ដល់ចំណី និងទឹកស្អាតឲ្យបានគ្រប់គ្រាន់។ កសិករក៏ត្រូវបន្តក់វ៉ាក់សាំង និងសម្អាតទ្រុងមាន់ជាប្រចាំ ដើម្បីការពារជំងឺឆ្លង និងដាំដើមឈើជាម្លប់សម្រាប់មាន់ផងដែរ៕
(សារព័ត៌មានថ្មីៗដកស្រង់ចេញពីសៀវភៅកសិករជោគជ័យ នៃមជ្ឈមណ្ឌលសិក្សានិងអភិវឌ្ឍកសិកម្ម កម្ពុជា។)
Tag:
កសិកម្ម
ចិញ្ចឹមមាន់
© រក្សាសិទ្ធិដោយ thmeythmey.com