ជាតិ
សេដ្ឋកិច្ច
កម្ពុជា​នាំ​អំបិល​៥០០០​តោន​លើកដំបូង​ពី​ឥណ្ឌា​
18, Nov 2019 , 10:39 pm        
រូបភាព
កសិដ្ឋានអំបិលមួយនៅឥណ្ឌា។ រូបថត AFP
កសិដ្ឋានអំបិលមួយនៅឥណ្ឌា។ រូបថត AFP
ដោយ:
​ភ្នំពេញ​៖ ឆ្នាំនេះ​ក៏​ដូច​ឆ្នាំមុន​ដែរ ការផ្គត់ផ្គង់​អំបិល​ក្នុងស្រុក​មិន​គ្រប់​តាម​តម្រូវការ​ទីផ្សារ​នោះទេ​។ ថ្មីៗ​នេះ​កម្ពុជា​បាន​នាំចូល​អំបិល ៥​ពាន់​តោន​ពី​ប្រទេស​ឥណ្ឌា ហើយនឹង​មានការ​នាំចូល​ពី​ក្រៅប្រទេស​ជា​បន្តបន្ទាប់​ទៀត​។​


 
​ដោយសារ​បរិមាណ​ស្តុក​អំបិល​កាន់តែ​ខើច​ក្នុងឆ្នាំនេះ កម្ពុជា​បានចាប់ផ្ដើម​នាំចូល​អំបិល​ពី​ប្រទេស​ឥណ្ឌា​។ បើតាម​លោក ប៊ុន បារាំង ប្រធាន​សហគមន៍​អ្នក​ផលិត​អំបិល​កំពត​-​កែប អំបិល​ក្នុង​ស្តុក​របស់​ខេត្តកំពត និង​ខេត្ត​កែប នៅសល់​ប្រមាណ​២​ពាន់​តោន​ប៉ុណ្ណោះ មកទល់​ថ្ងៃនេះ ដោយសារ​ការ​ផលិតក​ន្ល​ង​មកជួប​បញ្ហា​អាកាសធាតុ​។ 
 
​សហគមន៍​បាន​នាំចូល​អំបិល​ជា​លើកដំបូង​ចំនួន ៥០០០​តោន​ពី​ប្រទេស​ឥណ្ឌា​។ លើក​នេះ​កម្ពុជា​មិន​ទិញ​អំបិល​ពី​ប្រទេស​ចិន ព្រោះតែ​តំបន់​ផលិត​អំបិល​របស់​ចិន​បាន​ជន់​លិច ដែល​ធ្វើ​ឲ្យ​អំបិល​ចិន​ឡើងថ្លៃ​។ នេះ​បើតាម​ការលើកឡើង​រប​ស់លោក ប៊ុន បារាំង ។ លោក​អះអាង​ទៀតថា អំបិល​ទិញ​ពី​ឥណ្ឌា​នេះ​អាច​ទទួលយកបាន​ទាំង​គុណភាព និង​តម្លៃ​។ លោក​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ នៅ​ថ្ងៃទី​១៨​ខែវិច្ឆិកា​នេះ​ថា​៖«​អំបិល​នាំ​ពី​ឥណ្ឌា​នេះ មានគុណ​ភាពល្អ ជា​អំបិល​ធម្មជាតិ​ដូច​អំបិល​យើង​ដែរ ហើយ​នាំចូល​នេះ​សុទ្ធតែ​ឆ្លងកាត់​ការពិនិត្យ​ពិសោធន៍​ត្រឹមត្រូវ​។ ហើយ​តម្លៃ​ប្រហែល​អំបិល​យើង​ដែរ​»​។ 
 
​លោក ប៊ុន បារាំង បញ្ជាក់ថា ការ​នាំចូល​អំបិល​នេះ ដើម្បី​បំពេញ​កង្វះខាត​នៃ​ការផលិត​ក្នុងស្រុក ហើយ​ធានា​ស្ថិរភាព​តម្លៃ​លើ​ទីផ្សារ​ផងដែរ​។ លោក​បន្តថា ក្រៅពី​ការនាំ​ចូល​៥០០០​តោន​នេះ កម្ពុជា​នឹង​បន្ត​នាំចូល​បន្ថែមទៀត ដើម្បី​បង្គ្រប់​តម្រូវការ​ទីផ្សារ​។ លោក​ឲ្យ​ដឹង​ដូចនេះ​ថា​៖«​យើង​នឹង​នាំចូល​បន្តបន្ទាប់​ទៀត ទៅតាម​តម្រូវការ​ក្នុងស្រុក​»​។ លោក បារាំង មិនអាច​បញ្ជាក់​ទំហំ​អំបិល​សរុប​ដែល​ត្រូវ​នាំចូល​ក្នុងឆ្នាំនេះ​ទេ ដោយ​លោក​ថា​ត្រូវ​មើល​តាម​កង្វះខាត​អំបិល​ជាក់ស្ដែង​។ ទោះយ៉ាងណា​សហគមន៍រ​បស់​លោក​បានស្នើ​គោលការណ៍​ពី​រដ្ឋាភិបាល​ដើម្បី​នាំចូល​អំបិល​ដល់​ទៅ​៥​ម៉ឺន​តោន​សម្រាប់​ឆ្នាំ​២០១៩​នេះ​។ 
 
​សព្វថ្ងៃនេះ អ្នក​ផលិត​អំបិល​កំពុង​រៀបចំ​ចាប់ផ្ដើម​ការផលិត​រប​ស់​ខ្លួន ដែល​នឹងត្រូវ​ប្រមូល​ផល​ចាប់ពី​ខែមករា​ឆ្នាំក្រោយ​។ ឆ្នាំនេះ​ការផលិត​អំបិល​ក្នុងស្រុក​មាន​បរិមាណ ៣​ម៉ឺន​តោន ខណៈ​តម្រូវការ​មាន​ដល់ ១០​ម៉ឺន​តោន​។ តែ​ក្រៅពី​ការ​នាំចូល​អំបិល​ដោយ​សហគមន៍ ក៏មាន​ក្រុមហ៊ុន​ក្រៅ​សហគមន៍​នាំចូល​អំបិល​ពី​បរទេស រួមទាំង​ការនាំ​ចូល​តាម​ច្រករបៀង​មួយចំនួន​។ នេះ​បើតាម​លោក ប៊ុន បារាំង​។​
 
​នៅ​អំឡុង​ដើមឆ្នាំ​២០១៨ កម្ពុជា​បាន​នាំចូល​អំបិល​ពី​ចិន​១​ម៉ឺន​តោន ក្នុង​គម្រោង​៣​ម៉ឺន​តោន​។ មុន​២០១៨ កម្ពុជា​កាលពី​ឆ្នាំ​២០០៨ ធ្លាប់​នាំចូល​អំបិល ៦​ម៉ឺន​តោន​៕

Tag:
 ប៊ុន បារាំង​
  អំបិល​
© រក្សាសិទ្ធិដោយ thmeythmey.com