អន្តរជាតិ
ចិនបញ្ជូននាវាផ្ទុកយន្តហោះផលិតក្នុងស្រុក បើកកាត់ច្រកសមុទ្រតៃវ៉ាន់ នាវាផ្ទុកយន្តហោះចម្បាំងរបស់ចិន
× ទីក្រុងប៉េកាំង នៅថ្ងៃទី១៨ ខែវិច្ឆិកា បានអះអាងថា នាវាផ្ទុកយន្តហោះផលិតក្នុងស្រុករបស់ខ្លួន ពិតជាបានបើកកាត់ច្រកសមុទ្រតៃវ៉ាន់ពិតមែន ប៉ុន្តែធ្វើឡើង ក្នុងគោលបំណងសាកល្បងនាវាតែប៉ុណ្ណោះ។ ចិន ឆ្លៀតក៏បានអំពាវនាវឲ្យទីក្រុងវ៉ាស៊ីនតោន ឈប់ពាក់ព័ន្ធជាមួយកោះតៃវ៉ាន់ និងឈប់ដំឡើងសាច់ដុំនៅក្នុងសមុទ្រចិនខាងត្បូងផងដែរ។
ភាពចម្រូងចម្រាសរវាងចិនដីគោក និងកោះតៃវ៉ាន់កាន់តែក្តៅជាងមុន បន្ទាប់ពីនាវាផ្ទុកយន្តហោះប្រភេទ Type 001A របស់ខ្លួន បានបើកកាត់ច្រកសមុទ្រតៃវ៉ាន់ ចេញទៅសមុទ្រចិនខាងត្បូង។ ជាផលិតផលក្នុងស្រុកទី២របស់ទីក្រុងប៉េកាំង ដែលចាប់ផ្តើមផលិតក្នុងឆ្នាំ២០១៧ នាវាដឹកយន្តហោះ ដែលមិនទាន់ត្រូវបានគេដាក់ឈ្មោះមួយនេះ នឹងបន្ថែមអំណាចលើដែនទឹកឲ្យចិនបន្ថែមទៀត។ ពោលគឺទាំងនៅក្នុងច្រកសមុទ្រតៃវ៉ាន់ និងក្នុងសមុទ្រចិនខាងត្បូង។
តាមការអះអាងនៅលើបណ្តាញសង្គមផ្លូវការរបស់ខ្លួន លោក Cheng Dewei អ្នកនាំពាក្យកងទ័ពជើងទឹករបស់ចិន បានលើកឡើងថា ការឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់របស់នាវាផ្ទុកយន្តហោះចិន នៅថ្ងៃទី១៧ ខែវិច្ឆិកា គឺធ្វើឡើងក្នុងគោលបំណង សាកល្បងការស្រាវជ្រាវវិទ្យាសាស្ត្រ និងសាកល្បងនាវា ដែលស្ថិតនៅក្រោមការផលិតតែប៉ុណ្ណោះ។ ទន្ទឹមនេះអ្នកនាំពាក្យកងទ័ពជើងទឹករូបនេះ បានបញ្ជាក់ទៀតថា វាគ្រាន់តែជាការអនុវត្តធម្មតា ហើយក៏មិនមានគោលដៅគំរាមកំហែងលើប្រទេសណាមួយឡើយ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារ AFP។
ប៉ុន្តែការបើកនាវាផ្ទុកយន្តហោះ ឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់នេះ គឺធ្វើឡើង បន្ទាប់ទីក្រុងតៃប៉ិ បានអះអាងថា ទីក្រុងក្រុងប៉េកាំង បានព្យាយាមលូកលាន់ចូលរឿងការបោះឆ្នោតរបស់ខ្លួននៅក្នុងខែមករា ឆ្នាំ ២០២០ខាងមុខ។ ជាក់ស្តែង លោក Joseph Wu រដ្ឋមន្ត្រីក្រសួងការបរទេសតៃវ៉ាន់ បានសរសេរនៅលើបណ្តាញ Twitter នាថ្ងៃទី១៧ ខែវិច្ឆិកា របស់ខ្លួនថា ចិនព្យាយាមជ្រៀតជ្រែកការបោះឆ្នោតរបស់តៃវ៉ាន់ ប៉ុន្តែអ្នកបោះឆ្នោត មិនអាចត្រូវគេបំភ័យបានឡើយ។
នៅនាព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ចិនបានអំពាវនាវឲ្យភាគីអាមេរិក ឈប់ដំឡើងសាច់ដុំរបស់ខ្លួននៅក្នុងសមុទ្រចិនខាងត្បូង និង ឈប់ពាក់ព័ន្ធជាមួយកោះតៃវ៉ាន់បន្តទៀត។ ពីក្រុងបាងកក លោក Wei Fenghe រដ្ឋមន្ត្រីការពារជាតិចិន បានបដិសេធយ៉ាងដាច់អហង្ការ ចំពោះមន្ត្រី ឬយោធាអាមេរិករូបណា ហ៊ានទាក់ទងជាមួយកោះតៃវ៉ាន់។ ការអះអាងខាងភាគីចិនបែបនេះ គឺធ្វើឡើងតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីភាគីអាមេរិក លោក ម៉ាក អេស្ពើ រដ្ឋមន្ត្រីក្រសួងការពារជាតិ បានចោទភាគីចិនជាសាធារណៈថា ទីក្រុងប៉េកាំងកំពុងប្រើប្រាស់ការបង្ខិតបង្ខំ និងគំរាមកំហែង ដើម្បីការពារកម្មវត្ថុរបស់ខ្លួននៅក្នុងតំបន់សមុទ្រចិនខាងត្បូង។
សូមបញ្ជាក់ថា ជម្លោះក្នុងសមុទ្រចិនខាងត្បូង គឺជាបញ្ហាមួយស្មុគស្មាញជាខ្លាំង ព្រោះដោយសារប្រទេសជាច្រើន បានទាមទារលើដែនទឹកត្រួតគ្នា។ តាមរយៈខ្សែបន្ទាត់រាងអណ្តាតគោ (Nine-Dash-Line) ទីក្រុងប៉េកាំង បានទាមទារស្ទើរតែទាំងអស់លើតំបន់ ដែលសម្បូរទៅដោយធនធានធម្មជាតិ ក្នុងសមុទ្រចិនខាងត្បូង៕
Tag:
ចិន
អាមេរិក
តៃវ៉ាន់
© រក្សាសិទ្ធិដោយ thmeythmey.com