កីឡាអន្តរជាតិ
អន្តរជាតិ
Pacquiao៖ ឆ្នាំ​២០២០ ខ្ញុំ​អាច​ឡើង​សង្វៀន​នៅ​ខែមីនា ឬ​មេសា
18, Nov 2019 , 9:39 pm        
រូបភាព
Manny Pacquiao សង្ឃឹមថានឹង​អាច​ឡើង​សង្វៀន​ប្រដាល់​ជាថ្មី​ដើម្បី​ការពារ​ខ្សែក្រវាត់ WBA Welterweight របស់ខ្លួន​នៅ​ដើមឆ្នាំ ២០២០​។ ខណៈ​មិនទាន់​ចេញ​កាលបរិច្ឆេទ​ប្រកួត​ច្បាស់លាស់ ស្តេច​ប្រដាល់​អាស៊ី​រូបនេះ​អះអាងថា​លោក​អាច​ឡើង​វាយ​បាន​អំឡុងពេល​ព្រឹទ្ធសភា​ហ្វីលីពីន​ឈប់សម្រាក​ប៉ុណ្ណោះ​។​


 
«​ខ្ញុំ​អាច​ឡើង​ប្រកួត​បាន​នៅក្នុង​ខែមីនា ឬ​ខែមេសា ព្រោះ​ព្រឹទ្ធសភា​នឹង​ឈប់សម្រាក​ក្នុងអំឡុង​ពេលនោះ​»​។ នេះ​ជាការ​បញ្ជាក់​របស់ Pacquiao ទៅកាន់​កាសែត​ហ្វីលីពីន Manila Bulletin​។ ស្របពេល​នោះដែរ ប្រធាន​ចរចា​តម្លៃ​ខ្លួន (MP Promotions) របស់ Pacquiao លោក Sean Gibbons ក៏​រំពឹងថា​អ្នក​ប្រដាល់​ហ្វីលីពីន​វ័យ​៤០​ឆ្នាំ នឹង​បង្ហាញខ្លួន​លើស​ង្វៀន​អំឡុងពេល​ពាក់កណ្តាល​ត្រីមាស​ទី​១ នៃ​ឆ្នាំ​២០២០​ផងដែរ​។ 
 
​ការលើកឡើង​របស់ Pacquiao ពី​ពេលវេលា​ប្រកួត​ដូច្នេះ ព្រោះ​មិន​ចង់​ឲ្យ​ប៉ះពាល់​ដល់​ការងារ​ជា​សមាជិក​ព្រឹ​ទ្ទ​សភា​របស់លោក​។ មួយវិញទៀត ការ​អ​វត្ត​ន៍​មាន​ច្រើនដង ក៏​អាច​ជះឥទ្ធិពល​ដល់​តំណែង​របស់ Pacquiao ក្នុង​វិស័យ​នយោបាយ​ហ្វីលីពីន​នេះ​ផងដែរ​។​
 
​ក្នុង​ឆ្នាំ ២០១៩ កំពូល​អ្នក​ប្រដាល់​ហ្វីលីពីន​រូបនេះ​បាន​ឡើង​សង្វៀន​ចំនួន​ពីរ​ប្រកួត ក្នុងនោះ​ឈ្នះ​កីឡាករ​អាមេរិក Adrien Broner ក្នុង​ខែមករា មុន​ផ្តួល​អ្នក​ប្រដាល់​មិនដែល​ចាញ់​អាមេរិក​ដូចគ្នា Keith Thurman នៅ​ខែកក្កដា ដោយ​ដណ្តើមបាន​ខ្សែក្រវាត់​ពិភពលោក WBA ផង​។​
 
​សម្រាប់​ឆ្នាំ ២០២០ Pacquiao អាច​នឹង​ឡើង​សង្វៀន​ដើម្បី​ការពារ​ខ្សែក្រវាត់ WBA ជាមួយ​ម្ចាស់​ជើងឯក WBC កីឡាករ Errol Spence Jr និង​ផ្សេងៗ​ទៀត​ដូចជា​កីឡាករ Yordenis Ugas, Shawn Porter, Mikey Garcia និង Danny Garcia ជាដើម​។ ហើយ​កាលបរិច្ឆេទ​ប្រកួត ទំនងជា​អាចធ្វើ​នៅ​ថ្ងៃទី​១១ ខែមេសា​៕

Tag:
 Manny Pacquiao
  Boxer
© រក្សាសិទ្ធិដោយ thmeythmey.com