ជាតិ
សហគមន៍ទេសចរណ៍២៣០០កន្លែង មានសកម្មភាពតែ១២៥កន្លែងប៉ុណ្ណោះ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍
× កម្ពុជាមានសហគមន៍ទេសចរណ៍ដល់ទៅ២៣០០កន្លែង ប៉ុន្តែបច្ចុប្បន្ន មានតែ១២៥កន្លែងប៉ុណ្ណោះដែលមានសកម្មភាពទេសចរណ៍។ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបញ្ជាក់យ៉ាងដូច្នេះ ក្នុងពិធីវេទិកាជាតិ អេកូទេសចរណ៍លើកទី១ ក្រោមអធិបតីភាពសម្តេចឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅរាជធានីភ្នំពេញ។
លោក ថោង ខុន បានថ្លែងថា ក្រសួងទេសចរណ៍ និងក្រុមការងារអន្តរក្រសួង ខិតខំរួមគ្នាដើម្បីឲ្យសហគមន៍ទេសចរណ៍ទាំង២៣០០កន្លែង មានសកម្មភាពទេសចរណ៍ដើម្បីបម្រើ និងផ្តល់ចំណូលដល់សហគមន៍។ បច្ចុប្បន្ន មានតែ១២៥កន្លែងប៉ុណ្ណោះដែលមានសកម្មភាព ហើយក្នុងនោះ៧៩កន្លែងស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងទេសចរណ៍ដោយផ្ទាល់។
ជាមួយគ្នានេះផងដែរ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានលើកឡើងពីបញ្ហាប្រឈមមួយចំនួន ទាក់ទងនឹងដំណើររបស់សហគមន៍ទេសចរណ៍ ក្នុងនោះមានការទទួលស្គាល់ផ្លូវច្បាប់នៅមានកម្រិត ផ្លូវថ្នល់ទៅកាន់តំបន់ទាំងនោះ មិនទាន់ល្អប្រសើរ និងការបម្រើឲ្យគោលដៅអេកូទេសចរណ៍ មិនទាន់បានពេញលេញ៕
© រក្សាសិទ្ធិដោយ thmeythmey.com