ជាតិ
សម្ដេច ហ៊ុន សែន សរសើរ​ថៃ​ដែល​បញ្ជូន​ពលករ​ទៅ​ប្រទេស​ប្រាក់ខែ​ខ្ពស់ ហើយ​នាំ​ពលករ​ពី​កម្ពុជា និង​ឡាវ ជំនួស​វិញ​
18, Nov 2019 , 9:19 pm        
រូបភាព
​ភ្នំពេញ​៖ បណ្ដា​ប្រទេស​ក្នុង​តំបន់​អាស៊ាន សុទ្ធតែ​បញ្ជូន​ពលករ​ទៅ​ក្រៅប្រទេស​ទាំងអស់ មិនមែន​មានតែ​កម្ពុជា​នោះទេ​។ នេះ​ជាការ​លើកឡើង​របស់​ស​ម្ដេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​ពន្យល់​ពី​ការប្រឹងប្រែង​របស់​រដ្ឋា​ភិ​បាល ក្នុងការ​សហការ​ជាមួយ​ប្រទេស​ដទៃ ដើម្បី​បញ្ជូន​ពលករ​ខ្មែរ ទៅធ្វើ​ការ​នៅ​ទីនោះ​។ សម្ដេច ហ៊ុន សែន ក៏​ឆ្លៀត​សរសើរ​ថៃ ដែល​បញ្ជូន​ពលករ​ច្រើន​ទៅធ្វើ​ការ​នៅ​ប្រទេស​ប្រាក់ខែ​ខ្ពស់​ទៀតផង​។​


 
​ពី​ពិធី​ចែក​សញ្ញាបត្រ​ដល់​និស្សិត​នៃ​សាកលវិទ្យាល័យ​ធនធានមនុស្ស នៅ​ព្រឹក​ថ្ងៃទី​១៨ វិច្ឆិកា​នេះ សម្ដេច ហ៊ុន សែន បាន​អះអាងថា ការបញ្ជូន​ពលរដ្ឋ​ទៅ​ក្រៅប្រទេស វា​មិនមែនជា​រឿង​អ្វីដែល​ខុសឆ្គង​នោះទេ ប៉ុន្តែ​វា​ជា​កាតព្វកិច្ច​ចាំបាច់​ទៅវិញ​ទេ ដែល​រដ្ឋាភិបាល​ត្រូវ​ដោះស្រាយ​បញ្ហា​ពលរដ្ឋ​អត់​ការងារ​ធ្វើ​។ លើក​ពី​បញ្ហា​បញ្ជូន​ពលករ​នេះ ប្រមុខ​រដ្ឋាភិបាល បាន​អះអាងថា ប្រទេស​ក្នុង​តំបន់​អាស៊ាន​នេះ ភាគច្រើន​គឺ​បញ្ជូន​ពលករ​ចេញ សូម្បីតែ​ថៃ ដែល​នាំ​ពលករ​ពី​កម្ពុជា មី​យ៉ាន់​ម៉ា និង​ឡាវ​នោះ ក៏​បញ្ជូន​ពលករ​ទៅ​ប្រទេសក្រៅ​ដែរ​។​
 
​ត្រង់ចំណុច​សម្ដេច ហ៊ុន សែន បាន​សរសើរ​ថៃ ដែល​ពូកែ​ក្នុងការ​បញ្ជូន​ពលករ​ទៅធ្វើ​ការ​នៅ​ប្រទេស​មាន​ប្រាក់​ខ្ពស​ទៀតផង​ដែរ​។ «​ថៃ​គាត់​ចេះ គាត់​ពូកែ គាត់​បញ្ជូន​មនុស្ស​ទៅធ្វើ​ការ​នៅក្រៅ​ប្រទេស ទៅ​កូរ៉េ ទៅ​ជប៉ុន ទៅ​កោះ​តៃវ៉ាន់ ទៅ​មជ្ឈិមបូព៌ា ជនជាតិ​ថៃ​ច្រើនណាស់​បញ្ជូនទៅ ។ ប៉ុន្តែ​គាត់​(​ថៃ​)​ខ្វះ​ពលកម្ម​ក្នុងស្រុក គាត់​ទាញយក​ពលកម្ម​ពី​កម្ពុជា គាត់​ទាញយក​ពលកម្ម​ពី​ឡាវ គាត់​ទាញយក​ពលកម្ម​ពី​មី​យ៉ាន់​ម៉ា មក​ជំនួស​ពលកម្ម​(​ថៃ​) ដែល​បញ្ជូនទៅ​ធ្វើការ​នៅក្រៅ​ប្រទេស ដែលមាន​ប្រាក់ខែ​ច្រើនជាង​»​។ នេះ​ជាការ​បញ្ជាក់​របស់​សម្ដេច ហ៊ុន សែន ដែល​បាន​បន្ថែមថា ក្នុង​តំបន់​អាស៊ាន មានតែ​ប្រទេស​ពីរ​ប៉ុណ្ណោះ ដែល​មិន​បញ្ជូន​ពលករ​ចេញ​នោះ គឺ​ម៉ាឡេស៊ី និង​ឥណ្ឌូណេស៊ី ខណៈ​ហ្វីលីពីន​បញ្ជូន​ពលករ​ទៅ​ក្រៅប្រទេស​ជាង​១២​លាន​នាក់​។ 
 
​សូម​ស្ដាប់​សំឡេង​៖



 
​បើតាម​សម្ដេច ហ៊ុន សែន រដ្ឋាភិបាល​កំពុង​ស្នើ​ទៅ​រដ្ឋាភិបាល​កូរ៉េខាងត្បូង និង​ជប៉ុន ដើម្បី​សុំ​បញ្ជូន​ពលករ​បន្ថែមទៀត ខណៈ​ប្រទេស​ទាំងពីរ​នេះ បានផ្ដល់​ប្រាក់ខែ​ខ្ពស់​ដល់​ពលករ សម្រាប់​ទ្រទ្រង់​ជីវភាព​គ្រួសារ​នៅក្នុង​ស្រុក​។​
 
​ពលករ​ខ្មែរ​នៅក្រៅ​ប្រទេស​មាន​ចំនួន​ប្រមាណ​១,២​លាន​នាក់ ដោយនៅ​ប្រ​ទេ​ថៃ​ច្រើនជាងគេ ១,១​លាន​នាក់ ប្រទេស​កូរ៉េ​ប្រហែល​៥​ម៉ឺន​នាក់ និង​ប្រទេស​ផ្សេងៗ​ទៀត​ដូចជា ម៉ាឡេស៊ី ជប៉ុន​ជាដើម​។ ពលករ​ខ្មែរ​ដែល​ចេញទៅ​ក្រៅប្រទេស មាននៅ​ប្រទេស​ថៃ​ក្នុង​ចំនួន​លើសលុប តែ​ជាទូទៅ​ធ្វើការ​គ្មាន​ជំនាញ ដូចជា​ធ្វើការ​នៅ​ការដ្ឋាន​សំណង់ សេវាកម្ម​ផ្សេង និង​កសិកម្ម ដក​ដំឡូង កាច់​ពោត ចៀរ​ជ័រកៅស៊ូ នេសាទ ជាដើម​។ តែ​នៅ​កូរ៉េ និង​ជប៉ុន ពលករ​ខ្មែរ​ធ្វើការ​គ្រាន់បើ​ជាង​ពលករ​នៅ​ថៃ និង​ម៉ាឡេស៊ី ដោយ​ទទួល​ប្រាក់​ឈ្នួល​ខ្ពស់ ហើយ​ពួកគេ​ភាគច្រើន​មានការ​អប់រំ​ខ្ពស់ជាង​ពេល​នៅ​ខ្មែរ ដែល​អាច​រៀន​ពី​របៀបរបប​ធ្វើការ​ពី​ក្រៅ និង​ចាប់យក​ចំណេះ​ជំនាញ​បាន​ក្នុង​កម្រិត​ណាមួយ​ប្រសើរ​ជាង​។ តែ​យ៉ាងណាក៏ដោយ ពលករ​ខ្មែរ​នៅ​កូរ៉េ ទោះ​ធ្វើការ​នៅ​ផ្នែក​ឧស្សាហកម្ម ក៏​ក្នុងនាម​ជា​ពលករ​ជំនាញ​កម្រិត​ទាប ពោលគឺ​ប្រើ​កម្លាំង​ពលកម្ម​លើសលុប​។​
 
​សម្រាប់​អ្នកវិភាគ​សេដ្ឋកិច្ច លោក គី សេរី​វឌ្ឍន៍ បើ​ពលករ​ទៅធ្វើ​ការ​នៅក្រៅ​ប្រទេស​ហើយ ត្រឡប់មកវិញ ដោយ​គ្មាន​ជំនាញ​អ្វី​ច្បាស់​នោះ ពួកគេ​នឹង​ក្លាយទៅជា​បន្ទុក​។ «​តែបើ​គាត់​មិនបាន​ស្រូបយក​ចំណេះដឹង​ទាំងអស់នោះ​មកវិញ​ទេ ពួកគាត់​នឹង​ប្រៀបបាន​កាកសំណល់​ដែល​ហូរ​ត្រឡប់​មកវិញហើយ ព្រោះថា​នៅពេល​ត្រឡប់មកវិញ​ត្រូវ​ចាំ​ចាយលុយ​ហើយ​ព្រោះ​កម្លាំង​ក៏​ចុះខ្សោយ​»​។ នេះ​ជាការ​យល់ឃើញ​របស់​អ្នកវិភាគ​សេដ្ឋកិច្ច​។​
 
​បើតាម​តួលេខ​ពី​ធនាគារជាតិ​នៃ​កម្ពុជា ពលករ​ខ្មែរ​បាន​ផ្ទេរ​ថវិកា​តាម​ប្រព័ន្ធ​ធនាគារ​ប្រមាណ ១១០០​លាន​ដុល្លារ​ចូល​ស្រុកកំណើត​វិញ​កាលពី​ឆ្នាំ​២០១៨ ដែល​កើនឡើង​ប្រមាណ​១០០​លាន​ដុល្លារ​។ តែបើ​ការអះអាង​ពី​ក្រសួង​ការងារ ថវិកា​ផ្ញើមក​ស្រុក​របស់​ពលករ​មាន​ចំនួន​ច្រើនជាង​នេះ​៕

Tag:
 ហ៊ុន សែន​
  ពលករ​
  ថៃ​
© រក្សាសិទ្ធិដោយ thmeythmey.com