កីឡាជាតិ
ជាតិ
សម្តេច ហ៊ុន សែន ផ្តាំ​ទៅ​កីឡាករ​៖ កុំ​ឲ្យ​ការចង់​ឈ្នះ​ក្លាយជា​ភាពអាម៉ាស់​របស់​ជាតិ​
18, Nov 2019 , 5:57 pm        
រូបភាព
ដោយ:
​នា​ពិធី​ជួប​សំណេះសំណាល​ជាមួយ​ថ្នាក់ដឹកនាំ ប្រតិភូ គ្រូបង្វឹក កីឡាករ​កីឡាការិនី​ចំនួន​៤៤៧​នាក់ នៅ​ថ្ងៃទី​១៨ វិច្ឆិកា ឆ្នាំ​២០១៩​នេះ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ផ្តាំ​ឲ្យ​កីឡាករ​កីឡាការិនី ដែល​ចូលរួម​ប្រកួត​កីឡា​ស៊ី​ហ្គេម​នៅ​ហ្វីលីពីន​ឆ្នាំនេះ ត្រូវ​តម្កល់​កិត្តិយស​ជាតិ​ជាធំ​។ សម្តេច បានផ្តល់​ថវិកា​លើកទឹកចិត្ត​ដល់​ប្រតិភូ​កីឡា​កម្ពុជា​ម្នាក់ៗ​៥០០​ដុល្លារ​ផងដែរ​។

 
​សម្រាប់​សម្តេចនាយករ​ដ្ឋ​មន្ត្រី ហ៊ុន សែន ការ​ចាញ់ឈ្នះ​វា​ជា​រឿង​ធម្មតា​ក្នុង​វិស័យ​កីឡា ដូច្នេះ​កីឡាករ​ម្នាក់ៗ​ត្រូវជៀ​ងវាង​ប្រព្រឹត្ត​អំពើ​ទាំងឡាយណា ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស​ជាតិ​។ «​ត្រូវ​ព្យាយាម​ធ្វើយ៉ាងណា​កុំ​ឲ្យ​ការចង់​ឈ្នះ​របស់​យើង​ក្លាយជា​ភាពអាម៉ាស់​របស់​ជាតិ ហើយ​យើង​ត្រូវ​ដឹងថា​ការចួលរួម​របស់​យើង​គឺ​តំណាង​ឲ្យ​ជាតិ​»​។ នេះ​ជាការ​ផ្តាំផ្ញើ​របស់​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដល់​កីឡាករ​កីឡាការិនី ដែល​ត្រៀម​ចូលរួម​ប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣០​នៅ​ហ្វី​លីន​ឆ្នាំនេះ​។ 
 
​ក្រៅពី​ជំរុញ​ឲ្យ​កីឡាករ​កីឡាការិនី​ខិតខំ​ប្រកួត​ឲ្យ​អស់ពី​សមត្ថភាព​ដើម្បី​ស្វែងរក​មេដាយ​ជូន​ជាតិ សម្តេច ជំរុញ​ឲ្យ​កីឡាករ​គោរព​បទបញ្ជា​ការប្រកួត និង​កុំ​ប្រើប្រាស់​សារធាតុ​លើក​កម្លាំង​។ ជាពិសេស គឺ​ត្រូវ​ទទួលបាន​យក​លទ្ធផល​តាម​ការសម្រេច​របស់​អាជ្ញាកណ្តាល​ចៅក្រម​ដោយ​គ្មាន​ការតវ៉ា និង​ធ្វើ​ចរិត​ក្រអឺតក្រទម​។   
 
​នៅក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​ថ្នាក់ដឹកនាំ ប្រតិភូ គ្រូបង្វឹក កីឡាករ​កីឡាការិនី​នៅ​វិមាន​សន្តិភាព​នៅ​ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០១៩ នេះដែរ សម្តេច ហ៊ុន សែន បានប្រកាស​ផ្តល់​ថវិកា​ម្នាក់ៗ​៥០០​ដុល្លារ ដល់​ប្រតិភូ​កីឡា​កម្ពុជា​ទាំង​៤៤៧​នាក់​។ ការជួប​សំណេះសំណាល​នេះ គឺ​ដើម្បី​លើកទឹកចិត្ត​កីឡាករ គ្រូបង្វឹក មុន​ចេញទៅ​ចូលរួម​ការប្រកួត​កីឡា​ស៊ី​ហ្គេម​នៅ​ហ្វីលីពីន​៕ 













Tag:
 SEA Games
  សម្តេច ហ៊ុន សែន
© រក្សាសិទ្ធិដោយ thmeythmey.com