កីឡាជាតិ
ជាតិ
អត្ត​ព​លិ​កជាង​៤០០​នាក់​មកពី​៥០​ប្រទេស ប្រជែង​គ្នា​ក្នុង​ព្រឹត្តិការណ៍​ប៉េតង់​ពិភពលោក នៅ​កម្ពុជា​
18, Nov 2019 , 9:59 pm        
រូបភាព
កីឡាការិនី កែ ឡេង និង អ៊ុក ស្រីមុំ (រាប់ពីស្តាំ)ពេលទទួលបានមេដាយមាសពិភពលោកកាលពីពេលកន្លងទៅ
កីឡាការិនី កែ ឡេង និង អ៊ុក ស្រីមុំ (រាប់ពីស្តាំ)ពេលទទួលបានមេដាយមាសពិភពលោកកាលពីពេលកន្លងទៅ
ដោយ:
​នៅសល់តែ​មួយថ្ងៃ​ទៀត​ប៉ុណ្ណោះ ការប្រកួត​កីឡា​ប៉េតង់​ជ្រើសរើស​ជើងឯក​ពិភពលោក​ស្ត្រី និង​យុវជន 17th Juniors & Women Petanque World Championship ដែល​កម្ពុជា​ធ្វើ​ម្ចាស់ផ្ទះ ឈាន​មកដល់ ។ ការប្រកួត​នេះ មាន​អត្ត​លិ​កជាង​៤៤០​នាក់ មកពី​៥០​ប្រទេស​ចូលរួម (​បូក​ទាំង​កម្ពុជា​)​។ វីរ​កីឡាការិនី កែ ឡេង និង អ៊ុក ស្រីមុំ នឹងត្រូវ​ការពារ​តំណែង​ជើងឯក​។ ក្រៅពី​ផ្តល់ឱកាស​ឲ្យ​យុវជន​បានបង្ហាញ​សមត្ថភាព ការដកស្រង់​បច្ចេកទេស​រៀបចំ និង​ផ្សព្វផ្សាយ​ពី​វប្បធម៌​ខ្មែរ ក៏​ស្ថិតក្នុង​គោលបំណង នៃ​ការធ្វើ​ម្ចាស់ផ្ទះ​លើកដំបូង​នេះដែរ​។​

 
​កីឡាករ​កីឡាការិនី​កម្ពុជា ត្រូវ​ប្រជែង​ជាមួយ​អត្ត​ពលិកម​ក​ពី​៤៩​ប្រទេស ដើម្បី​ដណ្តើម​មេដាយ​ក្នុង​ព្រឹត្តិការណ៍​ប្រកួត​កីឡា​ប៉េតង់ ជ្រើសរើស​ជើងឯក​ពិភពលោក​ស្ត្រី និង​យុវជន ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​លើកដំបូង​។ ការប្រកួត នឹង​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី ១៩-២៣ ខែវិច្ឆិកា ឆ្នាំ​២០១៩ នៅ​ទីលាន​ប៉េតង់ ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ​។ ដើម្បី​ត្រៀម​ទទួល​ប្រតិភូ​កីឡា​អន្តរជាតិ ថ្នាក់ដឹកនាំ​សហព័ន្ធ​កីឡា   ប៊ូល និង​ប៉េតង់​កម្ពុជា បាន​ជួលជុល​កែលម្អ និង​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​មួយចំនួន​ដូចជា ដំបូល​ទីលាន ទីលាន​ប្រកួត និង​បំពាក់​កៅអីអង្គុយ​សម្រាប់​ទស្សនិកជន​ជាដើម​។ 
 
លោក ស សុខា ប្រធាន​សហព័ន្ធ​កីឡា​ប៊ូល​និង​ប៉េតង់​កម្ពុជា ចាត់ទុក​ព្រឹត្តិការណ៍​នេះ គឺជា​ឱកាស​ផ្សារភ្ជាប់​ទំនាក់ទំនង រវាង​អត្ត​ព​លិ​ក​ជាតិ និង​អន្តរជាតិ និង​បង្ហាញ​ពិភពលោក ឲ្យ​ឃើញ​ពី​សមត្ថភាព​ក្នុងការ​រៀបចំ​របស់​ក​ម្ពុ​ជា​។ លើសពីនេះ គឺ​ដើម្បី​ផ្សព្វផ្សាយ​ពី​អរិយធម៌ និង​វប្បធម៌​ខ្មែរ ទៅកាន់​ពិភពលោក តាមរយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ​អន្តរជាតិ និង​ប្រតិភូ កីឡាករ​កីឡាការិនី ដែល​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​នេះ​។ 
 
​ការផ្តល់​ឱកាស​ឲ្យ​យុវជន​បាន​កសាង​បទពិសោធន៍ និង​ពង្រឹងសមត្ថភាព​កីឡាករ​កីឡាការិនី និង    មន្ត្រី​បច្ចេកទេស អាជ្ញាកណ្តាល​ចៅក្រម ដើម្បី​ឈានឆ្ពោះ ទៅធ្វើជា​ម្ចាស់ផ្ទះ​ការប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣២​ឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ ក៏​ស្ថិតក្នុង​គោលបំណង​នៃ​ព្រឹត្តិការណ៍​នេះ​ផងដែរ ។  
 
​ជាមួយគ្នានេះ រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា​រូបនេះ ជំរុញ​ឲ្យ​កីឡាករ​ខិតខំ​ប្រឹងប្រែង​ប្រកួត​ឲ្យ​អស់ពី​សមត្ថភាព​ក្នុងការ​ស្វែងរក​មេដាយ​ជូន​ជាតិ​មាតុភូមិ ដើម្បី​លើកមុខ​មាត់​ខ្លួនឯង និង​ប្រទេសជាតិ​។ ជាពិសេស គឺ​ដើម្បី​លើកស្ទួយ​វិស័យ​កីឡា​ប៉េតង់​កម្ពុជា ទៅកាន់​ពិភពលោក​។ 
 
​បើតាម​លោក សុខ សប្បាយ​ណា អគ្គលេខាធិការ​សហព័ន្ធ​កីឡា​ប៊ូល​និង​ប៉េតង់​កម្ពុជា ការប្រកួត​នេះ​មាន​អត្ត​ព​លិ​ក​ចំនួន​៤៤៩​នាក់​មកពី​៥០​ប្រទេស​(​បូក​ទាំង​កម្ពុជា​)​ចូលរួម ក្នុងនោះ​យុវជន​មាន​៣០​ក្រុម និង​ស្ត្រី​៥០​ក្រុម​។ អត្ត​ព​លិ​ក​ទាំងនេះ​ប្រកួតប្រជែង​លើ​៦​វិញ្ញាសា​។ 
 
​វីរ​កីឡាការិនី កែ ឡេង ម្ចាស់​មេដាយមាស​៣​ជំនាន់ និង​កីឡាការិនី អ៊ុក ស្រីមុំ ម្ចាស់​មេដាយមាស​ពិភពលោក នៅ​ប្រទេស​បែលហ្ស៊ិក​កាលពី​ឆ្នាំ​២០១៧ នឹងត្រូវ​ការពារ​តំណែង​ជើងឯក​ខ្លួន​ក្នុង​ព្រឹត្តិការណ៍​នេះ​ផងដែរ​៕  

Tag:
 ប៉េតង់​
  ជើងឯក​ពិភពលោក​
© រក្សាសិទ្ធិដោយ thmeythmey.com