ជាតិ
សង្គមជាតិ
រដ្ឋាភិបាល យកថ្ងៃ២០វិច្ឆិកា ជាថ្ងៃកាន់ទុក្ខការសុគតសម្តេចរាជបុត្រីព្រះរៀម សម្តេចនាយករដ្ឋមន្រ្តី ស្នើឲ្យកីឡាករ-កីឡាការី និង អ្នកចូលរួមក្នុងពិធីសំណេះសំណាល ក្រោកឈរទាំងអស់គ្នា ហើយស្មិងស្មាធិ៍ ដើម្បីគោរពដល់ព្រះវិញ្ញាណក្ខន្ធសម្តេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី
× ដើម្បីជាការរម្លឹកដល់គុណបំណាច់របស់សម្តេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី ដែលមានចំពោះជាតិ ជាពិសេសផ្នែកសិល្បៈ វប្បធម៌ អរិយធម៌ និងជាការគោរពដល់រាជវង្សានុវង្ស សម្តេច ហ៊ុន សែន ប្រមុខរដ្ឋាភិបាលកម្ពុជា បានប្រកាសយកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩ ជាថ្ងៃកាន់ទុក្ខទូទាំងប្រទេស ចំពោះការសុគតរបស់សម្តេចរាជបុត្រីព្រះរៀម។ សម្តេចនាយករដ្ឋមន្រ្តី បានបង្គាប់ទៅគ្រប់ស្ថាប័នរដ្ឋថ្នាក់ជាតិ និង អាជ្ញាធរថ្នាក់ក្រោមជាតិនៅគ្រប់រាជធានី-ខេត្ត រួមទាំងស្ថាប័នឯកជនផងដែរ ឲ្យទម្លាក់ទង់ជាតិចុះពាក់កណ្តាលដង ដើម្បីបង្ហាញពីការកាន់ទុក្ខនេះ។
ការប្រកាសរបស់សម្តេចនាយករដ្ឋមន្រ្តី គឺធ្វើឡើងក្នុងពិធីជួបសំណេះសំណាលជាមួយកីឡាករ-កីឡាការិនីប្រមាណ៤០០នាក់ នាល្ងាចថ្ងៃទី១៨ ខែវិច្ឆិកា មុននឹងពួកគេចាកចេញទៅប្រកួតកីឡាស៊ីហ្គេម (Sea Game) លើកទី៣ នៅហ្វីលីពីន។ បើតាមសម្តេចនាយករដ្ឋមន្រ្តី ទីស្តីការគណៈរដ្ឋមន្រ្តី និង គណៈកម្មការរៀបចំបុណ្យជាតិ-អន្តរជាតិ នឹងណែនាំបន្ថែមទៅកាន់គ្រប់ស្ថាប័នរដ្ឋ ក្នុងការរៀបចំពិធីកាន់ទុក្ខនិងការទម្លាក់ទង់ជាតិពាក់កណ្តាលដង។
ស្ថិតក្នុងទឹកមុខស្រពាប់ស្រពោន សម្តេចនាយករដ្ឋមន្រ្តី ចាត់ទុក ការបាត់បង់សម្តេចរាជបុត្រីព្រះរៀម ថាជាការបាត់បង់ដ៏ធំធេងសម្រាប់កម្ពុជា។ ប្រមុខរដ្ឋាភិបាល បន្តថា នឹងដឹកនាំប្រតិភូ ទៅគោរពព្រះវិញ្ញាណក្ខន្ធសម្តេចរាជបុត្រីព្រះរៀម នៅវត្តបទុមវត្តី នៅម៉ោង៤ល្ងាច ថ្ងៃទី២០ ខែវិច្ឆិកា។ ប្រមុខរដ្ឋាភិបាល ក៏បានប្រាប់ថ្នាក់ដឹកនាំនៃស្ថាប័នរដ្ឋនានា ឲ្យដឹកនាំប្រតិភូទៅគោរពព្រះវិញ្ញាណក្ខន្ធរបស់ទ្រង់ផងដែរ។
មុននឹងថ្លែងផ្ទាល់មាត់អំពីការសុគតរបស់សម្តេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី សម្តេច ហ៊ុន សែន បានសរសេរលិខិតរំលែកទុក្ខថ្វាយទៅព្រះមហាក្សត្រីរួចហើយ។ សម្តេច សរសេរក្នុងលិខិតរំលែកទុក្ខនោះដូច្នេះថា៖«...ការបាត់បង់សម្តេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី គឺជាការបាត់បង់ដ៏ធំធេងបំផុតនូវតួអង្គពហុជំនាញក្នុងវិស័យវប្បធម៌ អរិយធម៌ជាតិខ្មែរ ជាដួងព្រលឹងរឹងមាំខ្លាំងក្លា ពិសេសតាំងពីសម័យសង្គមរាស្ត្រនិយមដ៏ឧត្តុង្គឧត្តម ដែលមានព្រះរាជបុត្រី អង្គព្រះមហាក្សត្រដ៏ឆ្នើមព្រះនាម នរោត្តម បុប្ផាទេវី ដ៏ស្រស់ល្វតល្វៃ ទ្រង់ពេញព្រះហឫទ័យនឹងនាដកម្ម ជាតួអង្គឯករបាំអប្សរា លើកតម្កើងវប្បធម៌ពណ្ណរាយជាតិ ថ្កើងថ្កាន ល្បីល្បាញរន្ទឺទូទាំងសកលលោក»។
សម្ដេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី ដែលជាឧត្តមប្រឹក្សារបស់ព្រះមហាក្សត្រ និងជាសមាជិកានៃក្រុមប្រឹក្សាធម្មនុញ្ញ បានសុគត ដោយព្រះរោគពាធ ក្នុងព្រះជន្ម៧៧ព្រះវស្សា នៅម៉ោង១២:៣០ នាទីថ្ងៃត្រង់ នាថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្នុងមន្ទីរពេទ្យប្រទេសថៃ។ ក្រុមប្រឹក្សាធម្មនុញ្ញ បានជូនដំណឹងថា ព្រះសពរបស់សម្តេចរាជបុត្រីព្រះរៀម នឹងត្រូវតម្កល់ធ្វើបុណ្យនៅក្នុងវត្តបទុមវត្តី។ សម្តេចរាជបុត្រីព្រះរៀម ត្រូវបានចាត់ទុកជានិមិត្តរូបនៃរបាំព្រះរាជទ្រព្យ ហើយទ្រង់ បានទទួលព្រះគោរមងារថា «ទេពនាថវដ្តីឯក» និងជា «មរតកមនុស្សរស់របស់កម្ពុជា»៕
Tag:
ហ៊ុន សែន
បុប្ផាទេវី
© រក្សាសិទ្ធិដោយ thmeythmey.com