ជាតិ
សេដ្ឋកិច្ច
កម្ពុជានាំអំបិល៥០០០តោនលើកដំបូងពីឥណ្ឌា កសិដ្ឋានអំបិលមួយនៅឥណ្ឌា។ រូបថត AFP
× ភ្នំពេញ៖ ឆ្នាំនេះក៏ដូចឆ្នាំមុនដែរ ការផ្គត់ផ្គង់អំបិលក្នុងស្រុកមិនគ្រប់តាមតម្រូវការទីផ្សារនោះទេ។ ថ្មីៗនេះកម្ពុជាបាននាំចូលអំបិល ៥ពាន់តោនពីប្រទេសឥណ្ឌា ហើយនឹងមានការនាំចូលពីក្រៅប្រទេសជាបន្តបន្ទាប់ទៀត។
ដោយសារបរិមាណស្តុកអំបិលកាន់តែខើចក្នុងឆ្នាំនេះ កម្ពុជាបានចាប់ផ្ដើមនាំចូលអំបិលពីប្រទេសឥណ្ឌា។ បើតាមលោក ប៊ុន បារាំង ប្រធានសហគមន៍អ្នកផលិតអំបិលកំពត-កែប អំបិលក្នុងស្តុករបស់ខេត្តកំពត និងខេត្តកែប នៅសល់ប្រមាណ២ពាន់តោនប៉ុណ្ណោះ មកទល់ថ្ងៃនេះ ដោយសារការផលិតកន្លងមកជួបបញ្ហាអាកាសធាតុ។
សហគមន៍បាននាំចូលអំបិលជាលើកដំបូងចំនួន ៥០០០តោនពីប្រទេសឥណ្ឌា។ លើកនេះកម្ពុជាមិនទិញអំបិលពីប្រទេសចិន ព្រោះតែតំបន់ផលិតអំបិលរបស់ចិនបានជន់លិច ដែលធ្វើឲ្យអំបិលចិនឡើងថ្លៃ។ នេះបើតាមការលើកឡើងរបស់លោក ប៊ុន បារាំង ។ លោកអះអាងទៀតថា អំបិលទិញពីឥណ្ឌានេះអាចទទួលយកបានទាំងគុណភាព និងតម្លៃ។ លោកថ្លែងប្រាប់សារព័ត៌មានថ្មីៗ នៅថ្ងៃទី១៨ខែវិច្ឆិកានេះថា៖«អំបិលនាំពីឥណ្ឌានេះ មានគុណភាពល្អ ជាអំបិលធម្មជាតិដូចអំបិលយើងដែរ ហើយនាំចូលនេះសុទ្ធតែឆ្លងកាត់ការពិនិត្យពិសោធន៍ត្រឹមត្រូវ។ ហើយតម្លៃប្រហែលអំបិលយើងដែរ»។
លោក ប៊ុន បារាំង បញ្ជាក់ថា ការនាំចូលអំបិលនេះ ដើម្បីបំពេញកង្វះខាតនៃការផលិតក្នុងស្រុក ហើយធានាស្ថិរភាពតម្លៃលើទីផ្សារផងដែរ។ លោកបន្តថា ក្រៅពីការនាំចូល៥០០០តោននេះ កម្ពុជានឹងបន្តនាំចូលបន្ថែមទៀត ដើម្បីបង្គ្រប់តម្រូវការទីផ្សារ។ លោកឲ្យដឹងដូចនេះថា៖«យើងនឹងនាំចូលបន្តបន្ទាប់ទៀត ទៅតាមតម្រូវការក្នុងស្រុក»។ លោក បារាំង មិនអាចបញ្ជាក់ទំហំអំបិលសរុបដែលត្រូវនាំចូលក្នុងឆ្នាំនេះទេ ដោយលោកថាត្រូវមើលតាមកង្វះខាតអំបិលជាក់ស្ដែង។ ទោះយ៉ាងណាសហគមន៍របស់លោកបានស្នើគោលការណ៍ពីរដ្ឋាភិបាលដើម្បីនាំចូលអំបិលដល់ទៅ៥ម៉ឺនតោនសម្រាប់ឆ្នាំ២០១៩នេះ។
សព្វថ្ងៃនេះ អ្នកផលិតអំបិលកំពុងរៀបចំចាប់ផ្ដើមការផលិតរបស់ខ្លួន ដែលនឹងត្រូវប្រមូលផលចាប់ពីខែមករាឆ្នាំក្រោយ។ ឆ្នាំនេះការផលិតអំបិលក្នុងស្រុកមានបរិមាណ ៣ម៉ឺនតោន ខណៈតម្រូវការមានដល់ ១០ម៉ឺនតោន។ តែក្រៅពីការនាំចូលអំបិលដោយសហគមន៍ ក៏មានក្រុមហ៊ុនក្រៅសហគមន៍នាំចូលអំបិលពីបរទេស រួមទាំងការនាំចូលតាមច្រករបៀងមួយចំនួន។ នេះបើតាមលោក ប៊ុន បារាំង។
នៅអំឡុងដើមឆ្នាំ២០១៨ កម្ពុជាបាននាំចូលអំបិលពីចិន១ម៉ឺនតោន ក្នុងគម្រោង៣ម៉ឺនតោន។ មុន២០១៨ កម្ពុជាកាលពីឆ្នាំ២០០៨ ធ្លាប់នាំចូលអំបិល ៦ម៉ឺនតោន៕
© រក្សាសិទ្ធិដោយ thmeythmey.com